ភ្នំពេញ៖ សិល្បៈផ្ដិតរូបពីពុម្ពប្រមាណ៧០ស្នាដៃរបស់សិល្បករ និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (សាលារចនា) កំពុងដាក់តាំងបង្ហាញនៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃការលើកកម្ពស់ភាពចម្រុះនៃសិល្បៈ និងសិល្បៈផ្តិតពីរូបពុម្ព។ ពិព័រណ៌មិនអចិន្ត្រៃយ៍នេះ មានរយៈពេល១ខែ ដោយចាប់ផ្តើមពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី១២ ខែឧសភា នៅសណ្ឋាគារ Plantation Urban Resort & Spa។
ពិព័រណ៌ក្រោមប្រធានបទ «គ្មានពេលបញ្ចប់៖ ការបញ្ចេញមនោសញ្ចេតនាតាមរយៈសិល្បៈ» (Timeless: Expressions Through Art) ដែលក្រោមកិច្ចសហការរៀបចំពីមូលនិធិ Anicca Foundation ប្រមូលផ្តុំដោយស្នាដៃចម្រុះនៃសិល្បៈផ្តិតពីពុម្ព។ បើតាមសាស្ត្រាចារ្យ ច័ន្ទ វិត្ថារិន្ទ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យសិល្បៈសូនរូប សិល្បៈផ្តិតរូបពីពុម្ពឡើងវិញ លេចជារូបរាងឡើងវិញនៅកម្ពុជាពីឆ្នាំ២០១១មក ក្រោយការបង្កើតរោងជាងចារ «CHAR-RUFA» ដោយមានការគាំទ្រ និងបណ្តុះបណ្តាលបច្ចេកទេសពីសិល្បករម៉ិចស៊ិក។
![](https://image.thmeythmey.com/pictures/2024/04/16/q__1_.jpg)
តាមពិតទៅ សិល្បៈផ្ដិតរូបពីពុម្ព ធ្លាប់មានការពេញនិយមនៅកម្ពុជាកាលពីទសវត្សរ៍ទី៥០-៦០ ប៉ុន្តែសិល្បៈនេះស្ទើរតែបាត់បង់ទាំងស្រុងដោយសារការបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម។ លោក ច័ន្ទ វិត្ថារិន្ទ ដែលជាតំណាងសិល្បករសិល្បៈផ្ដិតរូបពីពុម្ពផងដែរនោះ បានបញ្ជាក់ថា គោលបំណងនៃការប្រមូលផ្តុំស្នាដៃសម្រាប់ពិព័រណ៌ គឺដើម្បីបង្ហាញពីភាពសម្បូរបែបនៃសិល្បៈ និងស្នាដៃរបស់សិស្សានុសិស្សគ្រប់ជំនាន់ ដែលមានចំណាយពេលសិក្សាពីសិល្បៈផ្ដិតរូបពីពុម្ព ហើយក៏ចង់ឱ្យសិល្បៈមួយប្រភេទនេះ មានការទទួលស្គាល់ និងស្រឡាញ់ចូលចិត្តពីសំណាក់សាធារណជនផងដែរ។
«យើងហៅថា timeless ពីព្រោះ ពេលវេលាដែលយើងកំពុងធ្វើដំណើរ អត់ចប់ទេ។ យើងចាប់ផ្ដើម ហើយយើងនឹងបន្តទៅមុខជានិរន្តរ៍។» លោក វិត្ថារិន្ទ បានលើកឡើងដូច្នេះ ដោយបន្ថែមថា ការតាំងពិព័រណ៍នេះ ជាក្ដីសង្ឃឹមបន្ថែមនៃដំណើររបស់សិល្បៈផ្ដិតរូបពីពុម្ព ដែលធ្លាប់បានតាំងបង្ហាញជាច្រើនលើកមកហើយ នៅក្នុងសាលា និងសណ្ឋាគារមួយចំនួន។
![](https://image.thmeythmey.com/pictures/2024/04/16/q__2_.jpg)
បើតាមព្រឹទ្ធបុរសរង សិល្បៈផ្ដិតរូបពីពុម្ពចែកចេញជាបីប្រភេទគឺ ការផ្ដិតរូបពីពុម្ពក្ដារ ការផ្ដិតរូបពីពុម្ពជ័រ និងការផ្ដិតរូបពីលោកហៈ មានស្ពាន់ និងសង្កសី ដោយការផលិតស្នាដៃនីមួយត្រូវចំណាយពេល និងកម្លាំង ដែលត្រូវធ្វើការដោយដៃផ្ទាល់។
លោកលើកឡើងថា ដោយបច្ចុប្បន្ន រោងជាង CHAR-RUFA មានម៉ាស៊ីនបោះពុម្ព Lithography Press Machine តែមួយគត់ ទើបការផលិតស្នាដៃ និងសក្តានុពលនៃសិល្បៈមួយបែបនេះ មិនសូវមានលក្ខណៈសម្បូរបែប បើប្រៀបធៀបទៅនឹងប្រទេសដទៃ។
«ជំនាញនេះមិនទាន់ដាក់ចូលជាជំនាញត្រូវសិក្សារយៈបួនឆ្នាំ ដូចជំនាញដទៃនៅឡើយទេ។ វាគ្រាន់តែជាវគ្គខ្លី ដែលតម្រូវឱ្យសិស្សរៀន គួបផ្សំនឹងជំនាញរបស់ពួកគេ។ តែយើងកំពុងធ្វើការដើម្បីធ្វើឱ្យជំនាញនេះក្លាយជាជំនាញមួយដែលមានការទទួលស្គាល់។» លោក ច័ន្ទ វិត្ថារិន្ទ បានកត់សម្គាល់យ៉ាងដូច្នេះ។
![](https://image.thmeythmey.com/pictures/2024/04/16/q__3_.jpg)
យុវសិស្ស ឆាង មករា ជានិស្សិតឆ្នាំទី២ ជំនាញរចនាក្រាហ្វិកនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសិក្សាពីសិល្បៈផ្ដិតរូបពីពុម្ពអស់រយៈពេលបួនខែ មុននឹងរូបគេយកស្នាដៃមកតាំងបង្ហាញក្នុងពិព័រណ៍មួយនេះ។ មករា បានបង្រៀនអ្នកចូលរួមពីរបៀបផលិតស្នាដៃសិល្បៈផ្ដិតរូបពីពុម្ព អំឡុងពេលបើកការតាំងពិព័រណ៍កាលពីថ្ងៃទី៨ មេសា ដែលមានអ្នកចូលរួមសាកល្បងធ្វើច្រើនកុះករ។
មកពីខេត្តតាកែវ មករា ចាប់អារម្មណ៍ជំនាញសិល្បៈផ្ដិតរូបពីពុម្ព ពីព្រោះសិល្បៈនេះទាមទារឱ្យគេចេះលើសពីការគូររូប ពោលគឺ និស្សិតឆ្នាំទី២រូបនេះ ត្រូវផ្ដិតរូបលើបន្ទះការ ដោយត្រូវសិក្សាពីស្រមោល និងពន្លឺ មុននឹងរូបគេអាចចិតបន្ទះក្ដារឱ្យចេញជារូបរាងដែលគេចង់បាន ប៉ុន្តែការចិតបន្ទះក្ដារត្រូវការការតាំងចិត្តខ្ពស់ ដើម្បីចៀសវាងការចិតខុសខ្សែ ដែលអាចធ្វើឱ្យមានការប្រតាកទឹកថ្នាំនៅពេលផ្ដិតវានៅលើក្រដាស។
![](https://image.thmeythmey.com/pictures/2024/04/16/q__4_.jpg)
«ដំបូងៗ រៀងពិបាកដែរ ដោយសារខ្ញុំធ្លាប់តែគូររូបនៅលើក្រដាស។ ឥលូវខ្ញុំត្រូវគូរលើបន្ទះក្ដារ និងចិតក្ដារ។ ពេលខ្លះឈឺដៃខ្លាំង ព្រោះត្រូវប្រើកម្លាំងដើម្បីចិតក្ដារឱ្យចេញជារូបរាង និងផ្ដិតរូបទៅលើក្រដាស។ តែពេលធ្វើយូរៗទៅ ក៏ថ្នឹកដៃ លែងជារឿងពិបាកទៀតហើយ។» មករាបានលើកឡើង។
និស្សិតមួយរូបទៀតមកពីខេត្តបន្ទាយមានជ័យ ឆេង ទ្រី បានបង្ហាញពីការពេញចិត្តជាខ្លាំងចំពោះការតាំងពិព័រណ៍នេះ ដោយសារគេបានចូលរួមជាចំណែកដាក់តាំងស្នាដៃ ចែករំលែក និងបង្រៀនសិល្បៈផ្ដិតរូបពីពុម្ពទៅកាន់អ្នកទស្សនា។ ដូច មករា ផងដែរ ឆេង ទ្រី មើលឃើញពីសារសំខាន់នៃទម្រង់ផ្សេងៗនៃសិល្បៈ ដែលបង្កើតបានជាភាពសម្បូរបែបមួយនៃវិស័យមួយនេះ។
សាស្ត្រាចារ្យ ច័ន្ទ វិត្ថារិន្ទ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុះមុតថា សិល្បៈផ្ដិតរូបពីពុម្ព នឹងមានការចាប់អារម្មណ៍ច្រើន និងអាចពង្រីកខ្លួនទៅជាជំនាញមួយដោយឡែក ដែលមានទាំងកម្លាំង និងធនធាន ដើម្បីអភិវឌ្ឍន៍ប្រភេទសិល្បៈមួយបែបនេះ។
![](https://image.thmeythmey.com/pictures/2024/04/16/q__5_.jpg)
«សិល្បៈត្រូវមានភាពចម្រុះ ដែលសិល្បករអាចមានជម្រើសក្នុងការបង្ហាញស្នាដៃ។ បើយើងមានតែភ្លេងសម័យ ហើយអត់ភ្លេងបុរាណបានទេ? សិល្បៈមានការចូលចិត្តផ្សែងៗគ្នា។ នេះជាបំណងរបស់យើង អ្នកជំនាន់ក្រោយ អ្នកដែលចង់ជម្រុញ ទាំងថ្នាក់ដឹកនាំ ពួកយើងទាំងអស់គ្នា សហគមន៍ ចង់ឱ្យវាកើត នឹងនាំខិតខំជម្រុញ។» លោក ច័ន្ទ វិត្ថារិន្ទ បានលើកឡើង៕
![](https://image.thmeythmey.com/pictures/2024/04/16/q__6_.jpg)
![](https://image.thmeythmey.com/pictures/2024/04/16/q__7_.jpg)