ជាតិ
តម្លៃជ្រូករស់ងើបឡើងវិញបន្តិច ក្រោយរដ្ឋាភិបាលហាមឃាត់ការនាំចូលសាច់បង្កកបានពីរខែ
16, May 2024 , 8:59 pm        
រូបភាព
 រូបភាព៖ ក្រសួងកសិកម្ម
រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ តម្លៃជ្រូករស់បានងើបឡើងវិញបន្តិច ក្រោយពេលវិធានការផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកបណ្ដោះអាសន្ន របស់រដ្ឋាភិបាលដំណើរការបានជាង២ខែ។ សព្វថ្ងៃ ជ្រូករស់មានតម្លៃចន្លោះពី១០ ០០០ទៅ១០ ៥០០រៀល ក្នុងមួយគីឡូក្រាម។



ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៦ ឧសភានេះថា រយៈពេល២ ទៅ៣ឆ្នាំមុន តម្លៃជ្រូករស់បានធ្លាក់ចុះរហូតដល់៥ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលកាលនោះ បានធ្វើឱ្យកសិករជាច្រើនរងការខាតបង់ និងផ្អាកការចិញ្ចឹមជាបន្តបន្ទាប់ៗ។ ប៉ុន្តែ ក្រោយពេល រដ្ឋាភិបាល អន្តរាគមន៍ឱ្យផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកចាប់ពីថ្ងៃទី១២ មីនា ឆ្នាំ២០២៤មក តម្លៃជ្រូករស់បានងើបឡើងវិញ ក្នុងរង្វង់១០ ០០០ទៅ១០ ៥០០រៀល ក្នុងមួយគីឡូក្រាម។ 
 
តម្លៃនេះ អាចឱ្យកសិករចំណេញបាន ប៉ុន្តែមិនច្រើននោះទេ។​ លោក ស្រ៊ុន ពៅ យល់ថា អ្នកចិញ្ចឹមជ្រូកក្នុងស្រុក គួរតែទទួលបានប្រាក់ចំណេញខ្ពស់ជាង១ពាន់រៀល ក្នុងមួយគីឡូក្រាម​ ទើបសាកសមនឹងការខាតបង់រាប់ឆ្នាំរបស់ពួកគេ។ ម្យ៉ាងទៀត វិស័យមួយនេះ មានដើមផលិតខ្ពស់ និងហានិភ័យច្រើន ជាពិសេសពាក់ព័ន្ធនឹងជំងឺ។ នាពេលបច្ចុប្បន្ននេះ ថ្លៃដើមផលិតសម្រាប់ការចិញ្ចឹមជ្រូក បានលោតដល់៩២០០ទៅ៩៥០០រៀល ក្នុងមួយគីឡូក្រាម។
 
លោក ប្រាប់ដូច្នេះថា៖« ថ្លៃដើមផលិតស្មើរនឹង៩២០០ទៅ៩៥០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះ បើកសិករលក់បានពី១០ ០០០ ទៅ១០ ៥០០រៀល ក្នុងមួយគីឡូក្រាម គឺពួកគាត់អាចទទួលយកបាន តែមិនទាន់ចំណេញណាស់ណាទេ។ វិស័យចិញ្ចឹមសត្វនេះ គឺប្រឈមធ្ងន់ណាស់ ជាពិសេស បើសិនជួបជំងឺប៉េស្តជ្រូកអាហ្វ្រិកទៀត គឺត្រូវងាប់ទាំងអស់ ទោះមានដើមទុនប៉ុន្មានក៏ទប់មិនជាប់ដែរ។ អ៊ីចឹង ហានិភ័យខ្ពស់ណាស់ គួរតែឱ្យគាត់បានចំណេញពី១ទៅ២ពាន់រៀល ក្នុងមួយគីឡក្រាម បានសាកសម្យ»។ 
 
ថ្វីបើស្ថានភាពប្រសើរបន្តិចមែន ប៉ុន្តែ លោក​ ស្រ៊ុន ពៅ ថា វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា មិនទាន់មាន​ស្ថិរភាពផ្នែកទីផ្សារ និងតម្លៃស្រួលបួលនៅឡើយទេ។ ក្នុងបរិបទនេះ អ្នកចិញ្ចឹមទាំងអស់ កំពុងមើលពីជំហរខ្លួនឯង និងមើលពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធបន្តទៀត។ 
 
ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ប្រាប់ដូច្នេះថា៖«ឥឡូវ តម្លៃ១ម៉ឺនរៀលតិចតួចនេះ កសិករយើងអាចឈរជើងបាន។ ប៉ុន្តែ ពួកគេកំពុងមើលជំហរដែរថា តើ តម្លៃនេះអាចឈរបានរយៈពេលប៉ុន្មាន? ទី២ តើក្រសួងពាក់ព័ន្ធគាត់យកចិត្តទុកដាក់ដល់កម្រិតណា?»។ 
 
បើតាម លោក ស្រ៊ុន ពៅ បច្ចុប្បន្ន ជ្រូកក្នុងស្រុកមិនខ្វះខាត ហើយក៏លែងកកស្ទះទៀតដែរ។ ប៉ុន្តែ លោក សង្កេតឃើញថា ការនាំចេញសាច់បង្កកទ្រង់ទ្រាយតូច នៅបន្តកើតមានតិចតួច ដែលភាគច្រើនត្រូវបានគេលួចដឹកជញ្ជូនតាមឡានឈ្នួល ឡានក្រុង និងម៉ូតូ ចេញពីប្រទេសថៃ។ 
 
ទោះជាយ៉ាង លោកថា វិធានផ្អាកការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ៦ខែ របស់រដ្ឋាភិបាលនៅពេលនេះ គឺទទួលបានជោគជ័យខ្លាំង។ ជំនួសឱ្យកសិករខ្មែរ លោក ស្រ៊ុន ពៅ អរគុណដល់ដ្ឋាភិបាលដែលបានខ្នះខ្នែងទប់ស្កាត់ទាន់ពេលវេលា។ 
 
រដ្ឋាភិបាល បានសម្រេចផ្អាករាល់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក បណ្ដោះអាសន្នសម្រាប់រយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ផលិតផលដែលត្រូវបានហាមឃាត់នេះ មានដូចជា អណ្តាតគោ និងក្របីបង្កក, ថ្លើមគោក្របីបង្កក, គ្រឿងក្នុងគោបង្កកផ្សេងៗ, ថ្លើមសត្វមាន់បង្កក, សាច់ និងគ្រឿងក្នុងមាន់បង្កក។ ចំណែក ពោះវៀន, ប្លោក និងក្រពះទាំងមូល ឬជាផ្នែកនៃសត្វស្រស់ ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច ក៏ត្រូវហាមឃាត់ដែរ។
 
ក្នុងពេលផ្អាកនេះដែរ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជំរុញឱ្យឈ្មួញដែលធ្លាប់ទទួលទិញសាច់បង្កកពីបរទេស ងាកមកទិញសាច់ក្នុងស្រុកទៅបង្កកវិញ ដើម្បីជួយសម្រាលបន្ទុកកសិករក្នុងវិស័យចិញ្ចឹមសត្វ៕ 
 

Tag:
 សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
  ស្រ៊ុន ពៅ
  សាច់បង្កក
© រក្សាសិទ្ធិដោយ thmeythmey.com