កីឡាជាតិ
ជាតិ
ភាពរីករាយ និងមិនតានតឹង ទាញចំណាប់អារម្មណ៍ស្ដ្រី៤រូប ក្លាយជាអ្នកសារព័ត៌មានកីឡា
03, May 2024 , 6:59 pm        
រូបភាព
អ្នកសារព័ត៌មានកីឡា ស្ដ្រីទាំង៤រូប
អ្នកសារព័ត៌មានកីឡា ស្ដ្រីទាំង៤រូប
ព័ត៌មានកីឡា បង្កើតភាពសប្បាយច្រើន ជាងភាពតានតឹង។ ចំណុចនេះ បានទាញចំណាប់អាម្មរណ៍ស្ដ្រី៤រូប ឱ្យក្លាយជាអ្នកសារព័ត៌មានកីឡា។



លោកស្រី សុខ លក្ខណ៍ អ្នកសារព័ត៌មានកីឡានៅស្ថានីយ៍ទូរទស្សន៍CNC បានប្រឡូកក្នុងវិស័យនេះ អស់រយៈពេល១២ឆ្នាំ គឺចាប់ពីឆ្នាំ២០១២ មកដល់ឆ្នាំ២០២៤។ អ្នកសារព័ត៌មានវ័យ ៣៦ឆ្នាំរូបនេះ បាននិយាយថា ការស្រឡាញ់ ចូលចិត្តវិស័យកីឡា បានធ្វើឲ្យរូបលោកស្រី មិនហត់នឿយចំពោះការងារឡើយ បើទោះជាពេលខ្លះ ធ្វើការមិនទៀងពេលវេលាក៏ដោយ។ 
 
ពិតណាស់ការប្រកួតកីឡា ឬព្រឹត្តិការណ៍កីឡាធំៗ ពេលវេលា និងទីកន្លែង មិនដូចគ្នាជំនាញដទៃឡើយ។ អ្នកសារព័ត៌មានកីឡា នឹងមិនអាចបានព័ត៌មានល្អៗទេ ប្រសិនជាមិនបានដានការប្រកួតទាំងនោះ។ ពេលខ្លះ ការប្រកួតអាចធ្វើនៅពេលយប់ និងទីកន្លែង ដែលនៅឆ្ងាយក៏មាន។ ប៉ុន្ដែទាំងនេះ មិនមែនជាឧបសគ្គធំរបស់ លោកស្រី សុខ លក្ខណ៍ ក្នុងការបំពេញតួនាទីឡើយ។
 
អ្នកសារព័ត៌មានរូបនេះ បាននិយាយប្រាប់ថា៖«មុនធ្វើធ្លាប់ស្រឡាញកីឡា ប៉ុន្ដែអត់យល់ ដល់ពេលចាប់ផ្ដើមធ្វើ គ្រាន់តែដឹងថាចូលចិត្ត ហើយធ្វើអស់ពីសមត្ថភាព ទោះជិតឆ្ងាយ មិនប្រកាន់ ឬក៏ពេលវេលា។»។
  
លោកស្រី សុខ លក្ខណ៍ អ្នកសារព័ត៌មានកីឡានៅស្ថានីយ៍ទូរទស្សន៍CNC បានប្រឡូកក្នុងវិស័យនេះ អស់រយៈពេល១២ឆ្នាំ ។

ចំណែកម្ចាស់មេដាយមាស៤ ប្រាក់១ និងសំរិទ្ធ១ ពីព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា លោកស្រី ប៉ាល់ ឆរស្ម៊ី ក៏ជាអ្នកសារព័ត៌មានស្ដ្រីមួយរូប នៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផងដែរ។ អ្នកសារព័ត៌មានវ័យ ៣៨ឆ្នាំរូបនេះ បានចូលបម្រើការនៅការិយាល័យព័ត៌មាន នៅឆ្នាំ២០១៩។ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ លោកស្រី ឆរស្ម៊ី កាន់តែមានចំណាប់អារម្មណ៍ក្នុងវិស័យសារព័ត៌មានកីឡាកាន់តែខ្លាំង ព្រោះរូបភាពនៃការផ្សព្វផ្សាយពីសកម្មភាពនានា នៃព្រឹត្តិការណ៍ដ៏ធំនោះ បានដក់ជាប់ក្នុងចិត្ត។ ម្យ៉ាងវិញទៀត លោកស្រី ក៏រំពឹងថា ក្រោយពីចូលនិវត្តន៍ជាកីឡាការិនីវ៉ូវីណាម ក្រៅពីធ្វើគ្រូបង្វឹក ក៏ធ្វើជាអ្នកសារព័ត៌មានកីឡា ផងដែរ។
 
«ខ្ញុំ យល់ថាវិស័យសារព័ត៌មាននេះ មានតម្លៃណាស់សម្រាប់ខ្ញុំ។ ក្នុងស៊ីហ្គេម ខ្ញុំ អរគុណមែនទែនលើផ្នែកសារព័ត៌មាន ព្រោះខ្ញុំគិតថាចូលរួមផ្សព្វផ្សាយច្រើន ទៅកាន់មជ្ឈិដ្ឋានខាងក្រៅ សម្រាប់ប្រភេទកីឡានានា។ ប្រសិនគ្មានការផ្សព្វផ្សាយ គ្មានការដឹងឮណាទៅខាងក្រៅទាំងអស់ ហើយព្រឹត្តិការណ៍កីឡាក៏គ្មានន័យអ្វីដែរ។»។ លោកស្រី ឆរស្ម៊ី បាននិយាយដូច្នេះ។

លោកស្រី ប៉ាល់ ឆរស្ម៊ី កីឡាការិនីវ៉ូវីណាម និងជាអ្នកសារព័ត៌មាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រូបពីហ្វេសប៊ុក ប៉ាល់ ឆរស្ម៊ី

ចំណែក កញ្ញា ថន ថាវរី កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ក៏បានក្លាយជាអ្នកសារព័ត៌មាននៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ផងដែរ បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ថាវរី ធ្លាប់ជាជម្រើសជាតិកម្ពុជា ប្រកួតក្នុងព្រឹត្តិការណ៍គប់វប្បធម៌វៀតណាម ឆ្នាំ២០១៦ និង បានទៅប្រកួតនៅព្រឹត្តិការណ៍ជើងឯកនិស្សិតកីឡាប៊ូល និងប៉េតង់ នៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨។
 
អ្នកសារព័ត៌មានវ័យ ២៨ឆ្នាំរូបនេះ និយាយថា ពេលប្រឡូកក្នុងវិស័យនេះ ជាលើកដំបូង ពោលគឺនៅដើមខែមិថុនា ឆ្នាំមុន រូបនាងមានអារម្មណ៍ភ័យ និងស្ទាក់ស្ទើរ ក្នុងការបង្ហាញមុខតាមការផ្សាយផ្ទាល់ និងការអានព័ត៌មាន។ ប៉ុន្ដែការអនុវត្តបាន១ឆ្នាំមកនេះ ថាវរី លែងសូវស្ទាក់ស្ទើរដូចមុន ដោយសារយល់ដឹងពីរបៀបបំពេញការងារបានច្រើនជាងមុន។ 
 
អ្នកសារព័ត៌មានរូបនេះ បាននិយាយដូច្នេះ៖«ដំបូង លំបាកព្រោះខ្ញុំ នៅភ័យ ហើយយើងមិនមែនអ្នកអាជីពអីទេ ប៉ុន្ដែដោយក្ដីស្រឡាញ់ ហើយយើងត្រូវរៀន។ ពីដំបូងក៏ភ័យ ក្រោយពេលយើងធ្វើវាម្ដងជា ២ដងទៅ រហូតក្លាយទៅ​ជាទម្លាប់ប្រចាំថ្ងៃ ហើយក៏យើងលែងភ័យវិញ។ ពេលខ្លះ យើងត្រូវសម្ភាសទាក់ទងនឹងកីឡាមួយចំនួន ពេលខ្លះយើងអត់សូវបានដឹង បានស្គាល់ឲ្យបានស៊ីជម្រៅ អំពីប្រភេទកីឡានីមួយៗ ទើបធ្វើឲ្យយើងពេលខ្លះពិបាករៀបចំសំណួរ ដើម្បីយកទៅសម្ភាស។»។ 

កញ្ញា នី លីមហ័ង ពិធីការិនី និងជាអ្នកសារព័ត៌មាន នៅទូរទស្សន៍ថោន រូបពី ហ្វេសប៊ុក Vicky

កញ្ញា នី លីមហ័ង ដែលត្រូវបានគេស្គាល់ថា MC Vicky ជាពិធីការិនីអត្ថាធិប្បាយកីឡាប្រដាល់គុនខ្មែរនៅទូរទស្សន៍ថោន និងជាអ្នកសារព័ត៌មានកីឡា ដោយបានចាប់ផ្ដើមការងារដំបូងនៅឆ្នាំ២០១៩។ ពិធីការិនីវ័យ ២៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការងារមួយចំនួនលំបាក ព្រោះមិនដឹងពីបច្ចេកទេស នៃកីឡា ជាពិសេសកីឡាប្រដាល់គុនខ្មែរ។ ប៉ុន្ដែព្រោះតែចិត្តស្រឡាញ់ និងចូលចិត្ត លីមហ័ង បានជម្នះធ្វើ និងស្វែងយល់បន្ថែមពីបច្ចេកទេសទាំងនោះ ដើម្បីឲ្យងាយស្រួលក្នុងការអត្ថាធិប្បាយ ជាមួយការក្លែមពាក្យសម្ដី។
 
កញ្ញា Vicky បានប្រាប់ដូច្នេះថា៖«សមិទ្ធផលរហូតមកដល់សព្វថ្ងៃនេះខ្ញុំពេញចិត្តណាស់ហើយព្រោះខ្ញុំបានសម្រេចរាល់ក្ដីស្រមៃរបស់ខ្ញុំទាំងអស់តាំងពីតូចដោយខ្លួនរបស់ខ្ញុំផ្ទាល់។ប៉ុន្តែខ្ញុំក៏មានគោលបំណងចង់ចែករំលែកបទពិសោធន៍និងចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយប្រសិនបើអាចខ្ញុំចង់ក្លាយទៅជាថ្នាក់ដឹកនាំនៅក្នុងស្ថាប័នកីឡាមួយរូប។»៕

កញ្ញា ថន ថាវរី កីឡាការិនីប៊ូល និងប៉េតង់ និងជាអ្នកសារព័ត៌មាន នៅក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រូបពីហ្វេសប៊ុក ថន ថាវរី
 

Tag:
 សុខ លក្ខណ៍
  ថន ថាវរី
  នី លីមហ័ង
  ប៉ាល់ ឆរស្ម៊ី
© រក្សាសិទ្ធិដោយ thmeythmey.com