កីឡាជាតិ
ជាតិ
ជនអនាមិក ក្លែងបន្លំហ្វេសប៊ុកកីឡាករ-ការិនីគុនខ្មែរ យកទៅធ្វើទីផ្សារអនឡាញ
03, May 2024 , 8:59 pm        
រូបភាព
កីឡាករ-កីឡាការិនីគុនខ្មែរល្បីៗ មួយចំនួនក្លាយជាជនរងគ្រោះតាមបណ្ដាញសង្គម។ ជនអនាមិកមួយចំនួន ក្លែងបន្លំផេកហ្វេសប៊ុក និងយករូបអត្ដពលិកទាំងនោះទៅបង្ហោះ ដើម្បីទទួលបានការ Like និង Share ដើម្បីរកលុយតាមប្រព័ន្ធអនឡាញ ជាពិសេសការបង្កើតចលាចលលើបណ្ដាញសង្គមថែមទៀត។ អ្នកក្លែងបន្លំទាំងនោះ មិនបញ្ឈប់ទេ បើទោះជាកីឡាករ-កីឡាការិនី ស្នើមិនឲ្យធ្វើបែបនេះ ក៏ដោយ។



ករណីក្លែងបន្លំផេកហ្វេសប៊ុកកីឡាករ-កីឡាការិនី ដែលមានប្រជាប្រិយភាព នៅកម្ពុជា មានច្រើន ដូចជាករណីរបស់ កីឡាករប្រដាល់គុនខ្មែរ អេអាំម៉ារីន ភូថង, កីឡាករ ព្រំ សំណាង, ធឿន ធារ៉ា ជាដើម។ 
 
ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយនោះ​ បានផុសរូបរបស់ អេអាំម៉ារីន ហើយក៏ផ្សព្វផ្សាយរកអ្នកឧបត្ថម្ភលើផេករបស់ខ្លួន។ លោកស្រី ស សុម៉ាលី ម្ដាយរបស់កីឡាកររូបនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមហ្វេសប៊ុកថា ម្ចាស់ផេកក្លែងបន្លំនេះ បានឆាតទៅញ៉ែអ្នកគាំទ្រ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះកូនប្រុសខ្លួន។​ លោកស្រី សុម៉ាលី ដឹងពីបញ្ហានេះ ដោយសារអ្នកគាំទ្រ ដែលត្រូវបានផេកនោះឆាតញ៉ែ ប្រាប់បែបនេះ។ 
 
លោកស្រី បានបន្ដទៀតថា រូបខ្លួន រួមទាំងកូនប្រុស បានផ្ញើសារសួរនាំ និងសុំឲ្យផេកក្លែងបន្លំនោះឈប់ធ្វើរឿងនេះ ប៉ុន្ដែត្រូវបានជនអណាមិកនោះ តបថាគ្រាន់តែចង់ឲ្យ អេអាំម៉ារីន ល្បីប៉ុណ្ណោះ។ ដោយឡែក លោកស្រី សុម៉ាលី ចាត់ទុកថានេះ មិនមែនជាការជួយផ្សព្វផ្សាយពីកូនប្រុសខ្លួនទេ ប៉ុន្ដែជាយកឈ្មោះ អេអាំម៉ារីន ទៅធ្វើទីផ្សាររកលុយទៅវិញ។ 
 
«បើចង់ឲ្យកូនខ្ញុំល្បី មិនបាច់យកឈ្មោះកូនខ្ញុំដាក់លើហ្វេសប៊ុក ហើយឆាតទៅគេបែបនេះទេ។ បើចង់ឲ្យកូនខ្ញុំល្បីពិតមែន សូមដាក់ឈ្មោះម្ចាស់ផេចផ្ទាល់ ហើយគ្រាន់តែដាក់រូបកូនខ្ញុំបានហើយ។»។ អ្នកម្ដាយរូបនេះ បាននិយាយដូច្នេះ។
 
ករណីឆាតរញ៉េរញ៉ៃទៅអ្នកគាំទ្រ និងផ្សាយទីផ្សារអនឡាញ ដោយប្រើគណនីក្លែងក្លាយនេះ ក៏បានកើតលើ ធឿន ធារ៉ា ផងដែរ។
 
ចំណែកផេកក្លែងបន្លំជាកីឡាករ ព្រំ សំណាង ជនអនាមិកនោះ បានបង្ហោះសារឌឺដងដាក ធឿន ធារ៉ា ដែលជាការបង្កើតឲ្យមានទំនាស់ និងចលាចលលើបណ្ដាញសង្គម។ ហ្វេសប៊ុកក្លែងក្លាយនោះ បានបង្ហោះដូច្នេះថា៖«រាល់ថ្ងៃ គេលើក ធឿន ធារ៉ា ដល់កម្រិតកំពូលចុងត្នោត ទាំងដែលវាយមិនឈ្នះក្រុងចក្រផង។ តាំងពីបាក់ដៃដោយសារក្រុងចក្រមក គេដាក់លំដាប់ C ឲ្យស៊ីគ្រប់ប្រកួត។ ដៃគូខ្លះ មិនទាំងដែលឮឈ្មោះផង។ ខុសដាច់ពីព្រំ សំណាង ជួបដៃគូសុទ្ធតែលំដាប់ប្រទេសល្បី ដូចជា ដាវ លីឌុច, ទន់ ទន់មីន, ជម្រើសជាតិអឺរ៉ង អាមេរិក ហើយក៏ត្រូវពួកឆ្កែតាមខាំគ្រប់ប្រកួត។»។
 
ក្រោយពីមានការបង្ហោះបែប កីឡាករ ព្រំ សំណាង និង លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញបដិសេធថានេះ មិនមែនជាផេចផ្លូវការរបស់ព្រំ សំណាង ឡើយ។ អគ្គលេខាធិការរូបនេះ ចាត់ទុកថាបុគ្គលទាំងនោះ កំពុងរកលុយតាមប្រព័ន្ធអនឡាញ ប៉ុន្ដែបំផ្លាញដល់ការអភិវឌ្ឍវិស័យកីឡាគុនខ្មែរ។
 
លោក ជា សុភារិន អ្នកផលិតមាតិកាគុនខ្មែរ អំពាវនាវដល់ជនអណាមិកទាំងនោះ ឲ្យឈប់ធ្វើទង្វើទាំងនោះ ហើយងាកមកធ្វើមាតិកាល្អជុំវិញគុនខ្មែរវិញ ព្រោះអាចរកចំណូលបានដូចគ្នា។ «ក្លែងបន្លំហ្វេសប៊ុក ហើយដើរតួជាកីឡាករ ដើម្បីឲ្យមានផេចខ្លួនមានប្រជាប្រិយភាព នឹងងាយស្រួលបានអ្នកឧបត្ថម្ភ។ នេះ គេមិនមែនហៅថាជួយផ្សព្វផ្សាយទេ ប៉ុន្ដែគឺកំពុងបំផ្លាញ។ យើង នាំគ្នាមកធ្វើមាតិកាល្អៗ មក ហើយមានគេមើលច្រើន ដូចគ្នា។»។ អ្នកផលិតមាតិការូបនេះ យល់ឃើញដូច្នេះ៕

Tag:
 ជា សុភារិន
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com