ជាតិ
របរធ្វើអាកោត្នោតអ្នកស្រី ថ្លុង ថាន ជួយស្រ្តីជិត៣០នាក់មានការងារធ្វើនៅជិតផ្ទះ
05, May 2024 , 9:57 am        
រូបភាព
អ្នកស្រី ថ្លុង ថាន កំពុងរៀបចំចាក់ម្សៅធ្វើនំអាកោត្នោត។
អ្នកស្រី ថ្លុង ថាន កំពុងរៀបចំចាក់ម្សៅធ្វើនំអាកោត្នោត។
សៀមរាប៖ ជាង៣ឆ្នាំមកហើយ ដែលគ្រួសារអ្នកស្រី ថ្លុង ថាន នៅភូមិព្រះដាក់បានចាប់ផ្តើមរបរធ្វើអាកោត្នោតលក់។ អាកោរត្នោត បាននាំភាពល្បីល្បាញដល់អ្នកភូមិព្រះដាក់ ស្រុកបន្ទាយស្រី ហើយភ្ញៀវទេសចរក្នុងស្រុកជាច្រើនតែងស្កាត់មកភ្លក់នំខ្មែរនេះជានិច្ច រាល់ពេលពួកគេមកដល់ខេត្តសៀមរាប។

 
ភាពល្បីសុសសាយ រួមផ្សំនឹងរសជាតិឆ្ងាញ់នៃអាកោត្នោតខ្មែរ ធ្វើឱ្យភូមិព្រះដាក់ បង្កើនប្រជាប្រិយភាពជាខ្លាំង គឺឱ្យតែនិយាយពីភូមិនេះ គេនឹកឃើញដល់នំអាកោត្នោតភ្លាម។ អ្នកស្រី ថ្លុង ថាន ជាគ្រួសារមួយក្នុងចំណោមគ្រួសារច្រើនទៀតនៅភូមិព្រះដាក់ ដែលធ្វើនំអាកោត្នោតលក់។ តូបអ្នកស្រី ថាន អាចនិយាយបានថាជាកន្លែងលក់ដាច់ជាងគេក៏ថាបាន។ រាល់ថ្ងៃធម្មតា តាមផ្លូវមុខតូបនេះរៀងមមាញឹកជាងគេ ហើយថ្ងៃបុណ្យទានទៀតសោត កកស្ទះម្ដងម្កាល។ ថ្ងៃធម្មតា អ្នកស្រីលក់នំអាកោត្នោតអស់ខ្ទង់៣០០ស្មុគ ដែលក្នុងមួយស្មុគមាន៩នំ តម្លៃ១ម៉ឺនរៀល។
 
មានវ័យ៤០ឆ្នាំ អ្នកស្រី ថាន ប្រាប់ថា បានចាប់ផ្តើមរបរជាលក្ខណៈគ្រួសារមួយនេះនៅឆ្នាំ២០២០។ ធ្វើទៅអតិថិជនសរសើរថា រសជាតិឆ្ងាញ់ បូកផ្សំនឹងការច្នៃរសជាតិបន្ថែម គឺមានដាក់ខ្ទិះដូងនៅក្នុងនំ ទើបធ្វើឱ្យផ្ទុះការគាំទ្រជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃ។ រំឭកគ្រាដំបូងអ្នកស្រី ថាន ប្រាប់ថា ចាប់ផ្តើមរបរនេះដោយមានគ្នាតែ៣នាក់ប៉ុណ្ណោះ ប៉ុន្តែជាបន្តបន្ទាប់ អ្នកស្រីត្រូវការកម្លាំងជួយកាន់តែច្រើន ព្រោះការលក់ក៏កាន់តែដាច់ទៅៗ។

 ក្រុមស្រ្តីភូមិព្រះដាក់កំពុងអង្គុយឈូសសាច់ត្នោតទុំ
 
បច្ចុប្បន្នតូបលក់នំអាកោត្នោតអ្នកស្រី ថ្លុង ថាន មានបុគ្គលិកខ្ទង់៣០នាក់ ភាគច្រើនជា ស្រ្តីនៅក្នុងភូមិព្រះដាក់តែម្ដង។ អ្នកទាំងនោះច្រើននៅផ្ទះ មេថែកូនចៅ ឪពុកម្ដាយចាស់ ជរាជាដើម។ ការណ៍នេះ ធ្វើឱ្យពួកគេអាចរកចំណូលមួយផ្នែកចូលគ្រួសារ ដោយមិនបាច់ទៅរកការងារនៅឆ្ងាយ។ អ្នកស្រី ថាន ប្រាប់ថា បុគ្គលិកទាំងនោះ ចែកទៅតាមផ្នែកផ្សេងៗ ដូចជា ឈូសត្នោតទុំ ដូង លាយម្សៅ ចាក់ម្សៅ និងលក់នំជាដើម។ 
 
ចំពោះវត្ថុធាតុដើមដូចជាដូង ត្នោត ស្ករ និងអង្ករជាដើម សុទ្ធសឹងជារបស់ក្នុងស្រុក ដែល វាបានរួមចំណែកជួយសេដ្ឋកិច្ចក្នុងមូលដ្ឋានមួយផ្នែក។ ម្ចាស់អាជីវកម្មអាកោត្នោតព្រះ ដាក់ ថ្លុង ថាន យល់ថា វាជារឿងល្អមួយដែលអ្នកស្រីពេញចិត្ត ព្រោះវាបានជួយប្រជា ពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមពីនេះ របស់ក្នុងស្រុកទាំងនោះមានទំនុកចិត្តពីអតិថិជន ហើយរសជាតិក៏ឆ្ងាញ់ខុសពីរបស់នាំចូល។


 
អាជីវកម្មជាលក្ខណៈគ្រួសារបែបនេះ អ្នកស្រី ថ្លុង ថាន មិនធ្លាប់ស្រមៃទេថា អាចផ្តល់ ការងារ និងជួយអ្នកភូមិច្រើនគ្រួសារឱ្យមានជីវភាពសមរម្យ។ «របរនេះជួយបានច្រើន ដូច ខ្ញុំម្ចាស់មែន ប៉ុន្តែយើងទិញផលិតផលក្នុងស្រុកទាំងអស់។ យើងចំណេញត្រង់ថា អត់បាន ទៅធ្វើខ្លួនឯង តែចំណេញលើទិញពីពួកគាត់ ធ្វើឱ្យប្រជាពលរដ្ឋមានទាំងអស់គ្នា ធ្វើនៅក្នុង ភូមិមួយ មានពលរដ្ឋច្រើនគ្រួសារមកធ្វើការ ជួយជីវភាពគាត់បានច្រើនដែរ ឥឡូវអ្នកភូមិខ្ញុំ គាត់ធូរធារជាងមុន»។
 
អ្នកស្រី ថ្លុង ថាន បន្ថែមថា៖« សប្បាយចិត្ត មិនដែលគិតថាខ្លួនឯងមានកិត្តិយសអាចជួយអ្នកដទៃបានច្រើន យើងស្រមៃត្រឹមថាអាចជួយត្រឹមតែទិញរបស់របរពួកគាត់ញុំាធម្មតា មិនបានដល់ថ្នាក់ថា ឱ្យពួកគាត់មានកំណើនសេដ្ឋកិច្ចគ្រួសារទេ តែដល់ពេលធ្វើជោគជ័យ ទៅ យើងសប្បាយចិត្តរកអ្វីប្រៀបផ្ទឹមមិនបានទេ ពេលឃើញពួកគាត់ធូរធារ និងសប្បាយ ចិត្តពេលគាត់ឈប់ចោលរបស់ដែលមានតម្លៃដូចជាស្លឹកចេក ឈប់កាប់ចោល គាត់កាត់ លក់ឱ្យយើង។ ទុំត្នោតក៏ដូចគ្នា គាត់ចាំមើលតែថាវាទុំ រើសមកលក់ឱ្យយើង»។ 
 
កំពុងអង្គុយឈូសត្នោតទុំនៅរោងខាងក្រោយជាមួយក្រុមស្រ្តីឯទៀតមានគ្នាខ្ទង់១០នាក់ដោយទឹកមុខរីករាយ អ្នកស្រី មឿន សាវី ការងារនៅទីនេះជួយអ្នកស្រីបានច្រើន ដោយមិន ចាំបាច់ទៅរកការងារធ្វើឆ្ងាយពីផ្ទះ។


អ្នកស្រី មឿន សាវី កំពុងឈូសត្នោតទុំ
 
ក្នុងមួយថ្ងៃអ្នកស្រីបានកម្រៃពីការជួយការងារនៅ កន្លែងលក់អាកោត្នោតចន្លោះពី ៣០,០០០ រៀល ទៅ៣៥,០០០រៀល។ អ្នកស្រីបន្ថែមថា៖« សម្រាប់ខ្ញុំរបរនេះ គាត់បាន ជួយឱ្យមានការងារជិតផ្ទះ មិនពិបាកទៅឆ្ងាយ បើយើងរវល់អី សុំគាត់ទៅមុនបាន»។
 
ចំណែកអ្នកស្រី ម៉ត់ ធាន វ័យ៤១ឆ្នាំ បានចូលធ្វើការផ្នែកឈូសត្នោតទុំ ជាង១ខែមកហើយ ដែលពីមុនអ្នកស្រីនៅតែផ្ទះប៉ុណ្ណោះ។ ជាការងារស្រួលដែលអ្នកស្រី ធាន ប្រាប់ថា អាចធ្វើ បានសម្រាប់ស្រ្តីៗ គ្រាន់តែតម្រូវឱ្យយើងចេះមើលត្នោតណាទុំល្អ ណាដែលមិនល្អ មិន អាចយកមកធ្វើបាន។ ក្រោយឈូសរួច គេត្រូវយកស្បៃមកត្រង និងយកវាទៅសម្ងួតឱ្យល្អ ។ អ្នកស្រី ធាន បន្ថែមថា៖« នៅទីនេះបានផ្តល់ការងារល្អដល់ក្រុមស្រ្តីៗ ដែលទំនេរពី ការងារនៅផ្ទះ មកធ្វើទីនេះ បានកម្រៃជួយសម្រាលបន្ទុកគ្រួសារមួយផ្នែកដែរ»។ 
 
ជារបរដែលកំពុងជួយទាំងសេដ្ឋកិច្ចសង្គម និងលើកតម្លៃអត្តសញ្ញាណខ្មែរ អ្នកស្រី ថាន មានមោទកភាព ដែលធ្វើឱ្យគេស្គាល់នំអាកោត្នោតរបស់ខ្មែរ ទៅកាន់ជាតិសាសន៍ទៀត បានស្គាល់ និងភ្លក់រសជាតិ។ ជាមួយគ្នានោះ អ្នកស្រីក៏អរគុណដល់អតិថិជនទាំងអស់ ដែលជួយគាំទ្រ និងធ្វើឱ្យរបរមួយនេះ ជោគជ័យរហូតមកដល់សព្វថ្ងៃ។ អ្នកស្រី ថាន៖«ខ្ញុំអរគុណ ដល់អ្នកដែលគាំទ្រនំខ្មែរនំអាកោត្នោត អរគុណអតិថិជនទាំងចាស់ទាំងថ្មី សាកល្បងចង់ដឹងថានំឆ្ងាញ់ប៉ុន្មាន និងអរគុណដល់មគ្គុទ្ទេសក៍ដែលតែងចំណាយពេល ជួយយកភ្ញៀវមកភ្លក់នំខ្មែរ ឱ្យស្គាល់នំខ្មែរ និងបានផ្សព្វផ្សាយបានច្រើន»៕



Tag:
 អាកោត្នោត
  ត្នោត
© រក្សាសិទ្ធិដោយ thmeythmey.com