ជាតិ
ព័ត៍មានសុខភាព
សុខភាព
អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវដឹង និងការពារជាមុន ប្រយ័ត្ន​ឈាន​ទៅ​រក​ជំងឺ​បេះដូង​
01, May 2024 , 10:59 pm        
រូបភាព
អ្នកជំងឺ​ទឹកនោមផ្អែម​ទាំង​ពីរ​ប្រភេទ អាច​ប្រឈម​ហានិភ័យ​ខ្ពស់​កើត​ជំងឺ​បេះដូង​ជាង​មនុស្ស​ធម្មតា​។ ព្រោះថា​ជំងឺ​បេះដូង​ភាគច្រើន​កើតឡើង ដោយសារ​ការ​មិន​បាន​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ បូក​រួម​ទាំង​ជាតិ​ស្ករ និង​ខ្លាញ់​ជាដើម​។ ហេតុ​ដូច្នេះ​ហើយ អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​មិន​ទាន់​ឈាន​ទៅ​រក​ជំងឺ​បេះដូង​ត្រូវ​ដឹង និង​ការពារ​ចំណុច​នេះ​។

 
តាម​ការ​ចុះ​ផ្សាយ​របស់​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង​(CDC) អា​មេ​រិ​កបាន​បង្ហាញ​ថា ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ គេ​សង្កេត​ឃើញ​ការ​កើនឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ទឹកនោមផ្អែម អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅ​សរសៃឈាម​តូច​ធំ និង ប្រព័ន្ធ​ប្រសាទ​គ្រប់គ្រង​ទៅ​លើ​បេះដូង​។
 
ក្រៅពី​ការ​កើនឡើង​ជាតិ​ស្ករ អ្នកជំងឺ​ទឹកនោមផ្អែម​អាច​ប្រឈម​នឹង​បញ្ហា​បី​យ៉ាង​ផ្សេង​ទៀត​ងាយ​បង្ក​ទៅ​ជា​ជំងឺ​បេះដូង​បាន ដូច​ជា ការ​កើនឡើង​សម្ពាធ​ឈាម ការ​កើនឡើង​កូ​លេ​ស្ដេ​រ៉ូ​ល​អាក្រក់​ក្នុង​សរសៃឈាម និង​ការ​កើនឡើង​កំណកខ្លាញ់​បណ្ដាល​ឲ្យ​ក្រិន​សរសៃឈាម​ជាដើម​។
 
កត្ដា​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​អ្នក​ទឺ​ក​នោម​ផ្អែម​ជួប​បញ្ហា​ទាំងនេះ​ដូច​ជា ការ​ជក់បារី ការ​លើស​ទម្ងន់ បញ្ហា​ធាត់ រាង​កាយ​មិនសូវ​មាន​សកម្មភាព ការ​ញ៉ាំ​អាហារ​ប្រៃ ញ៉ាំ​អាហារ​ខ្លាញ់ និង​ផឹក​គ្រឿង​ស្រវឹង​។
 
តើ​ជំងឺ​បេះដូង​ប្រភេទ​ណា​ប្រឈម​កើត​លើ​អ្នក​ទឹកនោមផ្អែម​ច្រើន?

អ្នក​ទឹកនោមផ្អែម​ភាគច្រើន​ប្រឈម​កើត​ជំងឺខ្សោយបេះដូង​ច្រើន​។ ជំងឺខ្សោយបេះដូង​គឺជា​លក្ខខណ្ឌ​មួយ​ដែល​ដំណើរការ​បេះដូង​មិន​អាច​ធ្វើការ​ច្របាច់​ឈាម​បញ្ជូន​ទៅ​សរីរាង្គកាយ​បាន​ល្អ​។ ករណី​នេះ​អ្នកជំងឺ​អាច​ប្រឈម​ផលវិបាក​ដូច​ជា ការ​ហើមជើង កើនឡើង​សារធាតុ​រាវ​ក្នុង​សួត​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នកជំងឺ​ពិបាក​ដកដង្ហើម​។ ជំងឺខ្សោយបេះដូង​នឹង​វិត្ដ​កាន់តែ​ខ្លាំង​ទៅ​ៗ ប្រសិនជា​មិន​បាន​ព្យាបាល​ឲ្យ​ត្រឹមត្រូវ​នោះ​ទេ​។
 
វិធី​ការពារ​ជំងឺ​បេះដូង​ពី​ជំងឺ​ទឹកនោមផ្អែម

អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម មិន​ប្រាកដ​ថា​ត្រូវ​កើត​ជំងឺ​បេះដូង​ទាំង​អស់នោះ​ទេ ប្រសិនបើ​អនុវត្ដ​នូ​វិធី​សំខាន់​ៗ​ទាំងនេះ​បាន ដូច​ជា​៖
 
គ្រប់គ្រង​របប​អាហារ​៖ បង្កើន​ការ​ញ៉ាំ​បន្លែ ផ្លែ​ឈើ មាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ និង​ពពួក​ប្រូតេអ៊ីន ដែល​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​។ ត្រូវ​កាត់​បន្ថយ​ប្រភេទ​អាហារ​ខ្លាញ់ អាហារ​ប្រៃ និង ពពួក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ខ្ពស់ បូក​រួម​ទាំង​ជាតិ​ស្រវឹង​។
 
សម្រក​គីឡូ ៖ សម្រក​គីឡូ​ក៏​ជា​រឿង​ចាំបាច់​ត្រូវធ្វើ​ផង​ដែរ ព្រោះ​ការ​សម្រក​គីឡូ​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើនឡើង​ខ្លាញ់​ក្នុង​សរសៃឈាម និង ជាតិ​ស្ករ​ផង​ដែរ​។ រក្សា​ទម្ងន់​ស្រប​តាម​កម្ពស់​ស្ដង់ដារ ទើប​ជា​វិធី​ល្អ​សម្រាប់​សុខភាព​។
 
ហាត់ប្រាណ​ជា​ប្រចាំ​៖ ការ​ហាត់ប្រាណ​ជា​ប្រចាំ​ជួយ​ឲ្យ​រាង​កាយ​មាន​សកម្មភាព ប្រើប្រាស់​ថាមពល​ដែល​អាច​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ និង សម្រួល​សរសៃឈាម​បេះដូង​។ ចូរ​បង្កើត​ទម្លាប់​ហាត់ប្រាណ​ឲ្យ​បាន ១៥០​នាទី ក្ន​ង​មួ​យស​ប្ដា​ហ៍​គឺជា​ទម្លាប់​ល្អ​។
 
គ្រប់គ្រង​ស្ដ្រេ​ស​៖ ស្ដ្រេ​ស​ក៏​ជា​មេ​បញ្ហា​មួយ​ដែល​ដាក់​សម្ពាធ​ទៅ​លើ​សុខភាព​បេះដូង​ផង​ដែរ​។ តួយ៉ាង​ការ​កើត​ស្ដ្រេ​ស​ជា​ប្រចាំ អាច​រុញច្រាន​ជីវិត​មនុស្ស​ម្នាក់​ធ្លាក់​ទៅ​ក្នុង​ទម្លាប់​មិនល្អ ដូច​ជា​ការ​ជក់បារី ផឹកស្រា​ច្រើន និង ញ៉ាំ​ច្រើន​ផង​ដែរ ហេតុ​ដូច្នេះ​ហើយ​ការ​គ្រប់គ្រង​ស្ដ្រេ​ស​ក៏​ជា​រឿង​សំខាន់​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com