កីឡាជាតិ
ជាតិ
លោក ខូវ ឆាយ ចាត់ទុកអំពើពុករលួយ ជាមេរោគក្នុងការអភិវឌ្ឍគុនខ្មែរ
01, May 2024 , 3:29 pm        
រូបភាព
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅចំកណ្ដាល រូបពីហ្វេសប៊ុក ខូវ ឆាយ
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅចំកណ្ដាល រូបពីហ្វេសប៊ុក ខូវ ឆាយ
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាន់គោលជំហរដាច់ខាតប្រឆាំអំពើពុករលួយ ឬគាបសង្កត់គ្រប់រូបភាពលើមន្ដ្រីណាមួយរបស់សហព័ន្ធ។ ប្រធានរូបនេះ ចាត់ទុកអំពើពុករលួយជា មេរោគ ចំពោះការអភិវឌ្ឍគុនខ្មែរ។ ក្នុងករណីរកឃើញមានបុគ្គលណាធ្វើខុសក្នុងសហព័ន្ធ លោក ខូវ ឆាយ នឹងប្រើឆន្ទានុសិទ្ធិ ដាក់ពិន័យរដ្ឋបាល ឬឈានដល់បញ្ឈប់បុគ្គលនោះតែម្តង។



លោក ខូវ ឆាយ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា រូបលោក បដិសេធទាំងស្រុងចំពោះការចោទថាមានអំពើពុករលួយ និងការគាបសង្កត់លើមន្ដ្រី អាជ្ញាកណ្ដាលរបស់សហព័ន្ធកីឡប្រដាល់គុនខ្មែរ ដោយឲ្យផលចំណេញខ្លះៗ ក្នុងការបំពេញការងាររបស់ពួកគេ។ ប្រធានរូបនេះ ក៏បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រកាន់គោលជំហរថា ក្នុងពេលដែលរូបលោក កាន់អាណត្តិជាប្រធាននេះ នឹងប្រឆាំងដាច់ខាត លើការគាប់សង្កត់ បក្សពួកនិយម និងអំពើពុករលួយផ្សេងៗ។
 
លោក ខូវ ឆាយ បានបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖«ក្នុងអាណត្ត នៃការដឹកនាំរបស់ខ្ញុំ ​នាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ខ្ញុំប្រឆាំងដាច់ខាតរាល់អំពើជិះជាន់ គាបសង្កត់ បក្សពួកនិយម និងអំពើពុករលួយក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។»។ ក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់សហព័ន្ធគុនខ្មែររូបនេះ បង្ហោះសារបែបនេះ ក្នុងគោលបំណងចង់បញ្ជាក់ពីគោលជំហររបស់ខ្លួនក្នុងនាមជាប្រធានសហព័ន្ធ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រគល់រង្វាន់ទៅកីឡាករ រូបពី ហ្វេសប៊ុក ខូវ ឆាយ

ប្រធានសហព័ន្ធថ្មី ដែលទើបតែឡើងកាន់តំណែងបាន១ខែនេះ បដិសេធចំពោះអ្នកផលិតមាតិកាមួយចំនួន ដែលចោទថា មន្ដ្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាន់បក្សពួកនិយម  និងទទួលលុយក្រោមតុផ្សេងៗ ក្នុងការកាត់សេចក្ដី និងការផ្គូរផ្គងចាប់គូប្រកួត។ «ខ្ញុំ ធ្វើការជាមួយពួកគាត់ និងមានក្រុមនីមួយៗជាមួយគ្នា។ បើសិនជាខ្ញុំដឹងថា មានបុគ្គលណាមួយធ្វើរឿងនេះ ខ្ញុំនឹងចាត់ចែងទៅតាមនីតិវិធីរបស់សហព័ន្ធ។»។ លោក ខូវ ឆាយ បាននិយាយបែបនេះ ដោយសង្កត់ធ្ងន់ថាក្នុងករណីរកឃើញមានបុគ្គលណាធ្វើខុស ខ្លួន នឹងប្រើឆន្ទានុសិទ្ធិក្នុងនាមជាប្រធាន ដាក់ពិន័យរដ្ឋបាល ឬឈានដល់បញ្ឈប់បុគ្គលនោះតែម្តង។
 
ប្រធានរូបនេះ ក៏អំពាវនាវឲ្យអ្នកគាំទ្រ ឬអ្នកដែលដឹងថាមានអំពើពុករលួយក្នុងរូបភាពណាមួយ ក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវផ្ដល់ដំណឹងទៅរូបលោកផ្ទាល់ ដើម្បីចាត់វិធានការណ៍ និងដោះស្រាយលើបញ្ហាទាំងនេះ។ លោក ខូវ ឆាយ បន្ថែមទៀតថា ប្រសិនជាគុនខ្មែរមានអំពើពុករលួយ នឹងមិនរីកចម្រើនឡើយ។ 
 
«អំពើពុករលួយនេះ ដូចជាមេរោគ។ យើង ដាច់ខាតត្រូវលុមបំបាត់ ដើម្បីឲ្យវិស័យគុនខ្មែររបស់យើងរីកចម្រើន។»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាននិយាយដូច្នេះ៕

Tag:
 ប្រដាល់
  គុនខ្មែរ
  ខូវ​ ឆាយ
© រក្សាសិទ្ធិដោយ thmeythmey.com