សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​Microsoft នឹងវិនិយោគ ១,៧ពាន់លានដុល្លារលើការអភិវឌ្ឍAI នៅឥណ្ឌូណេស៊ី
30, Apr 2024 , 10:00 pm        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
ក្រុមហ៊ុន Microsoft នៅថ្ងៃទី៣០ ខែមេសាបានប្រកាសវិនិយោគ ១,៧ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) និងការពង្រីកសេវាកម្ម Cloud ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមទាំងការកសាងមជ្ឈមណ្ឌលទិន្នន័យផង។

ទីក្រុងហ្សការតា ជាទីតាំងដំបូងដែលនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ឈានជើងចូលប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ក្រុមហ៊ុនអាម៉េរិក។ លោក​នឹង​ទៅ​ម៉ាឡេស៊ី និង​ថៃ​នៅ​ចុង​សប្តាហ៍​នេះ។
 
ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ លោក Nadella បានបញ្ជាក់ថា ក្រុមហ៊ុន​ Microsoft នឹងវិនិយោគ ១,៧ពាន់លានដុល្លារលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និង Cloud នៅឥណ្ឌូណេស៊ី។ 
 
ទន្ទឹមនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិកមួយនេះ នឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅឥណ្ឌូណេស៊ី ក៏ដូចជាជួយប្រទេសនេះបណ្តុះបណ្តាលកម្មកររាប់សែននាក់ក្នុងវិស័យសិប្បនិម្មិត។ លើសពីនេះ លោក Nadella បានសន្យានឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយបំផុត ទៅកាន់ឥណ្ឌូណេស៊ី។
 
ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយនេះជាការវិនិយោគដ៏ធំបំផុតក្នុងប្រតិបត្តិការរយៈពេល ២៩ឆ្នាំរបស់ក្រុមហ៊ុន Microsoft នៅក្នុងប្រទេសនេះ។ នេះបើតាមសារព័ត៌មាន Reuters ។ 
 
បច្ចុប្បន្នក្រុមហ៊ុន Microsoft ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់វិនិយោគិន បន្ទាប់ពីបានផ្សព្វផ្សាយ AI ជំនាន់ថ្មី ក្រោយចាប់គម្រោងភាពជាដៃគូទឹកប្រាក់ ១៣ពាន់លានដុល្លារជាមួយ OpenAI ដែលជាម្ចាស់កម្មវិធីដ៏ពេញនិយម ChatGPT ក្នុងឆ្នាំ២០២៣។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft គ្រោងនឹងបណ្តុះបណ្តាលធនធានមនុស្សចំនួន ២,៥លាននាក់នៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់ AI នៅឆ្នាំ២០២៥ ក្នុងនោះឥណ្ឌូណេស៊ីមានចំនួន ៨៤ម៉ឺននាក់។
 
​ប៉ុន្មានសប្តាហ៍មុននេះ នាយកប្រតិបត្តិ Apple លោក Tim Cook ក៏បានទៅទស្សនកិច្ចនៅឥណ្ឌូណេស៊ីដែរ។ ​ក្រុមហ៊ុន Apple ក៏កំពុងពិចារណាសាងសាង់រោងចក្រផលិតកម្មនៅក្នុងប្រទេសនេះដែរ៕

Tag:
 ឥណ្ឌូណេស៊ី
  AI
© រក្សាសិទ្ធិដោយ thmeythmey.com