ជាតិ
សង្គមជាតិ
បម្រែបម្រួលអាកាសធាតុ ទិន្នផល​ត្រីធ្លាក់ចុះ ធ្វើឱ្យរបរនេសាទនៅស្ទឹងត្រែងពិបាក​រក​អ្នក​បន្តវេន
06, May 2024 , 8:00 am        
រូបភាព
ដោយ៖ ផាត ដាណេ និង រិន ឧស្សាហ៍

ស្ទឹងត្រែង៖ ភ្លៀងធ្លាក់មិនទៀងទាត់ ខ្សត់ទឹកភ្លៀង គ្រោះរាំងស្ងួត និង​កត្តាផ្សេងៗ​ដោយសារ​បម្រែ បម្រួល​អាកាសធាតុ បាន​​ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យ​ជលផល ទាំងធនធាន​មច្ឆា និង​ដែន​ជម្រក​។ ស្របពេល​ដែល​ទិន្នផល​ត្រីធ្លាក់​ចុះ ពលរដ្ឋ​ដែល​ប្រក​ប​របរនេសាទ ក៏​កាន់តែជួប​ស្ថានភាព​លំបាក​ប្រចាំ​ថ្ងៃផងដែរ។

 
អស់រយៈពេល​ជាង​៤០​ឆ្នាំហើយ​ដែល​លោក ផាយ ហ៊ួក ចិញ្ចឹម​ជីវិត​ជាមួយនឹង​របរនេសាទ​បន្តពី ឪពុក ម្តាយ។ ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង អ្នក​នេសាទ​វ័យ​៦៦​ឆ្នាំ​រូបនេះ ត្អូញត្អែ​រថា រដូវប្រាំង​កាន់តែក្តៅ ភ្លៀងធ្លាក់​មិនទៀងទាត់នារដូវវស្សា បាន​ធ្វើឱ្យ​ការនេសាទ​របស់ខ្លួន​ស្ទើរតែ​មិន​អាចគ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់ជីវភាពគ្រួសារ។
 
រកត្រីលែងបាន ខាតបង់ចំណូលច្រើន។ ទាំងនេះជាហេតុ​ដែល​ធ្វើឱ្យ​លោក​មិន​ចង់ឱ្យ​កូន​ដើរតាមលំអាន​ខ្លួន។  លោក ផាយ ហ៊ួក រម្លឹកថា៖«ពីមុនមួយថ្ងៃ ខ្ញុំអាចរកចំណូលបានពី​៣ម៉ឺន ទៅ៥ម៉ឺនរៀល​ពីការ នេសាទ។ តែឥឡូវរកមិនបានទេ ថ្ងៃខ្លះក៏មិនបានសោះតែម្ដង»។
 
លោក ផាយ ហ៊ួក អ្នកនេសាទក្នុងសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង

ជួបបទពិសោធន៍​ដែលលោក​បាន​ហែល​ឆ្លងកាត់ ទើប​អ្នក​នេសាទ​រូបនេះ ប្រឹងជំរុញឱ្យកូនៗទាំង៣នាក់ របស់ខ្លួនបន្តការសិក្សាដើម្បីមានលទ្ធភាពធ្វើការងារ និង​របរ​ផ្សេង ដោយ​បច្ចុប្បន្នកូនរបស់លោក មាន ម្នាក់ជាគ្រូបង្រៀន ម្នាក់ជាកសិករ និងម្នាក់ទៀតជាកម្មករស្វាយចន្ទី។
 
បើតាម លោក ស្រី សំវិចិត្រ នាយ​ខណ្ឌ​​ជលផល​ខេត្ត​ស្ទឹងត្រែង ការនេសាទថយចុះនារយៈពេលបួន​ប្រាំ ឆ្នាំចុងក្រោយនេះ ដោយ​សារ​កត្តា​គួបផ្សំនានា រួមទាំងការអភិវឌ្ឍន៍ផងដែរ។ លោក​អះអាងថា កន្លងមកខេត្តស្ទឹងត្រែង មានអ្នកនេសាទច្រើន ទាំងពលរដ្ឋក្នុងខេត្ត និងចំណាកស្រុកមកពីខេត្តផ្សេងៗ ដែល​មកនេសាទនៅទីនោះ​។ 
 
រូបភាព៖ ឈន​ សុផាត

បញ្ហាចម្រុះសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង អាចធ្វើដំណើរចូល បានដោយ ទូក ប៉ុណ្ណោះ។ លោក សាប់ ឧត្តម​ ប្រធានសហគមន៍នេសាទកោះស្នែង បានបញ្ជាក់ថា សហគមន៍នេះ ត្រូវ បានបង្កើតឡើងក្នុងឆ្នាំ២០០២ មានពលរដ្ឋចំនួន១១៣៩នាក់ ស្មើនឹង២៧០គ្រួសារ ហើយ៧០ភាគរយ ប្រកបរបរនេសាទ។
 
ប្រជានេសាទ និងអាជ្ញាធរយល់ថា​ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមដងទន្លេ និងការនេសាទខុសច្បាប់​ ជាបញ្ហាបង្កឱ្យមានថយចុះផលនេសាទនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងចំនួនអ្នកនេសាទថយថុះផងដែរ។

នាយ​ខណ្ឌជលផល​ខេត្ត​ អះអាងដូច្នេះថា៖ «ក្នុងរយៈពេលបួន​ប្រាំ​ឆ្នាំចុងក្រោយនេះ អាកាសធាតុ កាន់ តែក្តៅ លំហូរទឹកទន្លេមេគង្គបានផ្លាស់ប្តូរដោយសារការអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតាមដងទន្លេ ការបាក់ដី ការកាប់បំផ្លាញព្រៃឈើជាដើម ដែលជាកត្តារួមចំណែកធ្វើឱ្យប៉ះពាល់ដល់វិស័យជលផល»។
 
លោក សាប់ ឧត្តម ក៏មើល​ឃើញ​ដូចគ្នា​ផងដែរ​។ ប្រធានសហគមន៍រូបនេះ បានកត់សម្គាល់ពីភាព ខុស ប្លែក ដោយកម្ដៅកើនឡើងខ្លាំងនារដូវប្រាំង ភ្លៀងធ្លាក់តិចនារដូវវស្សា រួមទាំងបញ្ហាទាំងទន្លេស្រកចុះ និងហក់ឡើងមិនទៀងពេល។
 
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង

អ្នកស្រី សន ប៉ាង ជាស្ត្រីមេម៉ាយ ដែលប្រកបរបរនេសាទជាង២០ឆ្នាំនៅភូមិកោះស្នែង បានកត់សម្គាល់ ថា ផលនេសាទបានថយចុះម្ដងបន្តិចៗក្នុងរយៈពេល៥ឆ្នាំចុងក្រោយ រួមទាំងធនធានធម្មជាតិតាម ដង ទន្លេ ដូចជាព្រៃលិចទឹកក៏បាត់បងផងដែរ។
 
ស្រ្តីវ័យ៤៦ឆ្នាំរូបនេះលើកឡើងថា៖«ពីមុនដាក់មងមួយក្បាលពីរក្បាល ក៏បានត្រីពី១០ ទៅ២០គីឡូក្រាម ឥឡូវនេះទោះដាក់ពី២ទៅ​៣ការ៉ុងទើបបាន១០គីឡូក្រាម។ ខ្ញុំជាស្រី ហើយអាចរកចិញ្ចឹមកូនតាំងតូចៗអាយុ៥ឆ្នាំ ខ្ញុំធ្វើត្រីប្រហុកម្ដងពី១០០ ទៅ​២០០គីឡូក្រាម វាសម្បូរមិនថ្លៃដូចឥឡូវណា។ មួយគីឡូក្រាមពី​១៥០០ ទៅ២០០០រៀលពីមុន»។ 
 
រូបភាព៖ ឈន​ សុផាត

ងាកមកដល់បច្ចុប្បន្ន ស្រ្តីមេម៉ាយរូបនេះ ត្អូញត្អែរពីផលពិបាកនៃរបរនេសាទថារកត្រីលែងសូវបាន ពិបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ «ឥឡូវ​នេះគឺ​ពិបាក​​ណាស់ រកបាន​គឺ​គ្រប់គ្រាន់​សម្រាប់ហូបក្នុងគ្រួសារ និងលក់បានតិចតួច»។ នេះជាការលើកឡើងរបស់អ្នកស្រី សន​ ប៉ាង។
 
លោក ដឿង សីហា ដែលធ្លាប់ប្រកបរបរនេសាទ ហើយបច្ចុប្បន្នជាគ្រូបង្រៀននៅសាលាបឋមសិក្សា កោះកី ស្ថិតក្នុងឃុំកោះស្នែង សង្កេតឃើញថា ព្រៃលិចទឹកបានថយចុះម្ដងបន្តិចៗ ហើយបទល្មើស នេសាទក៏នៅតែបន្តកើតមានច្រើនក្នុងសហគមន៍។ បូករួមទាំងការអភិវឌ្ឍន៍លើដងទន្លេបង្ក ជាបញ្ហាខ្សត់ត្រី ពិបាកដល់ការនេសាទ។
 
«បន្ថែមពីលើការប្រែប្រួលអាកាសធាតុ ការកើនឡើងចំនួនប្រជាជនក្នុងសហគមន៍នេសាទក៏ប៉ះពាល់ដល់ ទិន្នផលត្រីផងដែរ។ ជា​ពិសេស​នោះ សកម្មភាព​នេសាទ​ខុស​ច្បាប់​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចម្បង​ចំពោះ​កង្វះ​ត្រី និង​ការ​ផុត​ពូជ​របស់​វា»។ នេះជាការលើកឡើងរបស់លោក ដឿង សីហា ដែល​បន្ត​ថា ទឹក​ទន្លេ​មេគង្គ​ហូរ​ខ្លាំង​ក៏​អាច​រំខាន​ដល់​ការ​ពង​កូនត្រី និង​ការ​ធ្វើ​ដំណើរ​​របស់​ត្រី​ផង​ដែរ។
 
ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​អាង​ទន្លេ​មេគង្គ​បាន​បង្កើត​ឱ្យមានភាព​ចម្រូងចម្រាស និងផលប៉ះពាល់។ យោងតាមរបាយការណ៍របស់អង្គការសហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្សធម្មជាតិ (IUCN) វត្តមានទំនប់វារីអគ្គិសនីលើដងទន្លេមេគង្គផ្នែកខាងលើជាច្រើននៅក្នុងប្រទេសចិន និងឡាវ ដែលបញ្ចេញទឹកពេញមួយរដូវប្រាំង កំពុងបំផ្លាញព្រៃកោងកាង និងការបម្លាស់ទីរបស់ត្រី។ ម្យ៉ាងទៀតប្រឈមការបាត់បង់ពូជត្រី ពិសេសប្រភេទត្រីកម្រទន្លេមេគង្គ ដូចជាត្រីរាជជាដើម។

អនាគតនៃរបរ​នេសាទ

លោក សាប់ ឧត្តម អះអាងថា បច្ចុប្បន្នអ្នកនេសាទក្នុងសហគមន៍ មានតែមនុស្សចាស់ដែលបាន បន្តរបរនេះពីឪពុកម្ដាយតាំងពីក្មេង ដោយសារការនេសាទថយចុះ។ ទន្ទឹងនឹងនេះ លោក សាប់ ឧត្តម ក៏បានជំរុញឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការ ដំណាំដាំដុះ ជាជាងពឹងផ្អែកតែលើការនេសាទ។ យ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមាន ក៏ព្រោះបម្រែបម្រួលអាកាសធាតុ ភ្លៀងធ្លាក់មិនទៀងទាត់ និងគ្រោះរាំងស្ងួត ធ្វើឱ្យពិបាកដល់ការធ្វើកសិកម្មផងដែរ។
 
ស្ថិតក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង ភូមិកោះស្នែងក៏ជាទីតាំងទេសចរណ៍ពេញនិយមក្នុងរដូវប្រាំងផងដែរ​។​ លោក ឧត្តម ចង់ឃើញវត្តមានភ្ញៀវទេសចរណ៍មកកម្សាន្តនៅសហគមន៍កោះស្នែងឱ្យកាន់តែច្រើន ព្រោះវាអាចផ្ដល់ចំណូលមួយផ្នែកដល់ពលរដ្ឋក្នុងសហគមន៍ផងដែរ។
 
លោក សាប់ ឧត្តម ប្រធានសហគមន៍នេសាទកោះស្នែង ស្ថិតក្នុងឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង
 
លោក ស្រី សំវិចិត្រ អះអាងថា រដ្ឋបាលជលផលខេត្តបានរឹតបន្តឹងការអនុវត្តច្បាប់នេសាទ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទ និងបានសហការជាមួយភាគីពាក់ព័ន្ធទប់ស្កាត់បញ្ហាអាកាសធាតុតាមរយៈការការពារព្រៃឈើក្នុងតំបន់អភិរក្ស ការពារព្រៃលិចទឹកពីការកាប់បំផ្លាញដោយរឹតបន្តឹងច្បាប់ព្រៃឈើជាដើម។
 
ដោយឡែកការទប់ស្កាត់បញ្ហាប្រឈមលើធនធានជលផលនោះគឺ បញ្ឈប់បទល្មើសនេសាទតាមតំបន់នានា។ លោក សំវិចិត្រ ថាខណ្ឌរដ្ឋបាលជលផលបានសហការជាមួយភាគីពាក់ព័ន្ធ រៀបចំឱ្យមានក្រុមការងារល្បាតតាមតំបន់នេសាទ​ ផ្សព្វផ្សាយពីផលប៉ះពាល់ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជន រឹតបន្តឹងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងរៀបចំផលស្តុកក្នុងធម្មជាតិតាមរយៈការលែងត្រីមេពូជចូលទន្លេជាដើម។ 
 
រូបភាព៖ ឈន​ សុផាត

ប្រធានខណ្ឌរដ្ឋបាលជលផល លើកឡើងបន្ថែមយ៉ាងដូច្នេះថា៖«រដ្ឋបាលជលផលខេត្តបានសហការជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់បញ្ហាដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដោយការពារព្រៃឈើនៅតំបន់ការពារ ការពារព្រៃលិចទឹកពីការកាប់បំផ្លាញព្រៃឈើ និងការរឹតបន្តឹងច្បាប់ព្រៃឈើ»។ ចំពោះបញ្ហាព្រៃកោងកាង​ដែល​អាច​ធ្វើ​ជា​ជម្រក​ត្រី​មិន​ត្រូវ​បាន​អនុវត្ត​ក្នុង​ខេត្ត​នេះឡើយ ក៏ព្រោះ ទឹក​នៅ​ទី​នេះ​ហូរ​លឿន មិន​ដូច​បឹង​ទន្លេសាប ដែល​បង្ក​ផល​លំបាក​ក្នុង​ការ​ដាំដុះ។
 
លោកស្រី កាំង ឃីម អគ្គនាយករងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងពីតួនាទីដ៏សំខាន់របស់ស្រ្តីក្នុងវិស័យជលផល ដោយសារស្រ្តីមានសមត្ថភាពកែច្នែផលិតផលនេសាទត្រី និងការធ្វើអាជីវកម្ម ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្នុងគ្រួសារ។
 
រូបភាព៖ ឈន​ សុផាត

លោកស្រីគូស​បញ្ជាក់ថា៖«អ្វីដែលពិសេសបំផុតនោះ ស្ត្រីក៏ចូលរួមក្នុងការកែច្នៃឧបករណ៍នេសាទ បែបប្រពៃណី ដែលមិនប៉ះពាល់ដល់ធនធានជលផល។ ហើយស្ត្រី​ក៏​បាន​ចូលរួម​ក្នុង​ការ​បង្រ្កាប​បទល្មើស​នេសាទ​ដែរ ដោយអប់រំគ្រួសារ ប្តី កូនកុំឱ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
 
លោក ស្រី សំវិចិត្រ យល់ថា ការថយចុះនៃចំនួនអ្នកនេសាទ អាចធ្វើឱ្យមានបញ្ហាប្រឈមនាពេលអនាគត ក៏ព្រោះពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ភាគច្រើនទិញត្រីពីអ្នកនេសាទសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ប្រធានខណ្ឌរដ្ឋបាលជលផលរូបនេះ លើកឡើងដូច្នេះថា៖«ខេត្តស្ទឹងត្រែងត្រូវបានចាត់ទុកថាជាជម្រកដ៏សំខាន់សម្រាប់ប្រភេទត្រីជាច្រើនប្រភេទ ជាពិសេសគឺប្រភេទត្រីកម្រ។ ក្រៅពីធ្វើជាជម្រកសម្រាប់ផលិតត្រី តំបន់នេះដើរតួជាអ្នកផ្គត់ផ្គង់ត្រីដ៏ធំបំផុតសម្រាប់ប្រជាជនក្នុងតំបន់»។
 
លោក ដឿង សីហា គ្រូបង្រៀននៅសាលាបឋមសិក្សាកោះស្នែង ស្ថិតក្នុងភូមិកោះស្នែង ឃុំកោះស្នែង ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង
ទោះបីជារវល់ជាមួយការងារជាគ្រូបង្រៀន ប៉ុន្តែលោក ដឿង សីហា ក៏មិនចង់បោះបង់ការនេសាទចោលទាំងស្រុងឡើយ លោកនៅតែឆ្លៀតពេលទំនេរទៅនេសាទ ដើម្បីរកត្រីសម្រាប់បរិភោគផងដែរ។ លោកក៏ធ្លាប់ជាយុវជនស្ម័គ្រចិត្តចូលរួមទប់ស្កាត់បទល្មើសនេសាទ និងការបណ្ដុះបណ្ដាលក្នុងសហគមន៍ជាមួយអង្គការដៃគូទៀតផង។
 
បុរសវ័យ៣៤ឆ្នាំរូបនេះ លើកឡើងដូច្នេះថា៖«ទោះបីខ្ញុំជាគ្រូបង្រៀននៅសាលាបឋមសិក្សាក៏ដោយ ក៏ខ្ញុំនៅតែឆ្លៀតពេលខ្លះ ដើម្បីចូលរួមការពារជីវចម្រុះត្រីជាមួយសហគមន៍។ ខ្ញុំ​​ចង់​ឃើញ​អ្នក​ភូមិ​ក្នុង​សហគមន៍​យល់​អំពី​បទ​ល្មើស​នេសាទ​កាន់​តែ​ច្រើន និង​បញ្ឈប់​សកម្មភាព​នេសាទ​ខុស​ច្បាប់​ទាំង​នោះ»៕
 
រូបភាព៖ ឈន​ សុផាត
រូបភាព៖ ឈន​ សុផាត

រូបភាព៖ ឈន​ សុផាត
 
 
(អត្ថបទនេះទទួលបានគាំទ្រពីបណ្ដាញសារព័ត៌មានផែនដី Earth Journalism Network នៃអង្គការ Internews តាមរយៈ​គម្រោង Mekong Eye)។
 

Tag:
 នេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com