អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃបបួលមេដឹកនាំបារាំងបង្កើតក្រុមក្នុងWhatsapp ជាមួយមេដឹកនាំកម្ពុជា
19, May 2024 , 6:30 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ, លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព X_Srettha Thavisin, AFP និង STPM
(ពីឆ្វេងទៅស្តាំ) លោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ, លោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបភាព X_Srettha Thavisin, AFP និង STPM
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន ក្នុងដំណើរទស្សនកិច្ចនៅបារាំង បានបបួលលោកអេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឱ្យបង្កើតក្រុមនៅក្នុងបណ្តាញសង្គម Whatsapp ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីងាយស្រួលក្នុងការពិភាក្សាពីកិច្ចការអាស៊ានកាន់តែងាយស្រួល និងរហ័សជាងមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ ខែឧសភា។

 
ក្នុងជំនួបរយៈពេលប្រមាណ ៤ម៉ោង នៅទីក្រុងប៉ារីស លោកសេដ្ឋា ថាវីស៊ីន បានពិភាក្សាលើបញ្ហាជាច្រើន ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ ក្នុងជំនួបនេះ លោកម៉ាក្រុង បានបញ្ជាក់ថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
 
«លោកសេដ្ឋា បានស្នើបង្កើតក្រុមនៅក្នុងបណ្តាញសង្គម Whatsapp ដែលមានសមាជិកតែបីនាក់ប៉ុណ្ណោះ ដើម្បីពិភាក្សាពីកិច្ចការផ្សេងៗពាក់ព័ន្ធនឹងបារាំង និងអាស៊ាន»។​ សារព័ត៌មាន The Nation បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៧ ខែឧសភា។ 
 
បើតាមលោកសេដ្ឋា ការបង្កើតក្រុមនៅក្នុងបណ្តាសង្គមបែបនេះ គឺដើម្បីងាយស្រួលក្នុងការពិភាក្សាបញ្ហាបារាំង និងអាស៊ាន កាន់តែងាយស្រួល និងរហ័សជាងមុន។ មេដឹកនាំបារាំង និងថៃ ក៏បានពិភាក្សាពីបញ្ហានៅមីយ៉ាន់ម៉ា រួមទាំងជម្លោះនៅតំបន់កាហ្សាផងដែរ៕ 
 

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com