ជាតិ
កម្ពុជា-កូរ៉េ ផ្លាស់ប្តូរវប្បធម៌នៃការល្បែងទាញព្រ័ត្រ ដើម្បីលើកកម្ពស់ការយល់ដឹង ![ទិដ្ឋភាពបង្ហាញពីល្បែងទាញព្រ័ត្រនៅកូរ៉េ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ](https://image.thmeythmey.com/pictures/2024/04/21/21420241358front.jpg)
ទិដ្ឋភាពបង្ហាញពីល្បែងទាញព្រ័ត្រនៅកូរ៉េ។ រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
×![]()
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រុង Dangjin សមាគមអភិរក្សល្បែងទាញព្រ័ត្រ និងអង្គការ ICHCAP នៃសាធារណរដ្ឋកូរ៉េ បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌នៃសហគមន៍ទាញព្រ័ត្រ។ កម្មវិធីនេះ ធ្វើឡើងចាប់ពីថ្ងៃទី៩-២០ ខែមេសា ដល់សាធារណរដ្ឋកូរ៉េ និងនៅកម្ពុជា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូដែលជាតំណាងសហគមន៍ទាញព្រ័ត្រទៅចូលរួមកម្មវិធីទាញព្រ័ត្រនៅកូរ៉េ ចាប់ពីថ្ងៃទី៩-១៥ ខែមេសា។ ចំណែកភាគីកូរ៉េ ក៏ដឹកនាំប្រតិភូមកកម្ពុជាវិញ កាលពីថ្ងៃទី១៦-២០ ខែមេសា។
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
កម្មវិធីផ្លាស់ប្តូរវប្បធម៌នេះ រៀបចំដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងយន្តការអភិរក្សល្បែងទាញព្រ័ត្រដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីឆ្នាំ២០១៥។ ក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅសាធារណរដ្ឋកូរ៉េ គឺមានការរៀបចំសិក្ខាសាលាអំពីស្ថានភាពល្បែងទាញព្រ័ត្របច្ចុប្បន្ន។
ក្រៅពីរៀបចំសិក្ខាសាលា ក៏មានការលេងបង្ហាញល្បែងទាញព្រ័ត្រ ដោយសហគមន៍ទាញព្រ័ត្រកម្ពុជា វៀតណាម ហ្វីលីពីន និងកូរ៉េ ដែលប្រទេសទាំងបួននេះបានរួមគ្នាដាក់ល្បែងទាញព្រ័ត្រចូលក្នុងបញ្ជីយូណេស្កូ កាលពីឆ្នាំ២០១៥។ ជាមួយគ្នានេះ មានកម្មវិធីទាញព្រ័ត្រប្រពៃណីកូរ៉េ ផងដែរ។
![](https://image.thmeythmey.com/pictures/2024/04/21/d__2_.jpg)
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
បើតាមទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះកម្មវិធីផ្លាស់ប្តូរនៅកម្ពុជាវិញ ភាគីកូរ៉េបានទៅទស្សនាតំបន់អង្គរ ពិសេសប្រាសាទដែលមានចម្លាក់ទាញព្រ័ត្រ (ចម្លាក់កូរសមុទ្រទឹកដោះ)។ លើសពីនេះ ភាគីកូរ៉េ ក៏បានចូលរួមកម្មវិធីទាញព្រ័ត្រក្នុងស្រុកកោះធំ ខេត្តកណ្តាលផងដែរ។
សូមបញ្ជាក់ថា ល្បែងទាញព្រ័ត្រ ជាប្រភេទល្បែងមួយបែប ដែលយុវជនខ្មែទាំងបុរស ទាំងស្ដ្រី តែងលេងកម្សាន្តសប្បាយ។ ល្បែងទាញព្រ័ត្រ គេលេងដោយប្រើកម្លាំងកាយ ដែលបង្ហាញការរួបរួមគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះគូបដិបក្ខ។
![](https://image.thmeythmey.com/pictures/2024/04/21/d__3_.jpg)
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ល្បែងទាញព្រ័ត្រ ត្រូវចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។ ការចុះល្បែងទាញព្រ័ត្រ ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមការស្នើពីប្រទេសចំនួន៤ សុំចុះល្បែងទាញព្រ័ត្រចម្រុះជាតិសាសន៍ដែលក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕
![](https://image.thmeythmey.com/pictures/2024/04/21/d__4_.jpg)
រូបភាពពីហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Tag:
ល្បែងទាញព្រ័ត្រ
កម្ពុជា
កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com