ជាតិ
បទសម្ភាសន៍
និស្សិតចាប់យកជំនាញសារព័ត៌មាន ដោយមើលឃើញពីសារសំខាន់ និងគុណតម្លៃ
03, May 2024 , 9:59 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ រួមបញ្ចូលជាមួយក្តីស្រឡាញ់ សារសំខាន់ និងគុណតម្លៃរបស់សារព័ត៌មាន ជាកត្តាជំរុញឱ្យសិស្ស-និស្សិតចាប់យកជំនាញសារព័ត៌មាន។ ប៉ុន្តែបច្ចុប្បន្ននិស្សិតរៀនជំនាញសារព័ត៌មាននៅមានកម្រិតនៅឡើយ។ បើទិន្នន័យការស្ទង់មតិដែលក្រសួងព័ត៌មានលើកយកមកបង្ហាញ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី៣០មេសា ឆ្នាំ២០២៤ លើអ្នកសារព័ត៌មាន៣៤១ បានរកឃើញថា មានអ្នកសារព័ត៌មានត្រឹមតែ២,២៥ភាគរយប៉ុណ្ណោះ បានរៀនជំនាញវិជ្ជាជីវសារព័ត៌មានពីមហាវិទ្យាល័យ។

 
លោក លី រូស្សឡាន និស្សិតជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើកឡើងថា  ដំបូងលោកមិនបានចាប់អារម្មណ៍លើជំនាញសារព័ត៌មានទេ ជំនាញដែលលោកចាប់អារម្មណ៍គឺជំនាញទំនាក់ទំនង ដែលស្ថិតក្នុងដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ជាមួយគ្នា។ ប៉ុន្តែក្រោយពីបានសិក្សាជំនាញសារព័ត៌មានខ្លះៗនៅឆ្នាំមូលដ្ឋាន លោកយល់ឃើញថា ខ្លួនឯងចូលចិត្តជំនាញសារព័ត៌មានច្រើនជាង។ «នៅពេលដែលខ្ញុំចូលរៀនឆ្នាំទី១ ឆ្នាំទី២ មានមុខវិជ្ជាផ្តោតទៅលើផ្នែកសរសេរអត្ថបទព័ត៌មាន ដូចជាព័ត៌មានទាន់ហេតុការណ៍ បទយកការណ៍ជាដើម នៅពេលដែលចាប់ផ្តើមឆ្នាំទី១ ខ្ញុំក៏ចូលចិត្តសរសេរព័ត៌មានទាំងអស់នឹង»។ នេះជាការបញ្ជាក់របស់យុវជនវ័យ២១ឆ្នាំរូបនេះ។
 
លោកបន្តថា តាមរយៈការរៀន ការសរសរច្រើន អានព័ត៌មានច្រើន ធ្វើឱ្យលោកមើលឃើញពី សារៈសំខាន់ និងគុណតម្លៃរបស់សារព័ត៌មាន។ «ដំបូងឡើយ មិនគិតថាជំនាញសារព័ត៌មានសំខាន់ទេ នៅពេលយើងបានរៀន បានសរសេរ និងអានព័ត៌មានច្រើនទៅ ធ្វើឱ្យយើងស្គាល់ពីសារៈសំខាន់របស់វា»។នេះជាការលើកឡើងរបស់លោក លី រូស្សឡាន។ ដោយមើលឃើញបែបនេះ ធ្វើឱ្យការគិតរបស់លោក ដែលធ្លាប់ស្ទាក់ស្ទើរលើជំនាញនេះប្រាកដចិត្តកាន់តែខ្លាំងឡើង។ និស្សិតឆ្នាំទី ៣ រូបនេះបន្ថែមថាការចុះកម្មសិក្សា បានសម្ភាសប្រភពផ្សេងៗ សម្ភាសប្រជាពលរដ្ឋ សម្ភាសមន្ត្រីក្នុងជួររដ្ឋាភិបាល ពាំនាំបញ្ហា ទុក្ខលំបាកដែលពួកគាត់ជួបប្រទះ មកផ្សព្វផ្សាយ ធ្វើឱ្យលោកយល់កាន់តែច្បាស់ពីគុណតម្លៃ និងតួនាទីនៃសារព័ត៌មាន។
 

 លោកលី រូស្សឡាន និស្សិតរៀនជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ 

ដោយចង់ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងមើលឃើញថា ប្រជាពលរដ្ឋត្រូវការសំឡេងជាច្រើន ដើម្បីជួយផ្សព្វផ្សាយពីបញ្ហារបស់ពូកគាត់។ យុវជនមកពីខេត្តត្បូងឃ្មុំរូបនេះ មានគោលដៅចង់ក្លាយជាអ្នកសរសេរព័ត៌មានផ្នែកសង្គមដ៏មានឥទ្ធិពលម្នាក់។ លោកលី រូស្សឡានប្រាប់ឱ្យដឹងថា៖ «នៅពេលជួបប្រជាពលរដ្ឋ ខលសម្ភាសប្រជាពលរដ្ឋ ដឹងពីបញ្ហារបស់ពួកគាត់ គឺវាជំរុញឱ្យចិត្តយើងចង់តែធ្វើអានឹងបន្ថែម ដើម្បីផ្សាយសំឡេងជំរុញឱ្យមានការដោះស្រាយបញ្ហាកាន់តែប្រសើរ»។ ម្យ៉ាងវិញទៀត លោកសង្កេតឃើញថា ព័ត៌មានដែលធ្វើរឿងសេដ្ឋកិច្ច កីឡា អប់រំ គឺមានច្រើន ចំណែកព័ត៌មានផ្សព្វផ្សាយពីបញ្ហាសង្គមនៅខ្វះខាតច្រើន។ 
 
ទន្ទឹមនឹងនេះកញ្ញា ខេម សុគន្ធី ក៏ជានិស្សិតកំពុងសិក្សាលើជំនាញសារព័ត៌មាន មួយរូបដែរ។ កញ្ញារៀបរាប់ថា មូលហេតុដែលកញ្ញាជ្រើសរើសយកជំនាញនេះ ដោយសារការស្រឡាញ់ និងជាក្តីស្រមៃ របស់កញ្ញាតាំងពីតូច។ មួយវិញទៀត​ កញ្ញាសង្កេតឃើញថា ជំនាញសារព័ត៌មាន ត្រូវជាមួយអត្តចរិតរបស់កញ្ញា ដែលចូលចិត្តទំនាក់ទំនង និងការសរសេរ​។ នៅពេលគ្រូដាក់កិច្ចការឱ្យទៅសម្ភាស ទៅយកព័ត៌មានកញ្ញាសប្បាយចិត្តនឹងធ្វើ ហើយអាចធ្វើបាន ទោះបីធ្វើមិនបានល្អដូចអ្នកអាជីពក៏ដោយ។ «កិច្ចការដែលគ្រូដាក់ឱ្យ ត្រូវចុះសម្ភាសគេ ​នៅទីកន្លែងណាមួយ ហើយពីកិច្ចការទាំងអស់ហ្នឹង ខ្ញុំទទួលបានចំណេះដឹងជាច្រើន»។ នេះជាសម្តីរបស់សុគន្ធី។

 កញ្ញា ខេម សុគន្ធី និស្សិតរៀនជំនាញប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ 

និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះ បានបង្ហាញក្តីស្រមៃចង់ក្លាយជាអ្នកសរសេរព័ត៌មានផ្នែកវប្បធម៌ និងអប់រំ។ កញ្ញាគិតថា ផ្នែកទាំងពីនេះល្អ ជួយសង្គមបានច្រើន និងជាអ្វីដែលកញ្ញាចង់ផ្សព្វផ្សាយ។ យុវតីវ័យ ២១ឆ្នាំរូបនេះបញ្ជាក់ថា៖ « ខ្ញុំស្រឡាញ់ផ្នែកវប្បធម៌ ការអប់រំ គឺចេញពីខ្លួនឯងផ្ទាល់ ហើយខ្ញុំគិតថាផ្នែកនឹងល្អ ជួយសង្គមបានច្រើន អ្វីផ្សេងក៏ល្អដែរតែសម្រាប់ខ្ញុំ ខ្ញុំយល់ឃើញពីសារប្រយោជន៍លើផ្នែកហ្នឹង»។ អ្នកខេត្តកំពង់ធំរូបនេះបន្តដូច្នេះ។
​ 
ចំណែកកញ្ញា ពោង ស្រីរ៉ា ជានិស្សតជំនាញ សិល្បៈ និងសិក្សាអំពីព័ត៌មាន ប្រាប់ឱ្យដឹងថាបើទោះបីជំនាញសារព័ត៌មានមិនសូវមានអ្នករៀនច្រើន ប៉ុន្តែកញ្ញានៅតែចាប់យកជំនាញនេះ ដោយសារក្តីស្រឡាញ់។ មួយវិញទៀតកញ្ញាមើលឃើញថា ជំនាញសារព័ត៌មានជាជំនាញមួយ ទាមទារចំណេះដឹងច្រើន ភាពក្លាហាន បានរៀនសូត្រ និងទទួលបានចំណេះដឹងថ្មីៗជារៀងរាល់ថ្ងៃ ដែលទាំងអស់នេះជាអ្វីដែលកញ្ញាចង់បាន។ 
 
កញ្ញា ពោង ស្រីរ៉ា និស្សិតរៀនជំនាញ សិល្បៈ និងសិក្សាអំពីព័ត៌មាន

ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យកម្ពុជា កញ្ញា ស្រីរ៉ា បន្ថែមថា ជំនាញសារព័ត៌មានគឺទូលំទូលាយ បត់បែនច្រើន ទាមទារឱ្យមានការអភិវឌ្ឍសមត្ថភាពជារៀងរាល់ថ្ងៃ។ យុវតីវ័យ ២១ឆ្នាំរូបនេះ ចង់ឃើញខ្លួនឯងក្លាយជាអ្នកសរសរអត្ថបទព័ត៌មានសេដ្ឋកិច្ចដ៏ឆ្នើមម្នាក់ នៅថ្ងៃអនាគត ដែលអាចរួមចំណែកជួយផ្សព្វផ្សាយសេដ្ឋកិច្ចជាតិ ។ ដោយមើលឃើញពីគុណតម្លៃ នឹងសារសំខាន់នៃសារព័ត៌មាន កញ្ញា ពោង ស្រីរ៉ា​ ចង់ឃើញយុវជនសិក្សាជំនាញសារព័ត៌មានឱ្យបានច្រីន។ កញ្ញាលើកទឹកចិត្តថា៖ «សម្រាប់ជំនាញសារព័ត៌មាន មិនមែនមានតែផ្នែកសរសរអត្ថបទទេ សម្រាប់អ្នករៀនជំនាញនេះ អាចក្លាយជាជាងថត អ្នកកាត់វីដេអូ និងផលិតមាតិកាវីដេអូព័ត៌មានជាដើម»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com