អន្តរជាតិ
ចិន សម្ពោធនាវាដឹកយន្តហោះចម្បាំងទំនើបទីបី ដែលអភិវឌ្ឍក្នុងស្រុកទាំងស្រុង
17, Jun 2022 , 8:29 pm        
រូបភាព
នាវាដឹកយន្តហោះចម្បាំងទី៣ របស់ចិន Fujian។ រូបភាព៖ Xinhua
នាវាដឹកយន្តហោះចម្បាំងទី៣ របស់ចិន Fujian។ រូបភាព៖ Xinhua
ចិន នៅថ្ងៃទី១៧ ខែមិថុនា បានសម្ពោធនាវាដឹកយន្តហោះចម្បាំងទី៣ របស់ខ្លួនជាផ្លូវការ បន្ទាប់ពីសាងសង់រួច។ នាវាដឹកនាំយន្តហោះ ដែលត្រូវបានអភិវឌ្ឍ និងរចនាឡើងនៅក្នុងស្រុកទាំងអស់នេះ ត្រូវបានដាក់ឈ្មោះថា Fujian។

 
បន្ទាប់ពីចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៨ នាវាដឹកយន្តហោះចម្បាំងប្រភេទ Type-003 បានសម្ពោធជាផ្លូវការហើយនៅថ្ងៃទី១៧ ខែមិថុនា នៅកន្លែងសាងសង់នាវា China State Shipbuilding Corporation (CSSC)។ នាវាដឹកយន្តហោះចម្បាំងទី៣ របស់ចិននេះ ត្រូវបានដាក់ឈ្មោះថា Fujian ដែលជាខេត្តឈមមុខនឹងកោះតៃវ៉ាន់តែម្ដង។
 
ដោយខុសពីនាវា២មុន នាវាដឹកយន្តហោះចម្បាំងចុងក្រោយនេះ បានប្រើបច្ចេកវិទ្យាសម្រាប់ជំនួយយន្តហោះឱ្យហោះឡើង និងទប់យន្តហោះពេលចុះចតដូចនាវាដឹកយន្តហោះអាម៉េរិកប្រើសព្វថ្ងៃដែរ។ បច្ចេកវិទ្យាទាំងនេះ អាចជួយកាត់បន្ថយហានិភ័យរបស់យន្តហោះចម្បាំង នៅពេលហោះឡើង និងចុះចតលើនាវាចម្បាំង។ Fujian ជានាវាចម្បាំង ដែលធំជាងនាវាចម្បាំងរបស់ចិនចំនួនពីរមុន ហើយថែមទាំងអាចផ្ទុកយន្តហោះចម្បាំងច្រើនជាងមុន ត្រូវបានរចនា និងអភិវឌ្ឍនៅក្នុងស្រុកទាំងស្រុង។ មិនតែប៉ុណ្ណោះ Fujian ក៏បំពាក់ប្រព័ន្ធអាវុធជំនាន់ចុងក្រោយផងដែរ។ 
 
នាវាដែលទើបតែសាងសង់រួចនេះ ត្រូវសាកល្បង និងបំពាក់គ្រឿងបរិក្ខារផ្សេងទៀត មុននឹងដាក់ឱ្យប្រតិបត្តិការក្នុងយោធាចិន។ លោក Ridzwan Rahmat អ្នកជំនាញយោធានៅក្នុងក្រុមហ៊ុន Janes បានប៉ាន់ប្រមាណថា នាវា Fujian អាចត្រូវបានប្រើប្រាស់ក្នុងយោធាចិន នៅចុងឆ្នាំ២០២៤ ក្រោយការសាកល្បងរួចរាល់។
 
បច្ចុប្បន្ន ចិនមាននាវាដឹកយន្តហោះចម្បាំងចំនួនពីរ ដែលពុំបំពាក់បច្ចេកវិទ្យាជំរុញការហោះរបស់យន្តហោះឡើយ។ នាវាទីមួយឈ្មោះ Liaoning ជានាវាផលិតដោយសហភាពសូវៀត និងនាវាទីឈ្ំោះ Shandong រចនាដោយផ្អែកតាមនាវា Liaoning។ តាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ចិនក៏កំពុងសាងសង់នាវាដឹកយន្តហោះចម្បាំងទី៤ របស់ខ្លួនដែរ ដោយទំនងជាដើរដោយថាមពលនុយក្លេអ៊ែរ។ 
 
ការសម្ពោធនាវាផ្ទុកយន្តហោះចម្បាំង ដែលមានទម្ងន់ប្រមាណ ៨ម៉ឺនតោន ជាផ្នែកមួយនៃកិច្ចខិតខំរបស់ចិន ក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន តាមការប្តេជ្ញារបស់មេដឹកនាំចិន នាពេលកន្លងមក។ នាវាFujing ត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថា មានទំហំប៉ុននាវាដឹកយន្តហោះចម្បាំងអាម៉េរិក Nimitz និង Ford។ អាម៉េរិក មាននាវាផ្ទុកយន្តហោះចម្បាំងសរុបចំនួន ១១គ្រឿង៕ 
 

Tag:
 ចិន
  នាវាចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com