ជាតិ
ករណីបាញ់សម្លាប់ពេទ្យ​៖ ​ក្រសួងសុខាភិបាល ស្នើ​អាជ្ញាធរ​​ឱ្យ​ពង្រឹ​ង​សន្តិសុខ​​​​តាម​មណ្ឌលសុខភាព​
15, May 2024 , 5:29 pm        
រូបភាព
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបភាព៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបភាព៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំងអស់ ការ​​​បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូន​មន្ត្រីបុគ្គលិកសុខាភិបាល ក៏​ដូចជាអ្នកជំងឺ​និង​គ្រួសារ​ដែលទទួលសេវា ឬស្នាក់​នៅព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល។ សំណើនេះ ធ្វើឡើង បន្ទាប់ពីមានគ្រូពេទ្យ​ប៉ុស្តិ៍សុខភាពម្នាក់ ​ត្រូវបានជនល្មើសបាញ់សម្លាប់ នៅពេលប្រចាំ​ការនៅពេលយប់។

​លិខិតរបស់ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែឧសភា បញ្ជាក់ថា ក្រសួងសុខាភិបាល ​កំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧​ថ្ងៃ ក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវា​សុខា​ភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខ​ភាព​។ 
 
ដើម្បីធានាបាន​សុវត្ថិ​ភាព​គ្រប់ពេលវេលា ដល់មន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារ​ប្រជា ពលរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន​សុវត្ថិ​ភាព​» ក្រសួងសុខាភិបាល ស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់ ណែនាំ​ដល់សមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលគ្រប់មូលដ្ឋាល ឱ្យចុះល្បាតជាប់ជាប្រចាំ តាម​កន្លែង​សំខាន់ៗ​​ជុំវិញ​មូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌល​សុខភាព និងប៉ុស្តិ៍សុខភាព ដែលស្ថិ​តនៅតំបន់​ដាច់ស្រយាល។  
 
«ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែម​ទៀត​ដល់​អាជ្ញា​ធរ​មូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំង​ប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយជំនាញ នៅកន្លែង​សំខាន់ៗ​​ជុំវិញ​មូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់​ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជា​ពល​រដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់»។ នេះជាសំណូមពររបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោក ក៏មិនភ្លេច​អរគុណ ចំពោះ​ការប្រឹងប្រែង​របស់​អ្នក​ពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន​ ដែលតែងតែ​យកចិត្តទុកដាក់ រក្សាសន្តិសុខ និង​សុវត្ថិភា​ព​ជូន​ពលរដ្ឋ​នៅក្នុងមូលដ្ឋានរបស់ខ្លួន នាពេលកន្លងមក។
 
សូមជម្រាបថា ​ហេតុការណ៍គ្រូពេទ្យប៉ុស្តិ៍សុខភាព ត្រូវបានបាញ់សម្លាញ់នេះ កើតឡើង​នៅយប់​ថ្ងៃទី១២ ឧសភា នៅប៉ុស្តិ៍សុខភាពអណ្តូងក្រឡឹង ដែលស្ថិតឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ ដោយសារជនសង្ស័យ និង​ជនរងគ្រោះរងគ្រោះ ដែល​ជាគូស្នេហ៍នឹងគ្នា ឈ្លោះប្រកែកគ្នា។ ហេតុការណ៍នេះ ក៏មានជនរងគ្រោះម្នាក់ទៀត ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនោះ រងរបួសផងដែរ។ 
 
ក្រសួងសុខាភិបាល ក៏បានចេញលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អ្នក គ្រូពេទ្យ​​រងគ្រោះ និងបង្ហាញការ​សោកស្តាយចំពោះការបាត់បង់​សមាជិកក្រុមគ្រួសារ ម្តាយ មិត្តរួមការងារជាទីស្រឡាញ់ ​ជាពិសេសបាត់បង់នូវធនធានមនុស្សសុខាភិបាលមួយរូប នៃ​ប៉ុស្តិ៍សុខភាពអណ្តូងក្រឡឹង ក្នុងខេត្តមណ្ឌលគិរី ដែលជាធនធានមនុស្សដ៏ល្អក្នុងវិស័យ  ធនធានមនុស្ស​សុខាភិបាល​៕

© រក្សាសិទ្ធិដោយ thmeythmey.com