កីឡាអន្តរជាតិ
អន្តរជាតិ
Leverkusen ឡើងវគ្គ១/២ Europa ជាមួយកំណត់ត្រាមិនចាញ់ ឯ Liverpool ហាលអាវ
19, Apr 2024 , 10:49 am        
រូបភាព
Bayer Leverkusen, Atalanta, AS Roma និង Marseille ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League។ Leverkusen នៅតែបង្ហាញភាពលេចធ្លោ ក្នុងនាមក្រុមប្រកួតមិនចាញ់សោះទាំង៤៤ប្រកួត រដូវកាល ២០២៣-២៤នេះ។ វគ្គ៤ក្រុមចុងក្រោយ Marseille ជួប Atalanta និង Roma ប៉ះ Leverkusen។



ស្មើ West Ham United ១-១ នៅជើងទី២ តែសរុបទាំងពីរជើង Leverkusen  ឈ្នះក្រុមអង់គ្លេស ៣-១ នៅវគ្គ៨ក្រុមចុងក្រោយ ដែលលទ្ធផលនេះគ្រប់គ្រាន់ដើម្បីនាំក្រុមអាល្លឺម៉ង់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌទីពីរអឺរ៉ុប។ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Xabi Alonso ក្រុម Leverkusen ដែលទើបគ្រងជើងឯក Bundesliga លើកដំបូងក្នុងប្រវត្តិសាស្ត្រ មិនទាន់ស្គាល់ពាក្យចាញ់ឡើយពីគ្រប់ការប្រកួតទាំងអស់។
 
Atalanta ទម្លាក់ Liverpool ត្រឹមវគ្គ៨ក្រុម ទោះជើងទី២ ចាញ់ ១-០ ក្តី។ កាលពីជើងទី១ នៅទឹកដីអង់គ្លេស ក្រុមអ៊ីតាលី បានយកឈ្នះហង្សក្រហម ៣-០។ សរុបទាំងពីរជើង Atalanta ឈ្នះ Liverpool ៣-១។
 
AS Roma បានទម្លាក់ក្រុមពីអ៊ីតាលីដូចគ្នា AC Milan ក្នុងលទ្ធផលទាំងពីរជើង ៣-១។ ជើងទី១ Roma ឈ្នះ ១-០ និងជើងទី២ បន្តឈ្នះ ២-១។
 
Marseille បានយកឈ្នះ Benfica ដោយបាល់កាត់ក្តីប៉េណាល់ទី ៤-២ ក្រោយប្រកួតស្មើទាំងពីរជើង ២-២។ កាលពីជើងទី១ Benfica ឈ្នះ Marseille ២-១ និងជើងទី២នៅទឹកដីបារាំង Marseille ឈ្នះ ១-០ វិញ។
 
៤ក្រុម ឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League មាន២ក្រុមមកពីលីគកំពូលអ៊ីតាលី Roma និង Atalanta អាល្លឺម៉ង់ Leverkusen និងបារាំង Marseille។ វគ្គ៤ក្រុមចុងក្រោយ Marseille ជួប Atalanta និង Roma ប៉ះ Leverkusen៕

Tag:
 Europa League
© រក្សាសិទ្ធិដោយ thmeythmey.com