ជាតិ
ដំរី«រំដួល និងចំប៉ា»ដែលឡាវប្រគល់ជូនបានដល់កម្ពុជា​ហើយ
12, May 2024 , 10:17 am        
រូបភាព
តាកែវ៖ «ចំប៉ា និងរំដួល» ជាដំរីមួយគូ ដែលប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី១២ ឧសភានេះ ដើម្បីជានិមិត្តរូបនៃចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ។ ដំរីទាំងពីរនេះ  ត្រូវបានដឹកមកដល់កម្ពុជាហើយ ដែលត្រូវរស់នៅឧទ្យានសួនសត្វ «ភ្នំតាម៉ៅ» ស្ថិតនៅស្រុកបាទី ខេត្តតាកែវ។



ដំរីញី-ឈ្មោលមួយគូនេះ មានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli ប្រទេសឡាវ។ ដំរីញី «រំដួល» មានអាយុ ៣ឆ្នាំ ៩ខែ និង «ចំប៉ា» ជាឈ្មោល មានអាយុ ៣ឆ្នាំ ៧ខែ។ 
 
ជាមួយគ្នានេះ ភាគីឡាវ ក៏បានបញ្ចូនហ្មដំរីចំនួន២នាក់ គឺលោក SAK SI OUBON និងលោក VILAI XAINGAVONG ដើម្បីជួយមើលថែរក្សាសត្វដំរីមួយគូនេះ ក្នុងរយៈពេល៦ខែ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសាងសង់ទ្រុងបន្ថែមនៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» សម្រាប់ដំរីមួយគូនេះ។ ទ្រុងត្រូវបានសាងសង់យ៉ាងសម្រិតសម្រាំង និងធំទូលាយ មានទំហំបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងកម្ពស់១,៣ម៉ែត្រ។  រីឯរោងសម្រាប់ដំរីដេក មានទំហំបណ្តោយ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ រួមទាំងអាងទឹកមួយនៅក្នុងទ្រុងនេះផងដែរ ដើម្បីឱ្យដំរីត្រាំ និងលេងទឹកនៅក្នុងតំបន់ព្រៃឈើ សមស្របតាមលក្ខណៈជីវសាស្រ្តរបស់សត្វដំរីអាស៊ីដែលរស់នៅស្រដៀងទៅនឹងព្រៃធម្មជាតិ និងមានសុខុមាលភាពល្អ។



លក្ខណៈជីវសាស្រ្តរបស់សត្វដំរី ច្រើនរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឫស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ដំរីស៊ីសំបកឈើ ស្លឹកឈើ មើមឈើ ឫសឈើខ្ចីៗ ទំពាំង ឫស្សី ផ្តៅនិង វល្លិ៍ជាដើម។ ចំពោះការចិញ្ចឹមក្នុងសួនសត្វ ដំរីអាចស៊ីផ្លែឈើ អំពៅ ចេក។ ដំរីផឹកទឹករហូតដល់ ២០០លីត្រ ក្នុងមួយថ្ងៃ។ ដំរីច្រើនផ្តល់កំណើតកូន ក្នុងខែកក្កដា-សីហា ដោយកូនម្តងបាន១ក្បាល ឬ២ក្បាល បន្ទាប់ពីពពោះរយៈពេល២១ ឬយ៉ាងយូរ២៥ខែ។  ដំរីមេអាចបន្តពូជបាននៅអាយុ ១៥-១៦ ឆ្នាំ ហើយអាចមានកូនរហូតដល់អាយុ ៥០-៧០ឆ្នាំ និងអាចបង្កើតកូនបាន៤ ឬ ៥ដង។ គេអាចសម្គាល់ដំរីឈ្មោលចុះប្រេងនៅពេលដែលគេឃើញមានសារធាតុរាវម្យ៉ាងហូរចេញពីរន្ឋមួយនៅចន្លោះត្រចៀក និងភ្នែកដែលជាទូទៅនៅចន្លោះខែវិច្ឆិកា-ធ្នូ។
 
សូមជម្រាបថា បច្ចុប្បន្ន ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានសត្វដំរីចំនួន៤ក្បាល ក្នុងនោះញី២ក្បាល។ ដំរីញីមួយក្បាល ឈ្មោះឡាក់គី អាយុ២៥ឆ្នាំ និងមួយក្បាលទៀតឈ្មោះចំរើន មានអាយុ៣៥ឆ្នាំ និងឈ្មោល២ក្បាល ឈ្មោះឈូកអាយុ១៨ឆ្នាំ និងសាគរ អាយុ៣២ឆ្នាំ៕ 






Tag:
 ដំរី
  ចំប៉ា
  រំដួល
© រក្សាសិទ្ធិដោយ thmeythmey.com