កីឡាអន្តរជាតិ
អន្តរជាតិ
ជប៉ុន និងអ៊ូសបេគីស្ថាន កក់កៅអីអូឡាំពិក​ ខណៈឥណ្ឌូណេស៊ី​ និងអុីរ៉ាក់ សល់ឱកាស២លើក
30, Apr 2024 , 11:59 am        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២៣ឆ្នាំ អ៊ូសបេគីស្ថាន និង ជប៉ុន ឡើងទៅជួបគ្នាវគ្គផ្តាច់ព្រ័ត្រ U-23 Asian Cup ក្រោយទម្លាក់ ឥណ្ឌូណេស៊ី និង អ៊ីរ៉ាក់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឡើងវគ្គផ្តាច់ព្រ័ត្រ មានន័យថាអ៊ូសបេគីស្ថាន និង ជប៉ុន ទទួលបានកៅអីស្វ័យប្រវត្តិទៅអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ឆ្នាំ២០២៤ ស្របពេល ឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ ត្រូវប្រជែងគ្នាដណ្តើមលេខ៣ ដើម្បីទទួលបាន១កៅអីទៀត។



អ៊ូសបេគីស្ថាន បានយកឈ្នះឥណ្ឌូណេស៊ី ២-០ ក្នុងការប្រកួត Asian Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី២៩ ខែមេសា ស្របពេល ជប៉ុន ទម្លាក់ អ៊ីរ៉ាក់ ដោយលទ្ធផល ២-០ ដូចគ្នា។
 
ជំនួបវគ្គផ្តាច់ព្រ័ត្រ Asian Cup រវាងអ៊ូសបេគីស្ថាន និងជប៉ុន នឹងធ្វើឡើង នៅថ្ងៃទី៣ ខែមេសា បន្ទាប់ពីជំនួបដណ្តើមលេខ៣ រវាងឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ នៅថ្ងៃទី២ ខែមេសា។
  


តាមច្បាប់អូឡាំពិក ក្រុមពីតំបន់អាស៊ីទទួលបានកូតា ៣កៅអីកន្លះ ទៅកាន់អូឡាំពិក ដោយសម្រេចតាមរយៈការប្រកួត Asian Cup តែម្តង។ ក្នុងនោះក្រុមចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ ពីព្រឹត្តិការណ៍ Asian Cup នឹងត្រូវជាប់ទៅក្រុងប៉ារីស ខណៈក្រុមលេខ៤ នឹងត្រូវបន្តប្រកួតជម្រុះ Playoff អន្តរទ្វីប ទល់នឹងក្រុមពីតំបន់អាហ្រ្វិក ដើម្បីបាន១កៅអីទៀត។
 
តាមលក្ខខណ្ឌខាងលើ អ៊ូសបេគីស្ថាន និង ជប៉ុន ទទួលបានសំបុត្រទៅប្រទេសបារាំង ខណៈ ឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ ត្រូវប្រជែងគ្នាដណ្តើមយកលេខ៣ ដើម្បីទទួលបាន១កៅអីទៀត។



ចំណោម ឥណ្ឌូណេស៊ី និងអ៊ីរ៉ាក់ បើក្រុមណាទទួលចំណាត់ថ្នាក់លេខ៤ ពី Asian Cup នេះ ក៏នៅសល់ឱកាសមួយលើកទៀត ក្នុងការប្រកួតជម្រុះ Playoff អន្តរទ្វីប ទល់ក្រុមហ្គីណេ ពីតំបន់អាហ្រ្វិក នៅខែឧសភា ដើម្បីបង្គ្រប់មួយកៅអី ទៅប៉ារីស ឆ្នាំ២០២៤។
 
តើក្រុមពីអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី អាចស្វែងរកឱកាសទៅកាន់អូឡាំពិកជាលើកទី២ ក្រោយខកខាន ៦៨ឆ្នាំ បានដែលឬទេលើវិញ្ញាសាកីឡាបាល់ទាត់នេះ។ ក្រុមបាល់ទាត់ឥណ្ឌូណេស៊ី ធ្លាប់បង្ហាញមុខអូឡាំពិករដូវក្តៅលើកដំបូង នៅឆ្នាំ ១៩៥៦ ដែលរៀបចំនៅក្រុងម៊ែលបន ប្រទេសអូស្ត្រាលី។
 
វិញ្ញាសាបាល់ទាត់បុរស ដែលមាន១៦ក្រុម គេបានរកឃើញ១៤ក្រុមហើយ ក្នុងនោះមានម្ចាស់ផ្ទះបារាំង អាម៉េរិក សាធារណរដ្ឋដូមីនីក អេស្ប៉ាញ អ៊ីស្រាអែល អ៊ុយក្រែន ម៉ារ៉ុក អេហ្ស៊ីប ម៉ាលី នូវែលសេឡង់ ប៉ារ៉ាហ្គាយ អាហ្សង់ទីន អ៊ូសបេគីស្ថាន និង ជប៉ុន។ ឥណ្ឌូណេស៊ី អ៊ីរ៉ាក់ និងហ្គីណេ ត្រូវដណ្តើមគ្នាយក២កៅអីដែលនៅសល់៕

Tag:
 Asian Cup
  អូឡាំពិកប៉ារីស
© រក្សាសិទ្ធិដោយ thmeythmey.com