ជាតិ
ប្រធានសភាកម្ពុជា ស្នើកាណាដាឱ្យបន្តគាំទ្រគោលដៅ«កម្ពុជាគ្មានមីន»ក្នុងឆ្នាំ២០២៥
14, May 2024 , 4:59 pm        
រូបភាព
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា(ខាងសាំង) ជួបជាមួយ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំកម្ពុជា។ រូបពី រដ្ឋសភា
សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា(ខាងសាំង) ជួបជាមួយ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដា ប្រចាំកម្ពុជា។ រូបពី រដ្ឋសភា
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្នើឱ្យទៅ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសកាណាដាប្រចាំកម្ពុជា ឱ្យបន្តគាំទ្រលើគម្រោង «កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់រដ្ឋសភាកម្ពុជា។

 
សម្ដេច ឃួន សុដារី បានជួបពិភាក្សាជាមួយ លោកស្រី ភីង អ៊ែម កីតនីកូន (Ping M. Kitnikone)កាលពីថ្ងៃទី១៣ឧសភា​ នៅវិមានរដ្ឋសភា ដោយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង​ និងមិត្តភាពដ៏ល្អរវាងកម្ពុជា​ និងកាណាដា ទោះបីប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក្តី ។ ប្រទេសទាំងពីរបានភ្ជាប់ការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥២មក។ សម្ដេច សុដារី បានលើកពីទំនាក់ទំនង កម្ពុជា-កាណាដា ចាប់តាំងពីក្រោយរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ ដល់មានទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ ឡើងវិញនៅឆ្នាំ១៩៩៣។ 
 
ប្រធានរដ្ឋសភាបានចាត់ទុកប្រទេសកាណាដា ជាតួអង្គសំខាន់ ក្នុងការរួមចំណែកដល់ដំណើរការកសាងសន្តិភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់កម្ពុជា ដែលក្នុងនោះជំនួយគាំទ្រទាំងផ្នែកបច្ចេកទេស​ និងហិរញ្ញវត្ថុ។ លើសពីនេះ សម្ដេច មើលឃើញថា កាណាដា ក៏បានចូលរួមស្តារ និងអភិវឌ្ឍន៍កម្ពុជា រួមមានវិស័យពាណិជ្ជកម្ម វិនិយោគ បោសសំអាតមីន កងកម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនួយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។ ហេតុនេះ ទើបសម្តេចបានស្នើដល់ ប្រទេសកាណាដាបន្តគាំទ្រដល់កម្ពុជា ដើម្បីសម្រេចបានគោលដៅ «កម្ពុជាគ្មានមីន» ត្រឹមឆ្នាំ២០២៥។
 
ទន្ទឹមនឹងនេះ ភាគីកាណាដា បានស្នើដល់កម្ពុជាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត រវាងកាណាដា​ និងអាស៊ានដែរ។ ចំណែកប្រធានរដ្ឋសភា បានស្នើដល់លោកស្រី ឯកអគ្គរាជទូតវិញ ឱ្យជួយបន្តយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ ឱ្យបានគ្រប់ជ្រុងជ្រោយឡើង។ 
 
កិច្ចសហប្រតិបត្តិការទាំងទ្វេភាគី​ និងពហុភាគី ជាកត្តាសំខាន់ ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ការពារសុខសន្តិភាព ស្ថិរភាពជូនប្រជាពលរដ្ឋ ក្នុងបរិបទសកលលោក ដែលកំពុងប្រឈមជាមួយបញ្ហាស្មុគស្មាញលើភូមិសាស្រ្ត​នយោបាយ សង្រ្គាម រួមនឹងការប្រែប្រួលអាកាសធាតុ ជាដើម។ បើតាមប្រធានសភា នាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរ សញ្ជាតិកាណាដាជាង ៤សែននាក់ កំពុងរស់នៅកាណាដា​ និងបានចូលរួមចំណែកជាធនធានសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា៕  

Tag:
 កម្ពុជាគ្មានមីន
  សភាកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com