អន្តរជាតិ
មនុស្សចាស់នៅជប៉ុនជាង៦ម៉ឺននាក់ អាចស្លាប់ក្នុងផ្ទះតែម្នាក់ឯងនៅឆ្នាំ២០២៤
15, May 2024 , 3:49 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ប្រជាជនជប៉ុន ដែលមានវ័យ៦៥ឆ្នាំ និងលើសពីនេះ ប្រមាណ ៦៨០០០នាក់ អាចនឹងស្លាប់នៅក្នុងផ្ទះតែម្នាក់ឯង នៅក្នុងឆ្នាំ២០២៤។ ទីភ្នាក់ងារប៉ូលិសជាតិជប៉ុន បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែឧសភា។

 
ជប៉ុន កំពុងប្រឈមបញ្ហាប្រជាជនមានអាយុចាស់ ខណៈប្រជាជនវ័យចំណាស់ ដែលរស់នៅតែម្នាក់ឯង កើនឡើងយ៉ាងខ្លាំង។ តាមការបញ្ជាក់របស់មន្រ្តីទីភ្នាក់ងារប៉ូលិសជាតិ លោក Kazuhito Shinka ទៅកាន់សភា នៅថ្ងៃទី១៣ ខែឧសភា គ្រាន់តែពីខែមករា ដល់ខែមីនា ប្រជាជនមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ បានស្លាប់នៅក្នុងផ្ទះតែម្នាក់ឯងមានរហូតដល់ ២១៧១៦នាក់។
 
«ផ្អែកតាមទិន្នន័យនេះ ដោយបូករួមទាំងការធ្វើអត្តឃាត ចំនួនមនុស្សវ័យចំណាស់ ស្លាប់នៅក្នុងផ្ទះម្នាក់ឯង ត្រូវបានប៉ាន់ប្រមាណនឹងកើនដល់ ៦៨០០០នាក់ ក្នុងឆ្នាំនេះ»។ សារព័ត៌មាន The Japan Times បានស្រង់សម្តីមន្រ្តីទីភ្នាក់ងារប៉ូលិសជាតិបែបនេះ។ 
 
តាមទិន្នន័យរបស់រដ្ឋាភិបាលនៅក្នុងឆ្នាំ២០២០ ប្រជាជនជប៉ុនរស់នៅតែម្នាក់ឯង បានកើនដល់៣៦ភាគរយ ហើយចំនួននេះ អាចបន្តកើនឡើងនៅពេលអនាគត។ ចំណែកប្រជាជនមានវ័យចាប់ពី៦៥ឆ្នាំឡើង រស់នៅក្នុងផ្ទះម្នាក់ឯង មានចំនួន ២៨,៦ ភាគរយ នៅក្នុងឆ្នាំ២០២០ ហើយវាអាចកើនឡើងបន្ថែមទៀត។ 
 
ចំណែកវិទ្យាស្ថានជាតិផ្នែកប្រជាជន បានប៉ាន់ប្រមាណថា ប្រជាជនជប៉ុនរស់នៅម្នាក់ឯងក្នុងឆ្នាំ២០២០ មានប្រមាណ ៧,៣៨លាននាក់ ហើយចំនួននេះ អាចកើនដល់ ៨,៨៧លាននាក់ នៅក្នុងឆ្នាំ២០៣០៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com