កីឡាជាតិ
ជាតិ
E-Sports៖ ក្រុមខ្លាំងចំនួន ៦ បន្តប្រជែងជើងឯក MPL KH និងកៅអី MSC 2024
11, May 2024 , 11:59 am        
រូបភាព
ការប្រកួតលីគអាជីពកីឡាអេឡិចត្រូនិក MPL KH រដូវកាលទី៦ ក្នុងប្រទេសកម្ពុជា ឈានដល់ការប្រកួតវគ្គជម្រុះ Playoffs ដើម្បីស្វែងរកក្រុមក្លាយជាជើងឯកប្រចាំរដូវកាលនេះ និងជាក្រុមតំណាងកម្ពុជា ទៅកាន់ការប្រកួតពានរង្វាន់ Mid Season Cup 2024 ដែលមានតម្លៃ ៣លានដុល្លារ នៅប្រទេសអារ៉ាប៊ីសាអូឌីត។



ការប្រកួតពានរង្វាន់ MPL KH រដូវកាលទី៦ វគ្គ Playoffs នឹងត្រូវធ្វើឡើងពីថ្ងៃទី១៦ ដល់ទី ១៩ ខែឧសភា ស្ថិតនៅទីតាំងសាលសន្និបាទ ភីអេច ហ្គ្រេនហល (យូរ៉ូ ១)។ ក្រុមម្ចាស់ជើងឯក MPL KH រដូវកាលទី៦ នឹងឈ្នះសំបុត្រទៅកាន់ការប្រកួតពានរង្វាន់ Mid Season Cup ឆ្នាំ ២០២៤ មានតម្លៃប្រាក់រង្វាន់ ៣លានដុល្លារ ដែលធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ហើយតម្លៃប្រាក់រង្វាន់មានត្រឹមតែមួយឆ្នាំនេះតែប៉ុណ្ណោះ។
 
វគ្គ Playoffs ទាំង ៦ក្រុម ត្រូវឆ្លងកាត់ការប្រកួត តាមរូបមន្ត Double Elimination ដែលមានក្រុមស្ថិតនៅតំបន់ខាងលើ Upper Bracket និង Lower Bracket។ ក្រុមលេខ ១ និងលេខ ២ ឡើងទៅឈររង់ចាំរួចជាស្រេចនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket។ ការប្រកួតវគ្គ Playoffs នីមួយៗនឹងត្រូវលេងក្នុងមួយប្រកួតមាន ៥វគ្គ (Best of 5) ហើយវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន និងត្រូវកាត់សេចក្តីក្នុងការប្រកួតមាន ៧វគ្គ (Best of 7)។



ក្រុមលេខ ៣ ដល់លេខ ៦ ប្រចាំវគ្គ Regular Season នឹងត្រូវឆ្លងកាត់ការប្រកួតប្រជែងគ្នានៅវគ្គជម្រុះ ​Qualify Upper Bracket ដើម្បីស្វែងរកកៅអីទៅប៉ះក្រុមដែលអង្គុយចាំរួចជាស្រេច។ ក្រុមចំនួន ២ ដែលធ្លាក់ពីការប្រកួតវគ្គជម្រុះដំបូង នឹងត្រូវបន្តប្រជែងដណ្តើមចំណាត់ថ្នាក់លេខ ៥ និង ៦។ ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Upper Bracket តទៅ ក្រុមដែលចាញ់ នឹងត្រូវមានឱកាសប្រជែងគ្នាស្ថិតក្នុងតំបន់ខាងក្រោម Lower Bracket ដើម្បីស្វែងរកឱកាសជាថ្មីក្នុងការឡើងទៅប្រជែងពាន MPL KH ប៉ុន្តែក្រុមខាងក្រោមទាំងអស់ប្រឈមនឹងការធ្លាក់តែម្តងបើសិនពួកគេប្រកួតចាញ់។ 
 
ក្រោយឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ Regular Season រយៈពេល ៥សប្តាហ៍ពីការប្រកួតដ៏ស្វិតស្វាញ ក្រុមខ្លាំងចំនួន ៦ ត្រូវបានរកឃើញ ដោយរួមមាន CFU Gaming, Flash KH, D-Roar Legends, See You Soon, Duck Rice Esports និង PRO Esports។ 



CFU Gaming ជាក្រុមដែលមានកីឡាករជាកូនខ្មែរ ៥រូប បានបង្ហាញសមត្ថភាពដ៏ខ្លាំងរបស់ពួកគេ ដើម្បីបន្តកាន់កាប់តំណែងលេខ ១ វគ្គ Regular Season រយៈពេល ៣រដូវកាលជាប់គ្នា។ សមត្ថភាពកាន់កើនឡើងក្នុងរដូវកាលទី៦ CFU Gaming កាន់កាប់ ១៦ពិន្ទុ ឈរកំពូលតារាង ត្រូវបានអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិក រំពឹងថានឹងអាចក្លាយជាជើងឯកប្រចាំរដូវកាលទី៦ នេះ។ 
 
ក្រុម​ Flash KH ម្ចាស់ពាន MPL KH ២សម័យ ក៏ជាក្រុមត្រូវបានគេគិតថា នឹងអាចក្លាយជាជើងឯកសារជាថ្មីផងដែរ។ បន្ទាប់ពីក្រុមបានកសាងការលេងបានយ៉ាងល្អមកវិញ នារយៈពេល ៣សប្តាហ៍ចុងក្រោយនៃវគ្គ Regular Season។ Flash KH ពង្រឹងសមត្ថភាពខ្លួនខ្លាំងឡើងវិញ ក្រោយកីឡាករមានបទពិសោធន៍ប្រចាំក្រុម ២រូប រួមមានកីឡាករ សុខ រដ្ឋ (C-CAT) និង ទី ឧត្តម្ភ (D7) វិលមកជួយក្រុមឡើងវិញ និងនាំក្រុមឡើងឈរចំណាត់ថ្នាក់លេខ ២ វគ្គ Regular Season។



យ៉ាងណា D-Roar Legends ជាបេក្ខភាពមួយ មិនអាចមើលរំលងបាន អំឡុងវគ្គ Regular Season ពួកគេធ្វើបានល្អតាំងពីសប្តាហ៍ដំបូង​ រហូតដល់ការប្រកួតសប្តាហ៍ទី៤ ដោយតែងបំបាក់ដៃគូ លទ្ធផលវាយបក ២-១ ដូចជាក្រុម Flash KH, See You Soon, PRO Esports និង Team MAX ហើយយកឈ្នះលើក្រុម Team SV លទ្ធផល ២-០។ ធ្វើបានល្អច្រើនសប្តាហ៍ ប៉ុន្តែនៅសប្តាហ៍ចុងក្រោយ D-Roar បែរជារងបរាជ័យក្រោមថ្វីដៃក្រុម CFU Gaming លទ្ធផល ២-០ និងការប្រកួតចុងក្រោយ ចាញ់ Duck Rice Esports ធ្វើឱ្យក្រុមចំណូលថ្មីមានឱកាសឡើងវគ្គ Playoffs។
 
ចំណែកក្រុមការពារជើងឯក See You Soon នៅក្នុងរដូវកាលនេះវិញ ហាក់បីជួបបញ្ហាប្រព័ន្ធលេងក្នុងក្រុមខ្លាំង បន្ទាប់ពីបាត់បង់វត្តមានកីឡាករ Kusey សញ្ជាតិហ្វីលីពីន ដែលមានតួនាទីដៃ Gold-Lane បានផ្លាស់ទៅកាន់ក្រុម RSG Philippine។ See You Soon ឈរនៅចំណាត់ថ្នាក់លេខ ៤ មាន ៩ពិន្ទុ ដើម្បីទទួលបានកៅអីវគ្គ Playoffs ប៉ុន្តែការធ្លាក់ទម្រង់លេងក្នុងក្រុម បានធ្វើឱ្យក្រុមខ្លាំងប្រចាំកម្ពុជាមួយនេះ ត្រូវគេគិតថានឹងមិនអាចការពារតំណែងរបស់ខ្លួនបានឡើយ​ សម្រាប់រដូវកាលនេះ។



ក្រុមចំណូលថ្មី Duck Rice Esports ដែលត្រូវបានគេគិតថានឹងអាចធ្លាក់នៅត្រឹមវគ្គ Regular Season ក្នុងការបង្ហាញខ្លួនក្នុងរដូវកាលដំបូងក្នុងពាន MPL KH បានកែប្រែវាសនាខ្លួន ដោយការប្រកួតចុងក្រោយ ពួកគេបានយកឈ្នះលើក្រុម D-Roar Legends លទ្ធផល ២-១ ទទួលបានពិន្ទុឈរក្នុងតារាង ដើម្បីឆ្លងកៅអីវគ្គ Playoffs លើកដំបូងដូចគ្នា។​ 
 
មិនខុសពី Duck Rice ឡើយ ដែលបានឡើងទៅវគ្គ Playoffs ទាំងប្រផិតប្រផើយ ក្រុម PRO Esports ឈរនៅចំណាត់ថ្នាក់លេខ ៦ បន្ទាប់ពីខ្លួនមានភាគរយឈ្នះនៃការប្រកួតវគ្គ Regular Season ល្អជាងក្រុម Team MAX ដែលធ្លាក់ចេញ មាន ៨ពិន្ទុដូចគ្នា៕


Tag:
 កីឡាអេឡិចត្រូនិក
  MPL KH
© រក្សាសិទ្ធិដោយ thmeythmey.com