ជាតិ
លោក ហ៊ុន​ ម៉ានី បន្តតាមដាន​​ការ​ប្រឡង​គ្រូ​អនុ​វិទ្យាល័យ ​ដំណាក់កាលទី២ ដើម្បី​ធានា​ប្រសិទ្ធភាព​
16, May 2024 , 6:59 pm        
រូបភាព
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។
លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួង​មុខងារសាធារណៈ។
ភ្នំពេញ៖ នៅ​សល់តែ​២ថ្ងៃទៀតប៉ុណ្ណោះ ការ​ប្រឡង​ប្រជែង​ជ្រើសរើស​គ្រូបង្រៀន​ សម្រាប់​ថ្នាក់អនុ​វិទ្យាល័យ ក្នុង​ដំណាក់កាលទី២ នឹង​ចាប់​ផ្ដើម។ ​លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បាន​ដឹក​នាំ​កិច្ច​ប្រជុំ នៅថ្ងៃទី​១៦ ឧសភា​ ដើម្បីជំរុញឱ្យ​ការ​ប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។



បន្ទាប់​ពី​រក​ឃើញ​បេក្ខជន​ចំនួន ១ ៣២៣នាក់ ដែល​ប្រឡង​ជាប់​ក្នុង​ដំណាក់​កាល​ទី​១ ក្រសួង​មុខងារសាធារណៈ នឹង​រៀបចំ​ការ​ប្រឡង​សម្រាប់​វិញ្ញាសា​សរសេរ​លើកទី​២ នៅ​ថ្ងៃទី​១៨ ខែ​ឧសភា ​​នៅ​សាកល​​វិទ្យាល័យ​​ភូមិន្ទភ្នំពេញ ចាប់​ពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ដល់​ម៉ោង​៥ល្ងាច។ ដំណើរ​ការ​ប្រឡង​លើកទី២នេះ នឹង​សម្រាំង​យក​បេក្ខជនចំនួន ៤៤១នាក់ប៉ុណ្ណោះ ដែល​អាច​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន។ 

រូបភាពពីក្រសួង​មុខងារសាធារណៈ

មិន​ខុសពី​ការ​ប្រឡង​មុន​ៗឡើយ​ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ​តែងតែដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា នៅមុនពេលប្រឡង។ ​ នៅក្នុង​កិច្ច​ប្រជុំ​នេះ ក៏​បាន​គិត​គូរ​អំពី​បញ្ហាប្រឈមនានា ដែល​កើតឡើងចំពោះមុខ ។
 
បើតាម​ក្រសួង​មុខងារសាធារណៈ កិច្ចប្រជុំនេះ ​លោក ហ៊ុន ម៉ានី​ រដ្ឋមន្ត្រី បាន​វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសទាំងអស់ ដែល​ធ្វើ​ឱ្យ​ការ​ប្រឡង​ក្នុង​ដំណាក់​កាលទី​១ បញ្ចប់ដោយរលូន។ រដ្ឋមន្រ្តី​ក្រសួង​មុខងារសាធារណៈ ចាត់ទុកសមិទ្ធផលទាំងនេះ បានមកពីកិច្ចសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយនាពេលកន្លងមក៕ 
 

Tag:
 ​គ្រូ​អនុវិទ្យាល័យ
  អប់រំ
  មុខងារ​សាធារណៈ​
  កំណែ​ទម្រង់​
© រក្សាសិទ្ធិដោយ thmeythmey.com