សង្គមអន្តរជាតិ​
អន្តរជាតិ
ឥណ្ឌូណេស៊ីបិទអាកាសយានដ្ឋានចំនួន៣ ក្រោយភ្នំភ្លើងផ្ទុះ
30, Apr 2024 , 6:19 pm        
រូបភាព
តំបន់ផ្ទុះភ្នំភ្លើងផ្ទុះ Ruang ។ រូបភាព ៖ AFP
តំបន់ផ្ទុះភ្នំភ្លើងផ្ទុះ Ruang ។ រូបភាព ៖ AFP
ភ្នំភ្លើង Ruang បានផ្ទុះឡើងនៅកោះ Sulawesi ភាគខាងជើងប្រទេស ដោយបញ្ចេញផេះកម្ពស់ជាច្រើនគីឡូម៉ែត្រ បង្ខំឱ្យមន្ត្រីឥណ្ឌូណេស៊ីជម្លៀសប្រជាជន និងបិទអាកាសយានដ្ឋានក្បែរនោះចំនួន៣។

 
មជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូមិសាស្ត្រជាតិឥណ្ឌូណេសស៊ី (PVMBG) បាននិយាយថា ភ្នំភ្លើង Ruang នៅកោះ Sulawesi ខាងជើងប្រទេសបានផ្ទុះនៅម៉ោងប្រហែល ១:១៥នាទីព្រឹក (ម៉ោងក្នុងតំបន់) និង២ដងទៀតនាព្រឹកថ្ងៃទី៣០ ខែមេសា។ ភ្នំភ្លើង​នេះ​បាន​បញ្ចេញ​ផេះ​កម្ពស់​ជាង​៥​គីឡូម៉ែត្រ​ទៅលើ​មេឃ​។
 
អាជ្ញាធរព្រមានថា ការគំរាមកំហែងពីភ្នំភ្លើងមិនទាន់ចប់ទេ បន្ទាប់ពីវាបានផ្ទុះជាច្រើនដងក្នុងខែនេះ ដោយបង្ខំឱ្យមនុស្សជាង ៦០០០នាក់ត្រូវជម្លៀសចេញ។
 
អាកាសយានដ្ឋានអន្តរជាតិ Sam Ratulangi និងអាកាសយានដ្ឋានក្នុងស្រុក២ទៀតគឺ Djalaluddin និង Naha ក្នុងទីក្រុង Manado ភាគខាងជើងកោះ Sulawesi បានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្នដោយសារឥទ្ធិពលនៃផេះភ្នំភ្លើង។ នេះបើតាមសារព័ត៌មាន Xinhua។
 
ទីតាំងភ្នំភ្លើង Ruang ឥណ្ឌូណេស៊ី។ ក្រាហ្វិក ៖ NBC

អាជ្ញាធរ PVMBG បានព្រមានប្រជាជននៅលើកោះ Tagulandang ដែលនៅជិតបំផុតជាមួយភ្នំភ្លើង Ruang អំពីលទ្ធភាពនៃរលកយក្សស៊ូណាមិដែលបណ្តាលមកពីវត្ថុធាតុភ្នំភ្លើងធ្លាក់ចូលទៅក្នុងមហាសមុទ្រ។ 
 
នៅឆ្នាំ២០១៨ ភ្នំភ្លើង Anak Krakatoa ដែលស្ថិតនៅចន្លោះកោះជ្វា និងកោះស៊ូម៉ាត្រា បានដួលរលំមួយផ្នែកបន្ទាប់ពីការផ្ទុះដ៏ធំមួយ ដែលបណ្តាលឱ្យផ្ទាំងភ្នំភ្លើងយក្សនេះរអិលចូលទៅក្នុងមហាសមុទ្រ និងបណ្តាលឱ្យមានរលកយក្សស៊ូណាមិ។ មនុស្ស​ជាង ៤០០​នាក់​បាន​ស្លាប់ និង​រាប់​ពាន់​នាក់​បាន​រង​របួស។
 
ឥណ្ឌូណេស៊ីបានជួបប្រទះនឹងការរញ្ជួយដី និងសកម្មភាពភ្នំភ្លើងជាប្រចាំដោយសារទីតាំងប្រទេសនេះនៅលើមហាសមុទ្រប៉ាស៊ីហ្វិកដែលហៅថា Ring of Fire ជាខ្សែក្រវាត់នៃការផ្ទុះភ្នំភ្លើង និងជញ្ជួយដីលាតសន្ធឹងពីជប៉ុនឆ្លងកាត់អាស៊ីអាគ្នេយ៍រហូតដល់អាងប៉ាស៊ីហ្វិកទាំងមូល៕

Tag:
 ឥណ្ឌូណេស៊ី
  ភ្នំភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com