អន្តរជាតិ
តំបន់ចំនួន៤ ធ្លាប់រងរលកកម្តៅ ដែលបង្កឱ្យមនុស្សស្លាប់ជាច្រើន
30, Apr 2024 , 5:09 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
បណ្តាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងកម្ពុជា កំពុងប្រឈមនឹងកម្តៅដ៏ក្តៅ ដោយសីតុណ្ហភាព បានកើនដល់ចន្លោះពី៤០អង្សា ដល់៤៥អង្សា។ បរិយាកាសបែបនេះ អាចបង្កគ្រោះថ្នាក់ដល់មនុស្សវ័យចំណាស់ និងប្រជាជនមានជំងឺប្រចាំកាយ។ សារព័ត៌មានឌីជីថលថ្មីៗ នៅថ្ងៃទី៣០ ខែមេសា នឹងលើកយកតំបន់ចំនួន៤ ដែលធ្លាប់រងរលកកម្តៅ ដែលបង្កឱ្យមនុស្សជាច្រើនពាន់នាក់ បានស្លាប់បាត់បង់ជីវិត នៅពេលកន្លងមក។

 
១. រលកកម្តៅនៅតំបន់អឺរ៉ុប 
 
នៅក្នុងឆ្នាំ២០០៣ តំបន់អឺរ៉ុប បានប្រឈមនឹងរលកកម្តៅដ៏អាក្រក់មួយ ដែលកាលនោះមនុស្សប្រមាណ ៧ម៉ឺននាក់ បានបាត់បង់ជីវិត ពាក់ព័ន្ធនឹងកម្តៅ។ សីតុណ្ហភាពនៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានហក់ដល់ ៤៦អង្សា។ បារាំងជាប្រទេសរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាជនស្លាប់ចំនួន ១៤០០០នាក់។ ចំណែកព័រទុយហ្កាល់ មានអ្នកបាត់បង់ជីវិតចំនួន ២០៣៩នាក់ និងហូឡង់មានចំនួន ១៥០០នាក់។ 
 
នៅក្នុងរដូវក្តៅក្នុងឆ្នាំ២០២២ អឺរ៉ុបបានរងរលកកម្តៅជាថ្មីម្តងទៀត នៅចន្លោះខែឧសភា ដល់ខែកញ្ញា ដោយប្រជាជនចំនួន ៦១៦៧២នាក់ បានស្លាប់ពាក់ព័ន្ធនឹងកម្តៅ។ ប្រទេសដែលមានអត្រាអ្នកស្លាប់ច្រើនជាងគេគឺ អ៊ីតាលី, ក្រិក, អេស្ប៉ាញ និងព័រទុយហ្កាល់។ 
 
២. រលកកម្តៅនៅរុស្ស៊ីក្នុងឆ្នាំ២០១០
 
នៅក្នុងឆ្នាំ២០១០ រុស្ស៊ី បានជួបរលកកម្តៅរហូតដល់សីតុណ្ហភាព ៤០អង្សា ដែលបានធ្វើឱ្យផលិតកម្មកសិកម្មធ្លាក់ចុះប្រមាណ ២៥ភាគរយ។ ចំណែកទំហំនៃការខាតបង់សេដ្ឋកិច្ចមានចំនួន ១៥ពាន់លានដុល្លារ។ ទន្ទឹមនេះ មនុស្សប្រមាណ ៥៥០០០នាក់​ បានស្លាប់បាត់បង់ជីវិត។ 
 
ដើម្បីបង្ការហានិភ័យចំពោះប្រជាជន អាជ្ញាធររុស្ស៊ី បានជូនដំណឹងពីសញ្ញាអាសន្នទៅកាន់ប្រជាជន និងចាត់វិធានការមួយចំនួនដូចជាផ្តល់ទឹកស្អាត និងម្លប់ សម្រាប់ការពារសុខភាពប្រជាជន។ 
 
៣. រលកកម្តៅនៅឥណ្ឌាក្នុងឆ្នាំ២០១៥
 
មិនត្រឹមតែនៅតំបន់អឺរ៉ុបឡើយ ធ្លាប់ជួបរលកកម្តៅដ៏ក្តៅ និងបានបង្កឱ្យមនុស្សស្លាប់ជាច្រើនពាន់នាក់។ នៅក្នុងឆ្នាំ២០១៥ ឥណ្ឌា មានរលកកម្តៅដ៏អាក្រក់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលបង្កឱ្យមនុស្សប្រមាណ ២៥០០នាក់ បានបាត់បង់ជីវិត។
 
នៅក្នុងចុងខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរឥណ្ឌា បានប្រកាសថា សីតុណ្ហភាពនៅតំបន់ខ្លះ មានរហូតដល់ ៤៥អង្សា ហើយតំបន់ខ្លះមានដល់ ៤៧អង្សាឯណោះ។ ទាក់ទិននឹងបញ្ហាកម្តៅខាងលើ អាជ្ញាធរឥណ្ឌា បានរៀបចំមន្ទីរពេទ្យ ដែលទុកសម្រាប់ផ្តល់ផ្នែកវេជ្ជសាស្រ្តដល់ជនរងគ្រោះ រួមទាំងអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ។
 
៤. រលកកម្តៅនៅប៉ាគីស្ថាន ក្នុងឆ្នាំ២០១៥
 
ក្នុងឆ្នាំ២០១៥ ដែលឥណ្ឌាបានរងគ្រោះ ព្រោះរលកកម្តៅ ប៉ាគីស្ថាន ដែលជាប្រទេសជិតខាង ក៏គេចមិនផុតដែរ។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៥ ប៉ាគីស្ថាន មានចំនួនមនុស្សស្លាប់យ៉ាងហោចណាស់ ១២០០នាក់ ដោយភាគច្រើនមាននៅក្នុងតំបន់ Karachi។ ជនរងគ្រោះភាគច្រើន ជាអ្នករស់នៅតាមដងផ្លូវ មនុស្សចាស់ និងអ្នកមានជំងឺ។ សីតុណ្ហភាពនៅតំបន់មួយចំនួនរបស់ប៉ាគីស្ថាន មានចន្លោះពី៤០អង្សា ទៅ៤៥អង្សា៕

Tag:
 រលកកម្តៅ
© រក្សាសិទ្ធិដោយ thmeythmey.com