ជាតិ
ប្រឡងគ្រូអនុវិទ្យាល័យ៖ បេក្ខជន ១ ៣២៣នាក់ នឹងប្រឡងលើកទី២ នៅ​ថ្ងៃ​ទី​១៨ឧសភានេះ​
14, May 2024 , 11:59 am        
រូបភាព
លោក ហ៊ុន ម៉ានី ដើរពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
លោក ហ៊ុន ម៉ានី ដើរពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ
ការប្រឡងជ្រើសរើសគ្រូអនុវិទ្យាល័យ ដំណាក់កាលទី២ នឹងរៀបចំឡើងនៅថ្ងៃទី១៨ ខែ​ឧសភានេះ។ ការប្រឡងដំណាក់កាលទី២នេះ មានបេក្ខជនចំនួន ១ ៣២៣នាក់ ដោយ​ពួកគេជាអ្នកដែលបាន​ជាប់លើវិញ្ញាសាសរសេរលើកទី១។ ការ​ប្រឡងនេះ រៀបចំ​នៅ​សាកល​​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ ចាប់​ពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ដល់​ម៉ោង​៥ល្ងាច។

 
ដំណើរការ​ប្រឡង​​លើ​វិញ្ញាសា​សរសេរ​លើកទី១ ដែល​មាន​បេក្ខជន​ចូលប្រឡង​ជាង ៣ម៉ឺន​នាក់ បាន​រក​ឃើញ​បេក្ខជន​ជាប់​សម្រាំង​លើកទី១ ចំនួន ១ ៣២៣នាក់។ បេក្ខជន​ទាំង ១ ៣២៣​នាក់នេះ នឹង​ត្រូវ​ប្រជែងគ្នា​លើក​ទី២ នៅថ្ងៃទី១៨ ឧសភានេះ ដោយ​ក្រសួងមុខ​ងារ​សាធារណៈ នឹង​សម្រាំង​យក​បេក្ខជនតែ ៤៤១នាក់​ប៉ុណ្ណោះ ឱ្យ​ចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។​ 
 
បើតាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ការ​ប្រឡង​នេះ បាន​បែងចែក​សម្រាប់​បេក្ខជន​ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១, ប្រព័ន្ធបណ្តុះបណ្តាល ១២ + ៤ និង​ប្រព័ន្ធបណ្តុះបណ្តាល ១២ + ២។ ក្នុង​នោះ ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ) ឯកទេសគណិតវិទ្យា ឬ រូបវិទ្យា នឹង​ប្រឡងរយៈពេល ២ម៉ោង និង​ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោងផងដែរ។

លោក ហ៊ុន ម៉ានី ដើរពិនិត្យដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ។ រូបភាពពីក្រសួងមុខងារសាធារណៈ

ដោយ​ឡែក ប្រព័ន្ធបណ្តុះបណ្តាល ១២ + ៤ (កម្រិតថ្នាក់ទី១២) ឯកទេសគីមីវិទ្យា ឬជីវវិទ្យា នឹង​ប្រឡងរយៈពេល ២ម៉ោង និង​ភាសាអង់គ្លេស ឬ ភាសាបារាំង រយៈពេល ២ម៉ោង។ ចំណែក ប្រព័ន្ធបណ្តុះបណ្តាល ១២ + ២ (កម្រិតថ្នាក់ទី១២) មាន​មុខវិជ្ជាឯកទេសទី១ រយៈពេល ២ម៉ោង (១២:៣០នាទី-១៤:៣០នាទី) និង​មុខវិជ្ជាឯកទេសទី២ រយៈពេល ២ម៉ោង។ 
 
សូម​បញ្ជាក់ថា បេក្ខជនចំនួន ៤៤១នាក់ ប៉ុណ្ណោះ នឹង​ត្រូវ​ជ្រើសរើស​ជា​គ្រូ​បង្រៀន​អនុ​វិទ្យាល័យ ​ក្រោយ​​ប្រឡង​ជាប់​ដំណាក់កាលទី១​ និង​ទី២។ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន នាដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ក្នុង​ដំណាក់កាលទី១ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ដោយសារកំណើននៃការចុះឈ្មោះច្រើន ទើបតម្រូវឱ្យមានការរៀបចំការប្រឡងជា ២ដំណាក់កាល៕  
 រូបភាពពីក្រសួងមុខងារសាធារណៈ

Tag:
 គ្រូ​អនុ​វិទ្យាល័យ
  អប់រំ
  មុខងារសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com