ភ្នំពេញ៖ តម្លៃ«សណ្ដែកកួរ» នៅលើទីផ្សារកម្ពុជាសព្វថ្ងៃកំពុងឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានពីមុន។ ពោល សណ្តែកកួរ មានតម្លៃក្នុងរង្វង់៣ទៅ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ តម្លៃនេះ ត្រូវបានអ្នកដាំដុះ និងអាជីវករបន្លែ បានអះអាងថា បណ្ដាលមកពីអាកាសធាតុក្ដៅ ធ្វើឱ្យទិន្នផលដំណាំនេះ ធ្លាក់ចុះយ៉ាងគំហុក ខណៈតំបន់ខ្លះមិនអាចដាំដុះបានតែម្ដង។
បើតាមលោក ចាន់ ធី អ្នកបោះដុំបន្លែតាមភូមិ-ស្រុកម្នាក់ មកពីខេត្តកំពង់ស្ពឺ ក្នុងរយៈពេល២សប្ដាហ៍មកនេះ សណ្ដែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋមិនមានលទ្ធភាពទទួលទាន។ ការណ៍នេះ បង្ខំឱ្យលោកសម្រេចចិត្តឈប់យកមកសណ្តែកកួរពីកសិករមកលក់បន្ត។
អាជីវកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នាថ្ងៃទី១៣ឧសភាថា បច្ចុប្បន្ន សណ្ដែកកួរមានតម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ធៀបនឹងកន្លងមក បន្លែប្រភេទនេះឡើងថ្លៃខ្ពស់បំផុត ត្រឹម១៥ ០០០ ទៅ១៦ ០០០ រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ លោក ចាន់ ធី បាននិយាយដូច្នេះ«ខ្ញុំលក់បន្លែគ្រប់មុខ ប៉ុន្តែសណ្ដែកកួរមួយ គឺខ្ញុំលែងយកមកលក់ប្រហែលកន្លះខែមកហើយ ដោយសារវាកាន់តែថ្លៃទៅៗ។ សម្រាប់តម្លៃ៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាមនេះ អ្នកខ្លះមិនហ៊ានហូបទេ ហើយខ្ញុំក៏ពិបាកលក់ដែរ»។
អាជីវករម្នាក់ទៀត គឺលោក សយ សំអាត ក៏លើកឡើងមិនខុសពីលោក ចាន់ ធី ដែរ។ បើតាមលោក សយ សំអាត ដែលមកពីខេត្តកំពង់ស្ពឺរូបនេះ សណ្តែកកួរបានឡើងថ្លៃជាបន្តបន្ទាប់ចាប់តាំងពីចូលឆ្នាំខ្មែរមក។ មកទល់ពេលនេះ សណ្តែកកួរមានតម្លៃចន្លោះជាង២ ទៅ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាមសម្រាប់តម្លៃបោះដុំ។ ចំណែកតម្លៃលក់រាយវិញ បន្លែប្រភេទនេះអាចហក់ដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។
អាជីវកររូបនេះ សឹងមិនជឿថាសណ្ដែកកួរ ឡើងថ្លៃខ្ពស់បែបនេះ ដែលធ្វើឱ្យលោកពិបាកយកមកលក់ ហើយអ្នកបរិភោគក៏មិនមានលទ្ធភាពទទួលទាន។ ការឡើងថ្លៃនេះ លោក សំអាត អះអាងថា មកពីរដូវប្រាំងឆ្នាំនេះក្ដៅខ្លាំង នាំឱ្យកសិករដាំសណ្ដែកកួរមិនបានផល ហើយក្នុងបរិបទខ្វះខាតនេះ ឈ្មួញក៏ផ្ដើមដណ្ដើមគ្នាទិញ និងដាក់តម្លៃកាន់តែខ្ពស់។
«ឥឡូវខ្មែរយើងដាំសណ្ដែកកួរអត់សូវបាន។ អ៊ីចឹងបានឡើងថ្លៃ។ ខ្ញុំគ្រាន់តែដឹងថាវាឡើងថ្លៃ ខ្ញុំអត់យកមកលក់តែម្ដង ព្រោះខ្ញុំលក់តាមតម្រូវការអ្នកទិញ។ ដូច្នេះនៅពេលសណ្ដែកកួរឡើងថ្លៃបែបហ្នឹង មាននរណាទិញ អ៊ីចឹង! អាចធ្វើឱ្យខ្ញុំខាត»។ លោក សយ សំអាត បាននិយាយបែបនេះមកកាន់សារព័ត៌មានថ្មីៗ។
បច្ចុប្បន្ន សណ្ដែកកួរក្នុងចម្ការ មានតម្លៃប្រហែល២ម៉ឺនរៀល ក្នុងមួយគីឡូក្រាម ហើយឈ្មួញអាចលក់បន្តក្នុងរង្វង់៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ ការឡើងថ្លៃនេះ ត្រូវបានលោក តេន ទុំ ប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំ ចាត់ទុកវាជាតម្លៃមួយដ៏ខ្ពស់ ដែលមិនធ្លាប់ជួបពីមុនមក។ លោកបានបញ្ជាក់ថា កន្លងមក សណ្ដែកកួរដែលឈ្មួញមកទិញដល់ចម្ការ មានតម្លៃជាមធ្យម ២ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។
ទោះជាយ៉ាងណា លោកប្រធានសហគមន៍កសិកម្មបៃតងគោកស្រុក ខេត្តត្បូងឃ្មុំ ព្យាករថា ការឡើងថ្លៃសណ្តែកកួរនេះ គឺមិនមានស្ថិរភាពយូរប៉ុន្មានឡើយ។ លោក តេន ទុំ បាននិយាយដូច្នេះ៖ «ការឡើងថ្លៃនេះ មិនយូរនោះទេ។ ព្រោះធម្មតា តែកាលណាទីផ្សារក្នុងស្រុកអត់មាន យ៉ាងយូរពីរសប្ដាហ៍ ឈ្មួញនឹងនាំចូលពីបរទេសមកជំនួសហើយ។ ដូច្នេះ ប្រសិនបើ គេនាំចូលក្នុងមួយថ្ងៃ តែ១ ទៅ២ តោន វានឹងធ្វើឱ្យចុះថ្លៃវិញហើយ»។
កាលពីពេលថ្មីៗនេះ មានបុរសម្នាក់បញ្ចេញប្រតិកម្មលើបណ្ដាញសង្គមតិកតុក (TikTok) ដោយបាននិយាយថា សណ្ដែកកួរដែលនាំចូលពីប្រទេសជិតខាង មានតម្លៃរហូតដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រោម។ ផ្ទុយទៅវិញ សណ្ដែកកួរ ចេញពីចម្ការកសិករខ្មែរ លក់មិនបាន ៥០០រៀលផង ក្នុងមួយគីឡូក្រាម។
ជុំវិញករណីនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបកស្រាយថា សណ្ដែកកួរឡើងថ្លៃទាំងនោះ មិនមែនជាទំនិញនាំចូលនោះទេ តែជាសណ្ដែកកួររបស់កសិករខ្មែរ ដែលនៅសេសសល់តិចតួចពីការខូចខាត ដោយសារអាកាសធាតុក្ដៅ។ ការកើនឡើងកម្ដៅក្នុងឆ្នាំនេះ បានធ្វើឱ្យទិន្នផលសណ្ដែកកួរ របស់កសិករធ្លាក់ចុះពី ៨០ ទៅ៩០ភាគរយ ដែលជាហេតុធ្វើឱ្យដំណាំនេះមានតម្លៃកើនឡើង។
អ្នកនាំពាក្យរូបនេះ ពន្យល់បែបនេះថា៖ «គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារគឺដូច្នេះឯង តែបរិមាណផ្គត់ផ្គង់ថយចុះភ្លាមៗយ៉ាងគំហុកបែបនេះ ប្រាកដជារុញឱ្យថ្លៃកើនឡើងហើយ។ តែក៏នៅមិនយូរដែរ! តែថ្លៃល្អបែបនេះ ប្រាកដជាមានអ្នកសម្រុកនាំចូលពីក្រៅ និងអ្នកសម្រុកដាំ ហើយវានឹងទាញថ្លៃឱ្យថយចុះវិញមិនខាន។ អ្នកហូបទៀតសោត ក៏ប្រហែលនឹងប្តូរទៅហូបអីផ្សេងដែរ ព្រោះមិនមែនមានន័យថា យើងអត់ហូបសណ្តែកកួរ មិនបានឯណា»។
លោក ឃឹម ហ្វីណង់ ចាត់ទុកថាការផ្សព្វផ្សាយនេះ គឺជាការបំផុសបំផុល ដែលនាំឱ្យមានការយល់ច្រលំដល់សាធារណជន និងធ្វើឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថានឹងបានថ្លៃ ដែលជាមូលហេតុនាំឱ្យពួកគេខាត។ លោក រៀបរាប់ដូច្នេះថា៖ «មិនច្បាស់ថាមាតិការរបស់បុរសម្នាក់នេះ ជាយល់ច្រលំ ឬចង់បំពុលទេ។ តែការលើកឡើងបែបនេះ ពិតជាធ្វើឱ្យមានការយល់ច្រលំដល់សាធារណជន។ ស្រួលមិនស្រួល នាំឱ្យកសិករផ្អើលនាំគ្នាដាំសណ្តែកកួរ ដោយរំពឹងថា នឹងបានថ្លៃ ហើយនាំឱ្យពួកគាត់ខាតទៀតផង»៕