កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកឡើងភ្នំបារាំង វ័យ៦០ឆ្នាំ បាត់បង់ជីវិតពេលឡើងភ្នំ Makalu នៅនេប៉ាល់
15, May 2024 , 4:59 pm        
រូបភាព
អ្នកឡើងភ្នំសញ្ជាតិបារាំងលោក Johnny Saliba បានបាត់បង់ជីវិត អំឡើងធ្វើដំណើរឡើងលើភ្នំ Makalu ប្រទេសនេប៉ាល់ នាថ្ងៃទី១៤ ខែឧសភា ដែលជាភ្នំ​មានកម្ពស់ខ្ពស់ទី ៥ លើពិភពលោក។ ការស្លាប់របស់អ្នកឡើងភ្នំសញ្ជាតិបារាំង ក្លាយជាករណីទីពីរ នៃរដូវឡើងភ្នំស្ថិតក្នុងប្រទេសនេប៉ាល់ និងស្ថិតលើភ្នំតែមួយដូចគ្នា។



លោក Saliba វ័យ ៦០ឆ្នាំ បានបាត់បង់ជីវិត ពេលដែលលោកស្ថិតនៅលើកំពូលភ្នំកម្ពស់ប្រមាណ ៨,១២០ម៉ែត្រ បន្ទាប់ពីលោកបានព្យាយាមសម្រេចគោលដៅ កាលពីថ្ងៃទី១២ ខែឧសភា។
តាមរយៈការអះអាងរបស់ក្រុមអ្នករៀបចំបេសកកម្មឡើងភ្នំ Snowy Horizon & Expedition អ្នកឡើងភ្នំសញ្ជាតិបារាំង បានស្លាប់ដោយសារតែបញ្ហាសុខភាព មិនអាចទ្រាំទ្រនឹងអាកាសធាតុត្រជាក់ ក៏ដូចជាការពិបាកដកដង្ហើបស្ថិតនៅទីដែលមានកម្ពស់ខ្ពស់។
 
«ពេលគាត់កំពុងធ្វើដំណើរឡើងទៅកាន់កំពូលភ្នំ ប៉ុន្តែមគ្គុទេសក៍របស់គាត់បាននាំគាត់ចុះបន្ទាប់ពីគាត់មានរោគសញ្ញានៃជំងឺរងសម្ពាធនៅទីខ្ពស់ ហើយបន្ទាប់មកគាត់បានស្លាប់តែម្តង។»។ នេះបើតាមសម្តីរបស់លោក Bodha Raj Bhandari អ្នករៀបចំបេសកកម្មរបស់ Snowy Horizon។



លោក Saliba បានស្ថិតក្នុងចំណោមក្រុមអ្នកឡើងភ្នំសញ្ជាតិបារាំង ដែលបានឡើងដល់កំពូលភ្នំកម្ពស់ ៨,៤៨៥ម៉ែត្រ ហើយក្រុមសមាជិកដទៃផ្សេងទៀត បានវិលត្រឡប់ដល់ទីស្នាក់ការវិញដោយសុវត្ថិភាព។ កាលពីសប្តាហ៍មុ បុរសវ័យ ៥៣ឆ្នាំ សញ្ជាតិនេប៉ាល់ ដែលជាអ្នកនាំផ្លូវ បានស្លាប់នៅលើភ្នំ Makalu នេះដូចគ្នា នៅពេលគាត់កំពុងចុះពីភ្នំវិញ បន្ទាប់ពីឡើងដល់កំពូលរួច។
 
ឆ្នាំ ២០២៤ ប្រទេសនេប៉ាល់ បានចេញលិខិតអនុញ្ញាតចំនួន ៥៩ សម្រាប់អ្នកឡើងភ្នំជាជនបរទេស ដែលចង់ឡើងភ្នំ Makalu ក្នុងតម្លៃប្រមាណ ១,៨០០ដុល្លារ ក្នុងម្នាក់ៗ ធូថ្លៃជាងបើធៀបនឹងតម្លៃ ១១,០០០ដុល្លារ ដើម្បីឡើងភ្នំ Everest។ មនុស្សរាប់សិបនាក់ បានឡើងដល់កំពូលបន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលខ្សែពួរ បានឈានដល់កំពូលភ្នំឡើងវិញ កាលពីខែមុន សម្រាប់ភ្នំ Makalu។ 
 
កន្លងមកអ្នកឡើងភ្នំរាប់រយនាក់ បានសម្រុកទៅកាន់ប្រទេស ដែលស្ថិតនៅជួរភ្នំហិម៉ាឡៃ ដែលជាទីជម្រករបស់កំពូលភ្នំចំនួន ៨ ក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១៤ លើពិភពលោក ដើម្បីប្រជុំគ្នាឡើងទៅកាន់កំពូលភ្នំទាំងនោះ ក្នុងពេលនិទាឃរដូវ ដែលសីតុណ្ហភាពក្តៅ ហើយមានខ្យល់បក់។ 
 
ប្រទេសនេប៉ាល់ទៀតសោត បានចេញលិខិតអនុញ្ញាតប្រមាណជាង ៩០០ សម្រាប់ការឡើងភ្នំក្នុងប្រទេសខ្លួន ក្នុងនោះចំនួន ៤១៤ សម្រាប់ឡើងភ្នំ Everest ដែលរកប្រាក់បានច្រើនជាងគេប្រមាណ ៥លានដុល្លារ ក្នុងមួយឆ្នាំ៕

Tag:
 ភ្នំ
  នេប៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com