អន្តរជាតិ
សភាវៀតណាម អនុម័តការលាលែងពីតំណែងរបស់ប្រធានសភា
03, May 2024 , 1:59 pm        
រូបភាព
លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា។ រូបភាព AFP
លោក វឿង ឌិញហ្វេ ប្រធានរដ្ឋសភា។ រូបភាព AFP
រដ្ឋសភាវៀតណាម នៅថ្ងៃទី២ ខែឧសភា បានអនុម័តបញ្ចប់តំណែងរបស់លោក វឿង ឌិញហ្វេ ជាប្រធានសភា។ កន្លងមក លោក ហ្វេ បានដាក់ពាក្យលាលែងពីតំណែង ក្រោយជំនួយការរបស់លោកត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការរំលោភអំណាច។



បន្ទាប់ពីការបើកភ្លើងបៃតងពីបក្សកុម្មុយនីស្តវៀតណាមនៅសប្តាហ៍មុន រដ្ឋសភាវៀតណាម នៅថ្ងៃទី២ ខែឧសភា បានអនុម័តបញ្ចប់តំណែងលោក វឿង ឌិញហ្វេ ជាប្រធានរដ្ឋសភា ដែលត្រូវកាន់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំវិសាមញ្ញ។ 
 
លោក Tran Thanh Man សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានអចិន្រ្តៃយ៍ ត្រូវបានសភាអនុម័តឱ្យគ្រប់គ្រងកិច្ចការស្ថាប័នមួយនេះជំនួស។ 
 
ការលាលែងពីតំណែងរបស់លោក ហ្វេ កើតមានក្នុងរយៈពេលត្រឹម ១ខែប៉ុណ្ណោះ បន្ទាប់ពីលោក វ៉ វាន់ធឿង ប្រធានាធិបតីវៀតណាមលាលែង។ ករណីចុះចេញពីតំណែងរបស់មេដឹកនាំវៀតណាមទាំងពីរ គឺមានលក្ខណៈស្រដៀងគ្នា។ 
 
តាមរបាយការណ៍ពីគណៈកម្មការអធិការកិច្ចមជ្ឈិម ទាំងប្រធានរដ្ឋសភា និងប្រធានាធិបតីវៀតណាម សុទ្ធតែ បានបំពានគោលនយោបាយរបស់បក្សដែលធ្វើឱ្យប៉ះពាល់ដល់មតិសាធារណៈ និងមុខមាត់របស់បក្ស និងរដ្ឋ។ ទន្ទឹមនេះ ការលាលែងរបស់លោកធឿង និងលោក ហ្វេ ធ្វើឡើងក្រោយមនុស្សជំនិតរបស់អ្នកទាំងពីរត្រូវបានចាប់ខ្លួន។ 
 
សូមបញ្ជាក់ថា លោក ហ្វេ ជាមេដឹកនាំមួយរូប ដែលទទួលបានសញ្ញាបត្របណ្ឌិតផ្នែកសេដ្ឋកិច្ច ហើយលោកធ្លាប់ចំណាយពេលរហូតដល់ ២២ឆ្នាំ បង្រៀន និងគ្រប់គ្រងនៅសកលវិទ្យាល័យហិរញ្ញវត្ថុ និងគណនីទីក្រុងហាណូយ។ នៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ លោក ហ្វេ ធ្លាប់ជារដ្ឋមន្រ្តីហិរញ្ញវត្ថុ, ជាប្រធានគណៈកម្មការសេដ្ឋកិច្ចនៅចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ និងជាឧបនាយករដ្ឋមន្រ្តីនៅឆ្នាំ ២០១៦ ដល់ ២០២០៕ 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com