កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្នះ Spurs ជួយ Man City មានប្រៀបលើ Arsenal សម្រាប់តំណែង EPL និងជួយ Aston បានកៅអី UCL
15, May 2024 , 10:07 am        
រូបភាព
Erling Haaland រកបាន២គ្រាប់ម្នាក់ឯង ជួយ Manchester City ឈ្នះ Tottenham Hotspur ២-០ ដើម្បីឡើងទៅឈរកំពូលតារាង Premier League ជំនួនស Arsenal វិញ។ ជ័យជម្នះនេះ មិនត្រឹមជួយ Man City មានប្រៀបក្នុងការការពារជើងឯករបស់ខ្លួនឡើយ ប៉ុន្តែបានជួយ Aston Villa ទទួលបានកៅអី UEFA Champions League លើកដំបូងក្រោយរង់ចាំ៤២ឆ្នាំ។



Spurs ធ្វើឱ្យ Arsenal ខកចិត្ត ក្រោយរបូត៣ពិន្ទុទៅលើគូប្រជែង Man City នៅជំនួបលីគសប្តាហ៍ទី៣៧ នៅយប់ថ្ងៃទី១៤ ខែឧសភា។ ក្រុមម្ចាស់ការពារជើងឯក កើន៨៨ពិន្ទុ ត្រឡប់ទៅឈរកំពូលតារាងលីគកំពូលអង់គ្លេសវិញ ដោយនាំមុខ កាំភ្លើងធំ២ពិន្ទុ។
 
ការប្រជែងពាន Premier League រដូវកាល ២០២៣-២៤ រវាងក្រុមមេឃខៀវ និងកាំភ្លើងធំ នឹងត្រូវកាត់ក្តីនៅជំនួបចុងក្រោយ។ ជំនួបបិទរដូវកាល Man City ទទួល West Ham ស្របពេល Arsenal ស្វាគមន៍ Everton ដែលនឹងធ្វើឡើងនៅ ថ្ងៃទី១៩ ខែឧសភា វេលាម៉ោង ១០ យប់ [ម៉ោងនៅកម្ពុជា]។
 
ជ័យជម្នះរបស់ Man City លើក្រុម Spurs នៅជំនួបសប្តាហ៍ទី៣៧នេះ មិនត្រឹមជួយក្រុមលោក Pep Guardiola មានប្រៀបជាងក្រុមលោក Mikel Arteta សម្រាប់ការប្រជែងជើងឯកលីគកំពូលអង់គ្លេសប៉ុណ្តោះទេ ប៉ុន្តែថែមទាំងជួយ Aston Villa ទទួលបានកៅអីក្របខណ្ឌកំពូលអឺរ៉ុបនៅរដូវកាលក្រោយ និងជាលើកដំបូងក្រោយបាត់មុខ៤២ឆ្នាំ។
 
Aston Viila បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ មាន៦៨ពិន្ទុ នាំមុខក្រុមលេខ ៥ Spurs ចំនួន៥ពិន្ទុ ខណៈនៅសល់១ប្រកួតចុងក្រោយដូចគ្នា។ ក្រុមដែលដឹកនាំដោយលោក Unai Emery បង្ហាញខ្លួនចុងក្រោយនៅពានកំពូលអឺរ៉ុប នៅរដូវកាល ១៩៨១-៨២។ Aston ក៏ធ្លាប់ជាម្ចាស់ជើងឯកក្របខណ្ឌកំពូលអឺរ៉ុប ១សម័យកាលផងដែរ ក្នុងឆ្នាំ ១៩៨១-៨២ ដោយកាលនោះពានរង្វាន់មានឈ្មោះថា European Cup។
 
ចំណែក Spurs នៅមិនទាន់ប្រាកដថាទទួលបានកៅអី Europa League នៅឡើយទេ ដោយត្រូវប្រជែងជាមួយ Newcastle United និង Chelsea។ មាន់ខ្នាយមាសមាន៦៣ពិន្ទុ ស្របពេល Newcastle United និង Chelsea ដែលសល់១ប្រកួតក្នុងដៃ មាន៥៧ពិន្ទុដូចគ្នា ហើយមានសំណល់គ្រាប់បាល់ល្អជាង Spurs៕
 

Tag:
 Premier League
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com