អន្តរជាតិ
ប៉ាឡេស្ទីន ទទួលបានសិទ្ធិបន្ថែមទៀតនៅ UN តែសមាជិកភាពពេញលេញនៅតែវែងឆ្ងាយ
11, May 2024 , 7:29 pm        
រូបភាព
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នាថ្ងៃទី១០ ខែឧសភា បានបោះឆ្នោតផ្ដល់ការ គាំទ្រដ៏ច្រើនលើសលប់លើដំណោះស្រាយមួយដែលផ្ដល់សិទ្ធិ និងបុព្វសិទ្ធិបន្ថែមទៀតនៅអង្គការសហប្រជាជាតិក្នុងស្ថាប័នពិភពលោកមួយនេះ។ ប៉ុន្តែសមាជិកពេញលេញរបស់ប៉ាឡេស្ទីន នៅតែស្ថិតលើដំណើរវែងឆ្ងាយទៀត។

 
ក្រោមសំឡេងគាំទ្រ១៤៣ប្រទេស មហាសន្និបាតអង្គការសហប្រជាជាតិ អនុម័តសេចក្តីសម្រេចដែលចែងដែរថា ប៉ាឡេស្ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលជាសមាជិក UN ។ ប្រទេស៩ បោះឆ្នោតប្រឆាំង និង ២៥ បោះឆ្នោតអនុប្បវាទ។
 
អាជ្ញាធរប៉ាឡេស្ទីនដែលមានមូលដ្ឋាននៅ West Bank បាននិយាយថា ការបោះឆ្នោតរបស់ UN បង្ហាញថា ប៉ាឡេស្ទីនសមនឹងទទួលបានសមាជិកភាពពេញលេញ។
 
«ខ្ញុំបានឈររាប់រយដងកាលពីមុននៅលើវេទិកានេះ ប៉ុន្តែមិនដែលសម្រាប់ការបោះឆ្នោតសំ ខាន់ជាងការបោះឆ្នោតនេះទេ»។ អគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំ UN លោក Riyad Mansour បានថ្លែងនៅមុនពេលបោះឆ្នោត បែបនេះរួចបន្តថា ថ្ងៃនោះនឹងមកដល់ ដែលប៉ាឡេស្ទីននឹងយកកន្លែងត្រឹមត្រូវរបស់ខ្លួនក្នុងចំណោមសហគមន៍នៃប្រជាជាតិសេរី។
 
ចំណែកឯ អគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN លោក Gilad Erdan បង្ហាញការមិនសប្បាយចិត្តឡើយរហូតកាត់ចោលច្បាប់ចម្លងធម្មនុញ្ញ UN ។ ទន្ទឹមនេះ រដ្ឋទូតរងអាម៉េរិកប្រចាំ UN លោក Robert Wood បានហៅដំណោះស្រាយនេះថា ជាការសម្រេចដែលមិនផលិតភាព។
 
ដ្បិតមិនទាន់អាចក្លាយជាសមាជិកពេញលេញ ដំណោះស្រាយខាងលើបានផ្ដល់សិទ្ធិបន្ថែមទៀតឱ្យប៉ាឡេស្ទីន។ ចាប់ពីខែកញ្ញា តំណាងប៉ាឡេស្ទីន អាចអង្គុយតាមលំដាប់អក្សររបស់សមាជិកពេញលេញ អាចស្នើ ជជែក លើប្រធានបទណាមួយ។ ប៉ុន្តែ ប៉ាឡេស្ទីន នៅមិនទាន់អាចបោះឆ្នោតក្នុងលើដំណោះស្រាយបាននៅឡើយ៕

© រក្សាសិទ្ធិដោយ thmeythmey.com