ជាតិ
កម្ពុជា-ឡាវ ចាប់ដៃគ្នាអភិវឌ្ឍវិស័យកសិកម្ម និងការផ្ដោះប្ដូរពាណិជ្ជកម្ម
14, May 2024 , 2:29 pm        
រូបភាព
លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ (ឆ្វេង) និងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម​កម្ពុជា។ រូបភាព៖ ក្រសួងកសិកម្ម
លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ (ឆ្វេង) និងលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម​កម្ពុជា។ រូបភាព៖ ក្រសួងកសិកម្ម
កម្ពុជា-ឡាវ នឹងចុះអនុស្សារណៈយោគយល់គ្នា(MOU) ដើម្បីអភិវឌ្ឍវិស័យកសិកម្ម និងការផ្ដោះផ្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ អនុស្សារណៈ​នេះ គ្រោងធ្វើឡើងនៅចុងឆ្នាំ២០២៤។



ក្នុងជំនួបទ្វេភាគីជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី១៣ ឧសភា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា អនុស្សារណៈ​នេះ នឹងត្រូវរៀបចំឡើង ដោយគិតគូរច្បាស់លាស់ ទាំងផ្នែកបច្ចេកទេស នយោបាយ និងសេដ្ឋកិច្ច ដើម្បីធ្វើយ៉ាងណាឱ្យវិស័យកសិកម្មនៃប្រទេសទាំងពីរ ផ្ដល់ផលចំណេញ និងបំពេញបន្ថែមគ្នាទៅវិញទៅមក។
 
MoU នេះ ផ្ដោតសំខាន់លើការចិញ្ចឹមត្រីទឹកសាប ការគ្រប់គ្រងនិងរៀបចំដីព្រៃឈើនិងកសិកម្ម ការផលិតស្រូវ និងការផ្ដោះប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីកសិកម្មកម្ពុជា ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃជាមួយគ្នា​​ ចាប់តាំងពីការដឹកជញ្ជូន ការប្រើប្រាស់ថាមពល និងការកែច្នៃ ដើម្បីផ្ដល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់កសិករ និងពាណិជ្ជករនៃប្រទេសទាំងពីរ ផងដែរ។ 
 
អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមានហូប មានបាន មានប្រើ និងមានរហូត តាមរយៈការជំរុញសហគមន៍កសិកម្មទំនើប ការកាត់បន្ថយថ្លៃដើមផលិត និងមានតម្លៃបន្ថែមខ្ពស់ ទទួលបានផលចំណេញច្រើន។ នេះជាការបញ្ជាក់របស់ លោក ឌិត ទីណា ទៅកាន់ លោក Linkham DOUANGSAVANH  ដោយភាគីទាំងពីរ បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​បានកាន់តែជិតស្និទ្ធ៕ 
 

Tag:
 កសិកម្ម
  ឌិត ទីណា
  Linkham DOUANGSAVANH
© រក្សាសិទ្ធិដោយ thmeythmey.com