កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ២០ឆ្នាំនៃការជួបគ្នា១២លើក Real ឈ្នះ Bayern ៨ និងស្មើ២លើក
30, Apr 2024 , 4:45 pm        
រូបភាព
Bayern Munich នឹងបើកទ្វាកីឡដ្ឋាន Allianz Arena ទទួល Real Madrid ក្នុងជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League នៅរាត្រីថ្ងៃទី៣០ ខែមេសា វេលាម៉ោង ២ អាធ្រាត្រ។ ជួបគ្នា១២លើកចុងក្រោយ គិតចាប់ពីឆ្នាំ ២០០៤មក Bayern ធ្លាប់ឈ្នះ Real ២លើកគត់ ក្រៅពីនោះចាញ់៨លើក និងស្មើ២លើក។



ជួបគ្នាលើកចុងក្រោយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងរដូវកាល ២០១៧-១៨ Real Madrid បានទម្លាក់ Bayern Munich ដោយលទ្ធផលជើងទីមួយនៅទឹកដីអាល្លឺម៉ង់ ២-២ និងជើងទីពីរនៅអេស្ប៉ាញ ឈ្នះ ២-១។
 
កាលពី២០ឆ្នាំមុន ពោលគឺនៅរដូវកាល២០០៣-០៤ ក្រុមអធិរាជស ក៏បានទម្លាក់ក្រុមយក្សអាល្លឺម៉ង់ នៅវគ្គ១៦ក្រុម ក្នុងលទ្ធផលទាំងពីរជើង ២-១ (១-១ និង ១-០)។ នៅរដូវកាល ២០០៦-០៧ ក្រុមទាំងពីរប៉ះនៅវគ្គ១៦ក្រុមចុងក្រោយម្តងទៀត ដោយ Bayern Munich ទម្លាក់ Real Madrid ក្នុងលទ្ធផលទាំងពីរជើង ៤-៤ (ជើងទី១ Real ឈ្នះ ៣-២ និងជើងទី២ Bayern ឈ្នះ ២-១ ដោយមានប្រៀបគ្រាប់ចំណេញក្រៅដី)។
 
នៅរដូវកាល ២០១១-១២ Bayern អាចទម្លាក់ Real ម្តងទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយបាល់កាត់ក្តី១១ម៉ែត្រ បន្ទាប់ពីឈ្នះម្នាក់មួយជើងក្នុងលទ្ធផល ២-១ ដូចគ្នា។
 
ជួបគ្នា៤ប្រកួតបន្តបន្ទាប់ទៀត ក្នុងនោះនៅរដូវកាល ២០១៣-១៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គ៨ក្រុមចុងក្រោយ រដូវកាល ២០១៦-១៧ ក្រុមយក្សអេស្ប៉ាញ ទម្លាក់ក្រុមអាល្លឺម៉ង់ ជាមួយជ័យជម្នះទាំង៤លើក។
 
សរុបមក ប្រវត្តិជួបគ្នា៦រដូវកាលក្នុងរយៈពេល២០ ស្មើនឹង១២ប្រកួត Real Madrid ឆ្លងផុតទៅវគ្គបន្ត៤លើក ស្របពេល Bayern Munich ឆ្លងផុត២លើក។ ចំណោម១២ប្រកួត ក្រុមរហ្សនាមអធិរាជស ឈ្នះច្រើនជាងចំនួន៨លើក ចាញ់២លើក និងស្មើ២លើក។
 
នៅរដូវកាល ២០២៣-២៤ តើ​ Real Madrid ឬ Bayern Munich អាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្របខណ្ឌកំពូលអឺរ៉ុប?
 
នៅរដូវកាលនេះ Real Madrid មានភាគរយខ្ពស់ក្នុងការឈ្នះជើងឯកលីគកំពូលអេស្ប៉ាញ La Liga ស្របពេល Bayern Munich របូតពានក្នុងស្រុកអស់ហើយ ដោយនៅសល់តែ Champions League នេះមួយប៉ុណ្ណោះ៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com