ជាតិ
ទណ្ឌិត៤៨៥នាក់ ត្រូវដាក់ឱ្យស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស
15, May 2024 , 7:59 pm        
រូបភាព
រូបពី អគ្គនាយកដ្ឋានពន្ធនាគារ
រូបពី អគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ ទណ្ឌិត៦៨៩នាក់ ត្រូវបានដាក់ស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស អំឡុងពេលចូលឆ្នាំខ្មែរ និងវិសាខបូជា។ នេះបើតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី១៣ឧសភា។

 
គណៈកម្មការជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបើកកិច្ចប្រជុំ ដោយមាន លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ចូលរួម។ តាមរយៈ សំណើសុំបន្ធូរបន្ថយទោសនិងលើកលែងទោស សម្រាប់បុណ្យចូលឆ្នាំ និងបុណ្យវិសាខបូជា និងគោលការណ៍មនុស្សធម៌ ក្នុងឆ្នាំ២០២៤ មានទណ្ឌិត៦៨៩នាក់។ ជាលទ្ធផល គណៈកម្មការនៃអង្គប្រជុំខាងលើ សម្រេចយកទណ្ឌិត៤៨៥នាក់ ដាក់ក្នុងបញ្ជី ស្នើសុំបន្ធូរបន្ថយទោសនិងលោកលែងទោស ដើម្បីបញ្ជូនទៅនាយករដ្ឋមន្ត្រីពិនិត្យ មុននឹងសម្រេចដាក់ថ្វាយព្រះមហាក្សត្រ ព្រះរាជទានបន្ធូរបន្ថយ និងលើកលែងទោស។ 
 
ក្នុងចំណោម អ្នកទោស ៤៨៥នាក់ មានស្រី៣៨នាក់។ អ្នកទោសទាំងនោះ មាន៣៣៤នាក់ ស្នើសុំបន្ថយ៣ខែ។ ចំណែក ១៣០នាក់ទៀត ស្នើសុំបន្ថយ៦ខែ ហើយ១៥នាក់ បន្ថយ៩ខែ។ រីឯទណ្ឌិត ស្នើសុំបន្ថយ១២ខែ មាន៥នាក់ និងស្នើសុំលើកលែងទោសមាន១នាក់ ជាស្ត្រី។ 
 
សូមជម្រាបថា ការបន្ធូរបន្ថយទោស និងលើកលែងទោស តែងតែធ្វើឡើងនៅអំឡុងពេលទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕ 

Tag:
 ទណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com