ជាតិ
សម្ដេច ហ៊ុន សែន ថ្លែងសារពិសេសថា «ព្រែកជីកហ្វូណនតេជោ» មិនពាក់ព័ន្ធគម្រោង«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ»ចិនទេ
16, May 2024 , 12:00 pm        
រូបភាព
សម្ដេច ហ៊ុន សែន បានប្រកាសជាថ្មីថា គ្មានអ្វីដែលត្រូវព្រួយបារម្ភចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» នោះទេ។ ប្រមុខគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេសស្តីពី «ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី១៦ ឧសភា នាភូមិគ្រឹះសម្ដេច នាក្រុងតាខ្មៅ ខេត្តកណ្ដាល។



សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ជាគំនិតរបស់កម្ពុជា ដើម្បីបង្កើតឡើងក្នុងគោលបំណងបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ ពោលមិនមែនដើម្បីបម្រើផលប្រយោជន៍ឱ្យចិនឡើយ។ សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះ ឆ្លើយតបទៅនឹងសារព័ត៌មានបរទេស ដែលបានចុះផ្សាយថា គម្រោងព្រែកជីកនេះ ផ្ដល់ឱកាសឱ្យចិន អាចឈរជើង និងចល័តទ័ព នៅលើទឹកដីកម្ពុជា។

គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវចំណាយទុនវិនិយោគ១៧០០លានដុល្លារ និងចំណាយពេលសាងសង់ រយៈពេល៤ឆ្នាំ។ សម្រាប់ទំហំចរាចរណ៍វិញ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ ម៉ែត្រ) សម្រាប់នាវាឆ្លងកាត់។ ត្រង់ចំណុចសម្ដេច ហ៊ុន សែន បានពន្យល់ថា ទំហំចរាចរនាវានេះ មិនអាចឱ្យនាវាធំៗរបស់ចិន ធ្វើដំណើរចល័តទ័ពលើផ្ទៃទឹកបានឡើយ។
 
សម្ដេច ហ៊ុន សែន ចាត់ទុកការចុះផ្សាយបែបនេះ ជាការទាញកម្ពុជា ចូលទៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងគោលដៅដើម្បីប្រឆាំងចិន។ «ព្រែកជីកនេះ គ្មានការជាប់ទាក់ទងណាមួយ ជាមួយចិន ក្នុងគោលដៅគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវមួយនោះទេ»។ នេះជាការបញ្ជាក់របស់ប្រមុខបក្សកាន់អំណាច ដែលបានបន្ថែមថា កម្ពុជា ត្រូវឯកភាពខាងនយោបាយលើការដឹកជញ្ជូននេះ ដើម្បីបម្រើផ្នែកសេដ្ឋកិច្ចកម្ពុជា។
 
បើតាមអតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំរូបនេះ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងរបស់កម្ពុជា ប៉ុន្តែត្រូវការគាំទ្រវិនិយោគពីវិស័យឯកជន ជាពិសេសអ្នកវិនិយោគចិន មកបោះទុនលើគម្រោងនេះ។ ប៉ុន្តែបើសិនជាគ្មានការវិនិយោគពីក្រៅប្រទេសនោះ គម្រោងនេះ ក៏នៅតែលេចចេញជារូបរាងឱ្យខាងតែបាន តាមរយៈមូលធនវិនិយោគក្នុងស្រុក។

អត្ថបទទាក់ទង


ផ្អែកតាមលទ្ធផលសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥វិញ គម្រោងនេះ ជាគម្រោង ដែលមានលក្ខណៈជាការប្រើប្រាស់ និងបង្វែរទឹក​ចេញ​ពី​ទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាង​ទន្លេ​ដទៃ​ផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។ យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់​ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាច​អនុ​វត្ត​បាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តតាមរយៈការជូនដំណឹងជាមុន ទៅគណៈ​កម្មា​ធិកា​រ​​ចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍​នៃការ​សិក្សា​លម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ស្នើសុំការ​យល់​​ព្រមណាមួយ ពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។

Tag:
 ហ៊ុន សែន
  នយោបាយ
  ព្រែកជីកហ្វូណន
© រក្សាសិទ្ធិដោយ thmeythmey.com