ជាតិ
ក្រោយបិទជិត៤ឆ្នាំ ទេសចរអាចទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបវិញហើយ!
17, May 2024 , 7:59 am        
រូបភាព
ប្រាសាទប្រែរូប មើលពីលើអាកាស។
ប្រាសាទប្រែរូប មើលពីលើអាកាស។
សៀមរាប៖ បន្ទាប់ពីបិទការចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប អស់ពេលជាង៣ឆ្នាំ និង៨ខែរួចមក អាជ្ញាធរអប្សរាបើកទីតាំងនេះឡើងវិញ ចាប់ពីថ្ងៃនេះតទៅ។ នេះយោងលើសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអប្សរា។



ការបើកដំណើរការឡើងវិញនៅប្រាសាទប្រែរូបនេះ បន្ទាប់អ្នកជំនាញជួសជុលរួចរាល់ នៅចំណុចរងការខូចខាតរបស់ប្រាសាទប្រែរូបនេះរួចរាល់។ ក្នុងលខិតជូនដំណឹងនេះបញ្ជាក់ទៀតថា៖ «...ដើម្បីបន្ថែមបទពិសោធថ្មីជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបើកឡើងវិញការទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូប នៃរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។ 
 
សម្រាប់ទេសចរដែលចូលចិត្តគយគន់ និងផ្ដិតរូបភាពសូរិយាអស្តង្គត អាចមកទីតាំងប្រាសាទនេះបាន។ទេសចរអាចឈរផ្នែកខាងក្រៅកំពែងពីជ្រុងនិរតី រួចចោលភ្នែកគយគន់ទិដ្ឋភាពប្រាសាទជាមួយនិងពន្លឺព្រះអាទិត្យដែលចាំងមកលើតួប្រាសាទឥដ្ឋពណ៌ដូចមាស។ ចំណែកនៅរដូវវស្សា បើមានទឹកដក់នៅបរិវេណខាងក្រៅកំពែង ភាពចាំងឆ្លុះក៏ជាទិដ្ឋភាពដែលទាក់ទាញមួយកម្រិតទៀតដែរ។ 
 
គួរជម្រាបផងដែរថា ប្រាសាទប្រែរូប​ ជាប្រាសាទឥដ្ឋក្រហមឆ្អិមឆ្អៅមួយ ស្ថិតក្នុងដែនសីមារមណីយដ្ឋាន អង្គរ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ប្រាសាទ​នេះ​មាន​ទីតាំង​នៅ​ខាងកើត​ឆៀង​ខាងជើង​ស្រះស្រង់​មាន​ចម្ងាយ ៥០០ ​ម៉ែត្រ និង​នៅ​ទិស​ខាងត្បូង​បារាយណ៍​ខាងកើត​។ បើគិតពីទីប្រជុំជនក្រុងសៀមរាប វាមានចម្ងាយប្រមាណ១៤គីឡួម៉ែត្រ។ 
 
ប្រាសាទប្រែរូប ជាប្រាសាទឥដ្ឋធំជាងគេក្នុងសម័យអង្គរ កសាងតាំងពីសតវត្សទី១០ ឆ្នាំ៩៦១ នៃគ្រិស្តសករាជ។ យោងតាមសិលាចារឹកលេខសម្គាល់ K.806 នៃប្រសាទនេះ ទីនេះជាទេវស្ថានដែលកសាងឡើងក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ ដើម្បឧទ្ទិសដល់ទេពក្នុងហិណ្ឌូសាសនា៕ 
 

Tag:
 ThmeyThmey
  ទស្សនាថ្ងៃលិច
  ប្រាសាទប្រែរូប
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com