ជាតិ
កម្ពុជា-ឥណ្ឌា ចាប់ផ្តើមជើងហោះហើរត្រង់​ នៅថ្ងៃទី១៦ មិថុនាខែក្រោយ
15, May 2024 , 4:19 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា
រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា
កម្ពុជា និងឥណ្ឌា នឹងតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូង នៅថ្ងៃទី១៦ ខែ​មិថុនា ឆ្នាំ​២០​២៤ ខាងមុខនេះ។ ដើម្បី​ផ្សព្វ​ផ្សាយ​ការភ្ជាប់ជើងហោះហើរត្រង់​លើកដំបូង ​(​ភ្នំពេញ-ញូវដែលី​)នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ​ ដែលជាធ្វើប្រតិបត្តិការហោះហើរត្រង់នេះ បានរៀបចំកម្មវិធីបង្ហាញ​ផ្លូវទេសចរណ៍ នៅ​ទីក្រុងញូវដែលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី១៤ ខែឧសភា។

 
កម្មវិធីនេះ ក៏មានការចូលរួមពី លោក កុយ គួង ​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេស​ឥណ្ឌា, ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា។  
 
ក្រៅពីបញ្ជាក់ពីវត្តមានចូលរួមរបស់ លោកកុយ គួង ​នៅក្នុងកម្មវិធី​នេះ ​ ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ក៏បានគូសបញ្ជាក់បន្ថែមដែរថា ​ ​ជើង​ហោះហើរត្រង់នេះ នឹងធ្វើឱ្យអ្នកដំណើរចំណេញពេល ចំណាយតិចជាងមុ​ន​។ ​ 
 

ពី លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា។ រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា

ជុំវិញការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌានេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការបញ្ជាក់បន្ថែមពី លោក ស៊ីន ចាន់វុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបាន​ឡើយ ដោយលោ ឆ្លើយថាកំពុងជាប់រវល់។ 
 
តែបើតាមការចុះផ្សាយរបស់អង្គភាពព័ត៌មានហ្វ្រេសញ៉ូវ ដែលបានស្រង់សម្តីរបស់អ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិលរូបនេះ​ ​ក្រុមហ៊ុនអាកាសចរណ៍​ជាតិកម្ពុជាអង្គរអ៊ែរ នឹងចាប់ផ្តើមបើកការ​ហោះ​ហើរត្រង់​ពី​កម្ពុជា ​ទៅ​ប្រទេសឥណ្ឌា (ភ្នំពេញ-ញូវដេលី) ៣ជើង ក្នុងមួយ​សប្តាហ៍។ ​ចំណែកក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា ​​នឹងផ្តើមការហោះហើរត្រង់ ពីទីក្រុង​​ញូវ​ដេលី​-សៀមរាប និង​ប៉ុមបៃ-សៀមរាប​ ​នៅខែតុលា ឆ្នាំ២០២៤ ដោយមាន ចំនួន​​​៧ជើង​ក្នុងមួយ​សប្តាហ៍​។
 
​ការតភ្ជាប់ជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា ត្រូវបានគេរំពឹងថា នឹងជួយ​ការជំរុញកំណើន​ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ​។ នៅក្នុងឆ្នាំ២០២៣ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឥណ្ឌា មានទំហំ ៤៨៦លានដុល្លារ ខណៈនៅឆ្នាំដដែល កម្ពុជាទទួលបានទេសចរជនជាតិឥណ្ឌាតែប្រមាណ ៦,៩ម៉ឺននាក់។ កម្ពុជា រំពឹងថា នឹងទទួលបានលំហូរទេសចរមកពីឥណ្ឌាកាន់តែច្រើន បន្ទាប់ពី​ជើងហោះហើរត្រង់នេះ ចាប់ដំណើរការ៕
 
 រូបភាព៖ ទំព័រហ្វេសប៊ុកស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា

© រក្សាសិទ្ធិដោយ thmeythmey.com