ជាតិ
កម្ពុជាបានចំណូល១២៥លានដុល្លារពីការនាំចេញកៅស៊ូ រយៈពេល៤ខែ
18, May 2024 , 8:39 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូល ១២៥លានដុល្លារ ពីការនាំចេញឈើ និងជ័រកៅស៊ូ។ តួលេខនេះ កើនឡើង ១២ភាគរយ ធៀបនឹងឆ្នាំ២០២៣។ 
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១០ ឧសភា​ បានបញ្ជាក់ថា ​កម្ពុជា ផលិតបានជ័រកៅស៊ូ ៨៤ ២១៩តោន និងឈើកៅស៊ូ ១១៤០ម៉ែត្រគូប នា៤ខែនេះ។ រយៈពេលនេះ កម្ពុជាសម្រេចបានការនាំចេញជ័រកៅស៊ូ ៨៥ ៤២៨តោន កើនឡើង៤ភាគរយ ធៀបនឹងឆ្នាំមុន និងឈើកៅស៊ូ៤៣៨៧ ម៉ែត្រគូប ដែលគិតជាទឹកប្រាក់ស្មើនឹង ១២៥ ៧៧៣ ៩៥០ដុល្លារ កើនឡើង១២ភាគរយ ធៀបនឹង២០២៣។​


 
សម្រាប់ខែមេសា កម្ពុជារកចំណូលបាន ២៤ ៩៣៦ ២៦០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ ១៦ ១០៦តោន និងឈើកៅស៊ូ ២០៧១ម៉ែត្រគូប។ ក្នុងខែដដែលនេះ ជ័រកៅស៊ូមានតម្លៃជាមធ្យម ១៥៣២ដុល្លារក្នុងមួយតោន កើនឡើង២ដុល្លារ ធៀបនឹងខែមុន។ ចំណែក ឈើកៅស៊ូ មានតម្លៃ ១២៦ដុល្លារក្នុងមួយម៉ែត្រគូប។
 
បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុប ៤០៧ ១៧២ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំចំនួន ៨៦ ៩៨៨ហិកតា ស្មើនឹង ២១ភាគរយ។ ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមាន ២២៦ ៨៤០ហិកតា ស្មើនឹង៥៦ភាគរយ និងផ្ទៃដីកៅស៊ូគ្រួសារមាន ១៨០ ៣៣២ហិកតា ស្មើនឹង ៤៤ភាគរយ៕ 
 

Tag:
 អគ្គនាយកដ្ឋានកៅស៊ូ
  ក្រសួងកសិកម្ម
  កៅស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com