រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពីថ្ងៃទី១៣-១៦មេសា មានអ្នកទេសចរ និងដើរលេងកម្សាន្តនៅទូទាំងប្រទេសចំនួន២១លាននាក់ ក្នុងនោះមានភ្ញៀវបរទេសប្រមាណ១១ម៉ឺននាក់។ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា ២១លាននាក់ គឺគេរាប់ចំនួនដង មិនមែនចំនួនមនុស្ស២១លានផ្សេងគ្នាទេ។ មានន័យថា មនុស្សដដែលបានធ្វើដំណើរកម្សាន្តច្រើនដង វិលជុំចុះឡើងៗចេញពីគោលដៅមួយទៅគោលដៅមួយក្នុងរយៈពេល៤ថ្ងៃហ្នឹង។
បើតាមលោក តុប សុភ័ក បានជាមានការរាប់បញ្ចូលនូវចំនួនបែបនេះ ក៏ព្រោះតែរាល់ការធ្វើដំណើររបស់អ្នកដើរកម្សាន្ត ត្រូវការចំណាយប្រាក់ទៅលើមធ្យាបាយធ្វើដំណើរ ដូចជាថ្លៃសាំងឡាន ម៉ូតូ ថ្លៃហូបចុក និងថ្លៃស្នាក់នៅ(សម្រាប់ទេសចរ)...ជាដើម។ លោក បានពន្យល់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា អ្នកទេសចរ សំដៅទៅលើអ្នកធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ណាមួយ ហើយស្នាក់នៅចាប់ពី១យប់ឡើងទៅ។ រីឯ អ្នកធ្វើដំណើរវិលល្ងាច(ចេញពីផ្ទះព្រឹក ចូលផ្ទះវិញល្ងាច ឬយប់) គឺជាអ្នកធ្វើដំណើរកម្សាន្ត (Visitor)។
អ្នកនាំពាក្យក្រសួងទេសចរណ៍រូបនេះបន្តរៀបរាប់ដោយលើឧទាហរណ៍មកបង្ហាញថា៖ « មនុស្ស២នាក់ដើរលេងចេញពីខេត្តមួយទៅខេត្តមួយទៀត អ៊ីចឹងបើពួកគាត់ទៅ៥ខេត្តហើយនឹងស្នាក់នៅ៥យប់ នោះ២នាក់ហ្នឹងឡើងដល់១០នាក់! ព្រោះពួកគាត់ទៅ គាត់ចាយវាយលើថ្លៃស្នាក់នៅ ហូបចុក...។ គឺយើងគិតអ៊ីចឹង! គិតលើចំនួនដង!»។
លោកបានបន្ថែមថា មូលដ្ឋាននៃការគិតចំនួនភ្ញៀវទេសចរ និងអ្នកដើរលេងកម្សាន្ត គឺមាន៣ប្រភពផ្សេងគ្នា ដែលក្រសួងទេសចរណ៍អាចវាយតម្លៃលើអ្នកដែលបានដើរលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីក្នុងរយៈពេល៤ថ្ងៃមកនេះ។ ក្នុងនោះ ប្រភពទីមួយ គឺក្រសួងទេសចរណ៍ បានស្ថិតិអ្នកស្នាក់នៅពីម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់, ប្រភពទីពីរ បានស្ថិតិពីអ្នកគ្រប់គ្រងរមណីយដ្ឋាន ឬកន្លែងកម្សាន្តនានា។
សម្រាប់ប្រភពទីបី គឺជាការប៉ាន់ស្មាន ឬប៉ាន់ប្រមាណនៃកម្មវិធីសប្បាយនីមួយៗ។ បើតាម លោក សុភ័ក ការប៉ាន់ស្មាននូវចំនួនអ្នកចូលរួមលេងកម្សាន្ត គឺផ្អែកការរៀបចំកម្មវិធីកម្សាន្តនានា ដូចជា ការប្រគំតន្រ្តី ឬកម្មវិធីជួបជុំសប្បាយណាមួយ ដែលគេគិតលើផ្ទៃក្រឡាកន្លែងកម្សាន្តនោះ ដោយក្នុង១ម៉ែត្រការ៉េ អាចមានមនុស្ស៣ទៅ៤នាក់ឈរបានទៅតាមស្ថានភាពជាក់ស្តែង នៃចំនួនមនុស្សបានមកប្រមូលផ្តុំកន្លែងកម្សាន្តនោះ។
« ដូច្នេះជារួម! តួលេខអ្នកដើរលេងកម្សាន្ត២១លាននាក់ហ្នឹង គឺជាតួលេខដែលយើងប៉ាន់ប្រមាណដោយយើងរាប់បញ្ជូលទាំងអ្នកទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរលេងកម្សាន្ត»។ នេះជាការបញ្ជាក់របស់លោក តុប សុភ័ក។
គួរជម្រាបថា រយៈពេល៤ថ្ងៃនៃការឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរមកនេះ ខេត្តកំពង់ចាម មានចំនួនអ្នកដើរលេងកម្សាន្តច្រើនជាងគេ រហូតដល់ប្រមាណ៥,៣លាននាក់។ លំដាប់លេខ២ ខេត្តព្រៃវែងមានអ្នកដើរលេងកម្សាន្ត២,២លាននាក់, លេខ៣ ខេត្តកំពង់ស្ពឺ ដើរលេងកម្សាន្ត ២,១លាននាក់, លេខ៤ ខេត្តបាត់ដំបង ដើរលេងកម្សាន្ត ១,៧លាននាក់, លេខ៥ ខេត្តកំពត មានទេសចរជាង១,៤លាននាក់ និងរាជធានីភ្នំពេញលេខ៦ មានជាង ១,៣លានាក់ ខណៈខេត្តសៀមរាប មានទេសចរបានដើរលេងកម្សាន្តក្នុងពិធីបុណ្យប្រពៃណីនេះចំនួន១,២លាននាក់៕