កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន ស្នើគ្រូជំនាញជិះកង់ចែករំលែក របៀបជិះកង់ស្តង់ដារអូឡាំពិក ដល់ពលរដ្ឋ
01, May 2024 , 7:59 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវដល់សិក្ខាកាម រៀនវគ្គសិក្សាគម្រោងសាមគ្គីអីឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន លើជំនាញជិះកង់តាមបែបស្តង់ដារអូឡាំពិក ឱ្យបន្តជួយចែករំលែក និងបង្រៀនដល់ពលរដ្ឋ ដែលស្រលាញ់វិស័យកីឡាជិះកង់។



លោក វ៉ាត់ ចំរើន បានលើកឡើងដូច្នេះ៖«យើងត្រូវការអ្នកមានជំនាញច្បាស់លាស់ ដើម្បីពង្រឹងសមត្ថភាពសហព័ន្ធកីឡារបស់យើងឱ្យស្របតាមកំណែរទម្រង់របស់រដ្ឋាភិបាល។ […] អ្នកជិះកង់នៅកម្ពុជា ដើម្បីហាត់ប្រាណ និងកម្សាន្ត មានច្រើន ប៉ុន្តែអ្នកជំនាញផ្នែកជិះកង់ បង្រៀនផ្នែកជិះកងបែបស្តង់ដារ និងការបង្កើតក្លិបដូចមិនសូវស្ទុះស្ទា និងមានចំនួនតិច។

មួយវិញទៀតមិនសូវមានឆន្ទោៈក្នុងការធ្វើរឿងនេះទេ អ៊ីចឹងយើងត្រូវខិតខំយ៉ាងណាឱ្យគេមានការបង្កើតក្លិបជំនាញឱ្យបានកាន់តែច្រើន។»។
  


វគ្គសិក្សាគម្រោងសាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន បានបិទបញ្ចប់ នាថ្ងៃទី២៩ ខែមេសា ក្រោយដំណើរការសិក្សារយៈពេល ៧ថ្ងៃរួចមក នាទីស្នាក់ការ NOCC។ 
 
គ្រូជំនាញជិះកង់កម្ពុជា ១៧រូប បានសិក្សាជំនាញជិះកង់ពីសំណាក់គ្រូឧទ្ទេសមកពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីស្រូបយកចំណេះដឹងពីរបៀបនៃការជិះកង់តាមបែបប្រកួតប្រជែងកីឡាអូឡាំពិក ក៏ដូចជាពង្រឹងសមត្ថភាពក្នុងសហព័ន្ធថែមទៀត។ 
  


ទាក់ទងទៅនឹងជំនាញជិះកង់នេះទៀតសោត លោក វ៉ាត់​ ចំរើន បានបង្ហាញចំណាប់អារម្មណ៍ដោយផ្ទាល់ថា លោកចង់ឃើញពលរដ្ឋកម្ពុជា ដែលស្រលាញ់ការជិះកង់បែបកម្សាន្ត ដើម្បីសុខភាព ឱ្យយល់ដឹងកាន់តែខ្លាំងឡើងពីបច្ចេកទេសនៃការជិះកង់ ឱ្យបានត្រឹមត្រូវ។ ស្ថិតក្នុងសាលប្រជុំនៃកម្មវិធីបិទវគ្គសិក្សា អគ្គលេខាធិការ NOCC បានលើកទឹកចិត្តបន្ថែមដល់សិក្ខាទាំង ១៧រូប របស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ឱ្យជួយបង្ហាត់បង្ហាញ ចែករំលែកពីជំនាញដែលបានសិក្សារួច តាមរយៈការប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីជំនួយដល់ស្មារតីឱ្យពលរដ្ឋកាន់តែយល់ដឹងច្បាស់បន្ថែមពីរបៀបជិះកង់ឱ្យបានត្រឹមត្រូវ។
 
«អ្វីដែលយើងចង់បានគឺ ការជិះកង់ជាកីឡាបែបអូឡាំពិក នៅពេលជាកីឡាអូឡាំពិក អ៊ីចឹងវាក្រិតក្រំ និងមានវិន័យល្អ នៅពេលជិះ។ អ៊ីចឹងបើសិនជាយើងបណ្តុះបណ្តាលយុវជន ឬក៏ក្មេងៗតូចៗឱ្យជិះកង់ និង ឱ្យគាត់ស្គាល់ពីបទបញ្ជាការប្រកួត និងវិន័យក្នុងការជិះកង់នឹង នោះគាត់នឹងមានវិន័យល្អក្នុងជីវិតរបស់គាត់ ហើយនេះជាភារកិច្ចរបស់យើង។ […] យើងមានភារកិច្ចផ្សព្វផ្សាយណែនាំដល់ពលរដ្ឋ ក្នុងនាមជាអ្នកជំនាញផ្នែកទាំងអស់នេះ យើងក៏គូប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមឱ្យមានតម្លៃ ក្នុងការផ្សព្វផ្សាយទៅដល់ពួកគាត់ (ពលរដ្ឋ)។»។ លោក វ៉ាត់ ចំរើន បាននិយាយបែបនេះ។
  


ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ធ្វើឡើងនៅក្នុងប្រទេសថៃ លោក វ៉ាត់ ចំរើន ក៏មានក្តីរំពឹងថាសហព័ន្ធនឹងអាចដណ្តើមបានមេដាយ បន្ទាប់ពីសិក្ខាកាមដែលជាសមាជិកសហព័ន្ធ បានសិក្សាជំនាញផ្នែកជិះកង់ រយៈពេល ៧ថ្ងៃ រួចមក៕

Tag:
 NOCC
  វ៉ាត់ ចំរើន
  ទោចក្រយាន
© រក្សាសិទ្ធិដោយ thmeythmey.com