អន្តរជាតិ
កូរ៉េខាងត្បូងព្រមានថា កូរ៉េខាងជើងអាចវាយប្រហារភេរវកម្មលើស្ថានទូតខ្លួននៅកម្ពុជា និងប្រទេស៤ទៀត
03, May 2024 , 7:29 pm        
រូបភាព
ទង់ជាតិកូរ៉េខាងជើង។ រូបភាព Reuters
ទង់ជាតិកូរ៉េខាងជើង។ រូបភាព Reuters
កូរ៉េខាងត្បូង នៅថ្ងៃទី២ ខែឧសភា បានព្រមានការវាយប្រហារភេរវកម្ម ដែលបង្កដោយកូរ៉េខាងជើងលើស្ថានបេសកកម្មខ្លួនប្រចាំនៅប្រទេសចំនួន ៥ ដោយក្នុងនោះរួមមានកម្ពុជាផង។ កូរ៉េខាងត្បូង បានដំឡើងកម្រិតអាសន្ននៃការវាយប្រហារមកកម្រិត៣ ក្នុងចំណោម ៤កម្រិត ក្រោយមានរបាយការណ៍ចារកិច្ចរបស់ខ្លួន។

 
ក្នុងកិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃទី២ ខែឧសភា កូរ៉េខាងត្បូង បានសម្រេចដំឡើងកម្រិតអាសន្នដល់កម្រិតទី៣ ក្នុងចំណោមកម្រិត ៤ ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មពីសំណាក់កូរ៉េខាងជើងលើស្ថានទូត និងស្ថានកុងស៊ុលខ្លួនប្រចាំនៅប្រទេសចំនួន ៥។ 
 
ការព្រមាននេះ កើតមានលើស្ថានទូតប្រចាំនៅកម្ពុជា, ឡាវ, វៀតណាម រួមទាំងស្ថានកុងស៊ុលខ្លួនប្រចាំនៅក្រុង Vladivostok របស់រុស្ស៊ី និងស្ថានកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅក្រុង Shenyang របស់ចិន។ 
 
«កម្រិតអាសន្ននេះ ត្រូវបានដាក់ចេញ​ នៅពេលវាអាចកើតមានលទ្ធភាពនៃការវាយប្រហារភេរវកម្ម»។ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap បានស្រង់សេចក្តីប្រកាសរបស់រដ្ឋាភិបាលបែបនេះ។ 
 
ចំណែកទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង បានបញ្ជាក់ថា ខ្លួនរកឃើញសញ្ញាមួយចំនួន ដែលកូរ៉េខាងជើង កំពុងរៀបចំការវាយប្រហារលើមន្រ្តីស្ថានទូត និងជនជាតិខ្លួននៅបរទេសដូចជា ចិន តំបន់អាស៊ីអាគ្នេយ៍ និងរុស្ស៊ីជាដើម។ បើតាមទីភ្នាក់ងារចារកិច្ច ក្រុងព្យុងយ៉ាង បានបញ្ជូនទីភ្នាក់ងាររបស់ខ្លួនទៅតាមដានស្ថានទូតកូរ៉េខាងត្បូង និងប្រជាជនខ្លួន ក្នុងគោលបំណងធ្វើសកម្មភាពភេរវកម្ម។ 
 
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ កូរ៉េខាងជើង តែងបញ្ជាក់ច្រើនលើកច្រើនសារពីជំហររបស់ខ្លួន ក្នុងការប្រឆាំងភេរវកម្មគ្រប់ទម្រង់។
 
គួររម្លឹកថា កូរ៉េខាងជើង ធ្លាប់ប្រព្រឹត្តអំពើភេរវកម្មប្រឆាំងកូរ៉េខាងត្បូង នៅក្នុងឆ្នាំ១៩៨៧ លើយន្តហោះរបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលកំពុងហោះនៅក្បែរមីយ៉ាន់ម៉ា។ កាលនោះ មនុស្សលើយន្តហោះទាំងអស់ចំនួន ១១៥នាក់ បានបាត់បង់ជីវិត។ 
 
បន្ទាប់ពីហេតុនោះ កូរ៉េខាងត្បូង និងអាម៉េរិក បានដាក់កូរ៉េខាងជើង ចូលទៅក្នុងបញ្ជីខ្មៅភេរវកម្ម។ យ៉ាងណាមិញ នៅក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោ​ន បានដកក្រុងព្យុងយ៉ាងពីបញ្ជីនោះវិញ ដើម្បីចរចាលើកម្មវិធីនុយក្លេអ៊ែរ។ នៅក្នុងឆ្នាំ២០១៧ អាម៉េរិក បានដាក់កូរ៉េខាងជើងជាថ្មី ចូលទៅក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្ម៕ 

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com