កម្ពុជា-កាតា ត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរ ទៅកាន់វិនិយោគិន។ លើសពីនេះ ប្រទេសទាំងពីរ ប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុងការជំរុញនូវទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែជិតស្និទ្ធ។
ការប្តេជ្ញាទាំងនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតកាតាប្រចាំកម្ពុជា និងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី៧ ខែឧសភា។ ក្នុងឱកាសនេះ, លោក អ៊ុនវ័ណរ៉ា បានបង្ហាញពីច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ និងគោលនយោបាយពាក់ព័ន្ធនានា, ការផ្តល់ការលើកទឹកចិត្ត, ការចុះបញ្ជី និងកិច្ចសម្រួលវិនិយោគ, វិស័យវិនិយោគអាទិភាព, ស្ថានភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ទៅកាន់លោក Khalid Ali Abdullah Abel។
ជាពិសេស លោក អ៊ុនវ័ណរ៉ា បានលើកឡើងអំពីការត្រៀមខ្លួនជាស្រេចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន ដែលមានបំណងមកសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ ឬមកបណ្តាក់ទុននៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់CDC។
ជាមួយគ្នានេះលោកទូតប្រទេសកាតាប្រចាំកម្ពុជា ក៏បានរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការរីកចម្រើនរបស់ប្រទេសខ្លួននាពេលបច្ចុប្បន្ន ផងដែរ។ លោក Khalid Ali Abdullah Abel បាននិយាយពីការត្រៀមខ្លួន ក្នុងការផ្តល់កិច្ចសហការចូលរួមរៀបចំផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ប្រទេសទាំងពីរដល់វិនិយោគិន តាមរយៈកិច្ចសហការតភ្ជាប់ជាមួយសភាពាណិជ្ជកម្មកាតា និងតំណាងក្រសួងស្ថាប័នកាតាដែលទទួលបន្ទុកការងារវិនិយោគ។
« [យើង]ប្តេជ្ញានិងចូលរួមយ៉ាងសកម្មក្នុងការជំរុញនិងពង្រឹងទំនាក់ទំនងផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត »។ លោក Khalid Ali Abdullah Abel បានបញ្ជាក់យ៉ាងដូច្នេះ។
នាថ្ងៃទី៨ឧសភានេះ លោក Khalid Ali Abdullah Abel ថ្លែងនៅចំពោះមុខសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា នឹងប្តេជ្ញាខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានកម្រិតខ្ពស់ជាងមុន និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង។ ព្រោះលោកមើលឃើញថាកម្ពុជា គឺជាប្រទេសដែលផលិតស្បៀង។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន មើលឃើញថា កម្ពុជា-កាតា គឺត្រូវមានកិច្ចការធ្វើរួមច្រើនគ្នា ដោយកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន។ ជាពិសេស កម្ពុជាគឺប្រទេសផលិតមស្រូវ និងគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ សម្តេចបានបន្តរៀបរាប់ទៅកាន់លោកឯកអគ្គរាជទូតកាតាយ៉ាងដូច្នេះ៖ « កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស»៕