សង្គមអន្តរជាតិ
អន្តរជាតិ
អ្នកបើកយន្តហោះស្រវឹង បណ្តាលឲ្យលុបជើងហោះហើរ ពីអាម៉េរិកទៅជប៉ុន យន្តហោះ Boeing 787 របស់ក្រុមហ៊ុន Japan Airline ។ រូបភាព ៖ AFP
× អ្នកបើកយន្តហោះអាយុ ៤៩ឆ្នាំ បានផឹកស្រាជាមួយសមាជិកនាវិក នៅក្នុងបន្ទប់សណ្ឋាគារ និងបន្ទប់រង់ចាំ មុនពេលហោះហើរ។ ជើងហោះហើរបានលុបចោលភ្លាមៗ ក្រោយទទួលដំណឹងអ្នកបើកយន្តហោះស្រវឹងជ្រុល។
សារព័ត៌មាន USA Today បានរាយការណ៍នៅថ្ងៃទី២ ខែឧសភា ថា ក្រុមហ៊ុន Japan Airlines បានលុបចោលជើងហោះហើររបស់ខ្លួនពីទីក្រុង Dallas រដ្ឋតិចសាស់ សហអាម៉េរិក ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៣ ខែមេសា បន្ទាប់ពីអ្នកបើកយន្តហោះ បានផឹកច្រើនពេក មុនពេលហោះឡើង។
ព័ត៌មាននេះត្រូវបានបញ្ជាក់នៅលើវេបសាយ Flight Aware ដែលតាមដានផ្លូវហោះហើរ។ នាពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ត្រូវផ្ទេរអ្នកដំណើរ ១៥៧ នាក់ ទៅកាន់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក។
សារព័ត៌មាន Fort Worth Star Telegram បានរាយការណ៍ថា អ្នកបើកយន្តហោះអាយុ ៤៩ឆ្នាំរូបនេះ បានបង្កបញ្ហាដោយការផឹកស្រាជាមួយសមាជិកនាវិក នៅសណ្ឋាគារដែលពួកគេស្នាក់នៅ។
អ្នកបើកយន្តហោះ មិនស្គាល់អត្តសញ្ញាណរូបនេះ បានបន្តផឹកស្រានៅក្នុងបន្ទប់រង់ចាំ របស់សណ្ឋាគារទៀត ទោះបីជាមានការព្រមានជាច្រើនពីបុគ្គលិកក៏ដោយ។ លុះម៉ោង២ ទៀបភ្លឺ បុគ្គលិកសណ្ឋាគារបានហៅបូលិស បន្ទាប់ពីភ្ញៀវសណ្ឋាគារជាច្រើន ចាប់ផ្ដើមត្អូញត្អែរ។
បើតាមក្រុមហ៊ុន Mainichi Shimbun ទោះបីជាមិនបំពានលើការណែនាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ស្តីពីការផឹកស្រាក្នុងរយៈពេល ១២ម៉ោង មុនពេលឡើងយន្តហោះក៏ដោយ ក៏អ្នកបើកយន្តហោះ នៅតែត្រូវបានហាមឃាត់មិនឱ្យហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍បានសម្រេចចិត្តលុបចោលជើងហោះហើរនេះ ដោយសារតែត្រូវវាយតម្លៃសុខភាពផ្លូវកាយ និងស្មារតីរបស់អ្នកបើកយន្តហោះ។
កន្លងមក យ៉ាងហោចណាស់មានជើងហោះហើររាប់សិប ត្រូវបានលុបចោល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែសមាជិកនាវិក បំពានលើកម្រិតនៃគ្រឿងស្រវឹង។
ទោះបីជាវាមិនបានកើតឡើងជាញឹកញាប់ ប៉ុន្តែពេលខ្លះក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានកត់ត្រាករណីអ្នកបើកយន្តហោះ មកធ្វើការទាំងស្រវឹង ។ ទិន្នន័យពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិក (FAA) បង្ហាញថា មានតែអ្នកបើកយន្តហោះ ៩៩នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកបើកយន្តហោះជិត ១១៧ពាន់នាក់នៅក្នុងប្រទេសនេះ មានការបំពានគ្រឿងស្រវឹងពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៨៕
Tag:
យន្តហោះ
អាម៉េរិក
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com