អន្តរជាតិ
ប្រទេសទាំង៥ ចំណាយលុយអភិវឌ្ឍបញ្ញាសិប្បនិម្មិតច្រើនជាងគេក្នុងឆ្នាំ២០២៤
01, May 2024 , 9:09 am        
រូបភាព
មនុស្សយន្ត​ Sophia ដែលបំពាក់បញ្ញាសិប្បនិម្មិត។ រូបភាព AFP
មនុស្សយន្ត​ Sophia ដែលបំពាក់បញ្ញាសិប្បនិម្មិត។ រូបភាព AFP
នៅសតវត្សទី២១ បញ្ហាសិប្បនិម្មិត បានក្លាយជាវិស័យថ្មីមួយ ក្នុងចំណោមវិស័យផ្សេងទៀត ដែលត្រូវបានបណ្តាប្រទេសជាច្រើនចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ។ ដើម្បីជួយសម្រួលការងារមនុស្ស និងដំណើរការសង្គមបានល្អប្រសើរ របាយការណ៍បញ្ញាសិប្បនិម្មិតរបស់សកលវិទ្យាល័យStanford បានប៉ាន់ប្រមាណថា ពិភពលោកបានចំណាយលុយប្រមាណ៩១,២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ ហើយអាចឈានដល់ ១៥៨,៤ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៥។ ខាងក្រោមនេះ ជាប្រទេសទាំង ៥ ដែលបានចំណាយលុយអភិវឌ្ឍបញ្ញាសិប្បនិម្មិតខ្លាំងជាងគេនៅក្នុងឆ្នាំ២០២៤។

 
១. អាម៉េរិក
 
នៅក្នុងពេលបច្ចុប្បន្ន អាម៉េរិក ជាប្រទេសនាំមុខគេ ក្នុងការអភិវឌ្ឍបញ្ហាសិប្បនិម្មិត។ តាមការស្រាវជ្រាវវេទិកា  Macro Polo បានរកឃើញថា ៦០ភាគរយនៃអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត បានបម្រើការនៅសកលវិទ្យាល័យ និងក្រុមហ៊ុនអាម៉េរិក។ ចំណែកក្រុមហ៊ុន Mirae Assets បានប៉ាន់ប្រមាណថា ការកៀកគរមូលនិធិឯកជនសម្រាប់វិស័យបញ្ញាសិប្បនិម្មិតមានរហូតដល់ ២៤៩ពាន់លានដុល្លារឯណោះ។ 
 


ទន្ទឹមនេះ តំបន់ Silicon Valley របស់អាម៉េរិក គឺកន្លែងបណ្តុំទៅដោយក្រុមហ៊ុនឯកជនធំៗដូចជា Google, Meta និងOpen AI ជាដើម ដែលសុទ្ធតែផ្តោតលើបញ្ញាសិប្បនិម្មិត។
 
ក្រុមហ៊ុន The Goldman Sachs បានវាយតម្លៃថា ការវិនិយោគនៅក្នុងវិស័យឯកជននៅអាម៉េរិកមានចំនួនរហូតដល់ ៤៧,៤ពាន់លានដុល្លារ នៅឆ្នាំ២០២២ ពោលគឺមានទំហំច្រើនជាងពាក់កណ្តាលនៃការវិនិយោគសរុបរបស់ប្រទេសទាំងអស់នៅក្នុងឆ្នាំនោះ។ នៅក្នុងឆ្នាំដដែល រដ្ឋាភិបាលអាម៉េរិក បានចំណាយលុយប្រមាណ ៣,៣ពាន់លានដុល្លារ ក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតផងដែរ។
 
២. ចិន
 
ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរទេ ចិន បានចំណាយលុយច្រើនបន្ទាប់ពីអាម៉េរិក ដើម្បីអភិវឌ្ឍលើបញ្ហាសិប្បនិម្មិត ដើម្បីពន្លឿនការអភិវឌ្ឍសង្គម និងច្រវាក់ផលិតកម្ម។ វេទិកា Macro Polo បានរកឃើញថា អ្នកជំនាញបញ្ញាសិប្បនិម្មិតប្រមាណ ១១ភាគរយ បានធ្វើការនៅក្នុងក្រុមហ៊ុនចិន ហើយចិនបានកៀងគរលុយឯកជនប្រមាណ ៩៥ពាន់លានដុល្លារ ទុកសម្រាប់វិនិយោគលើវិស័យមួយនេះ នៅចន្លោះឆ្នាំ២០២២ និង២០២៣។
 
ក្រុមហ៊ុនធំៗរបស់ចិនដូចជា ក្រុមហ៊ុន Tencent, ក្រុមហ៊ុន Huawei, និង ក្រុមហ៊ុន Baidu ជាដើមសុទ្ធតែជាក្រុមហ៊ុននាំមុខរបស់ចិន ដែលផ្តោតលើការអភិវឌ្ឍបញ្ហាសិប្បនិម្មិត សម្រាប់បម្រើប្រយោជន៍នៅក្នុងក្រុមហ៊ុន និងបច្ចេកវិទ្យារបស់ខ្លួន។ 
 
ក្រុមហ៊ុន IDC បានរំពឹងថា រដ្ឋាភិបាលចិន នឹងបង្កើនការវិនិយោគរបស់ខ្លួនរហូតដល់ ៣៨,១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។
 
៣. អង់គ្លេស
 
បន្ទាប់ពីអាម៉េរិក និងចិន អង់គ្លេស ជាប្រទេសមួយនៅក្នុងតំបន់អឺរ៉ុប ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតជាច្រើនឆ្នាំមកហើយ។ ប្រទេសមួយនេះ មានកន្លែងសម្រាប់អភិវឌ្ឍបញ្ញាសិប្បនិម្មិតដូចជា​DeepMind និងក្រុមហ៊ុនDarktrace ជាដើម ដែលបានជួយសហគ្រាស ក្នុងការការពារគំរាមកំហែងពីប្រព័ន្ធអ៊ីនធឺណិត។ ក្នុងពេលបច្ចុប្បន្នទំហំទីផ្សារបញ្ញាសិប្បនិម្មិតរបស់អង់គ្លេសមានចំនួន ២១ពាន់លានដុល្លារ។
 
៤. អុីស្រាអែល
 
ជាប្រទេសមួយស្ថិតនៅក្នុងតំបន់មជ្ឈិមបូព៌ា អុីស្រាអែល បានពង្រឹងខ្លួនយ៉ាងខ្លាំងលើវិស័យមជ្ឈិមបូព៌ា។ នៅចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០២២ អុីស្រាអែល បានកៀងគរការវិនិយោគបានប្រមាណ ១១ពាន់លានដុល្លារ ដែលធ្វើឱ្យអុីស្រាអែល ក្លាយជាប្រទេសទីបួនលើពិភពលោក មានការវិនិយោគលើបញ្ញាសិប្បនិម្មិត។​
 
៥. កាណាដា
 
បន្ថែមពីប្រទេសចំនួន ៤ខាងលើ កាណាដា បានក្លាយជាប្រទេសទី៥ ក្នុងការនាំមុខលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ នៅចន្លោះឆ្នាំ២០២២ និងឆ្នាំ២០២៣ កាណាដា បានវិនិយោគទឹកប្រាក់ប្រមាណ ២,៥៧ពាន់លានដុល្លារ។ ចំណែករដ្ឋាភិបាលប្រទេសមួយនេះ ក៏បានប្តេជ្ញាវិនិយោគបញ្ហាសិប្បនិម្មិត និងអភិវឌ្ឍវិស័យមួយនេះ ប្រកបដោយការទទួលខុសត្រូវ នៅទូទាំងប្រទេសផងដែរ។ 
 
ក្រុមហ៊ុននាំមុខបញ្ហាសិប្បនិម្មិតរបស់កាណាដា មានដូចជា ក្រុមហ៊ុន Cohere, ក្រុមហ៊ុន  Scale AI និងក្រុមហ៊ុន Coveo ជាដើម៕ 
 

Tag:
 បញ្ហាសិប្បនិម្មិត
© រក្សាសិទ្ធិដោយ thmeythmey.com