អន្តរជាតិ
ការ​រុះរើ​របស់ Putin៖ ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​ដ៏​យូរ?
16, May 2024 , 7:29 pm        
រូបភាព
ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Andrei Belousov (កណ្តាល​) រង់ចាំ​ចូលរួម​ក្នុង​ពិធី​ចូលកាន់ដំណែងរបស់ លោក Vladimir Putinជា​ប្រធានាធិបតី​រុស្ស៊ី នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោក Andrei Belousov (កណ្តាល​) រង់ចាំ​ចូលរួម​ក្នុង​ពិធី​ចូលកាន់ដំណែងរបស់ លោក Vladimir Putinជា​ប្រធានាធិបតី​រុស្ស៊ី នៅ​វិមាន​ក្រឹមឡាំង ក្នុង​ទីក្រុង​ម៉ូស្គូ កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ដោយ: VOA
ប្រធានាធិបតី​រុស្ស៊ី ​លោក​ Vladimir Putin (វ្ល៉ាឌីមៀ ពូទីន) ​បាន​រុះរើ​រដ្ឋាភិបាល​របស់​លោកកាលពីពេលថ្មីៗនេះ ដោយ​តែងតាំង​លោក ​Andrei Belousov​ ដែល​ជា​សេដ្ឋវិទូ​ដែល​បាន​កាន់​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី ទីមួយ​របស់​រុស្ស៊ី​នោះ ឱ្យ​ជំនួស​លោក ​Sergei Shoigu ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ។​ លោក​ Shoigu ​ដែល​ជា​សមាជិក​គណៈ​រដ្ឋមន្ត្រី​តែមួយ​គត់​ដែល​ត្រូវ​បាន​លោក​ Putin ​ដេក​ចេញ​នោះ​ ត្រូវ​បាន​តែងតាំង​ជា​លេខាធិការ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​ប្រទេស​រុស្ស៊ី ​ដែល​ជា​ស្ថាប័ន​ប្រឹក្សា​វិមាន​ក្រឹមឡាំង​ដ៏​មាន​ឥទ្ធិពល ​ជំនួស​លោក​ Nikolai Patrushev ​ដែល​ជា​សហការី​របស់​លោក Putin ​យូរ​មក​ហើយ។​



ដូច​ប្រធានាធិបតី​ Putinដែរ​ លោក ​Patrushev ​ធ្លាប់​ដឹកនាំ​សេវា​សន្តិសុខ​សហព័ន្ធ ​ដែល​ជា​ទីភ្នាក់ងារ​ស្នង​ការងារ​របស់​ KGB​ សូវៀត។​
 
គណៈ​រដ្ឋមន្ត្រី​ទាំងមូល​បាន​លាលែង​ពី​តំណែង​ក្រោយ​ការ​ចូល​កាន់​តំណែង​ប្រធានាធិបតីអាណត្តិ​ទី​៥​កាលពី​ថ្ងៃ​ទី ៧​ ខែ​ឧសភា​របស់​លោក ​Putin។​
 
ក្រុម​ប្រឹក្សា​សហព័ន្ធ ​ដែល​ជា​សភា​ជាន់ខ្ពស់​នៃ​សភា​រុស្ស៊ី ​ត្រូវតែ​អនុម័ត​ការ​ជ្រើសរើស​របស់​លោក​ Putin តែងតាំង​លោក ​Belousov ជា​ប្រធាន​ក្រុមប្រឹក្សា​នេះ​ដែល​ជា​គ្រាន់​តែ​ជា​បែបបទ​បង្គ្រប់​កិច្ច​នូវអ្វី​ដែលមាន​លក្ខណៈ​ប្រាកដប្រជា​រួច​ទៅ​ហើយ។​
 
VOA ភាសា​រុស្ស៊ី​បាន​និយាយ​ជាមួយ​អ្នក​ជំនាញ​ចំនួន​បី​នាក់ ​ដែល​ពួកគេ​ទាំង​អស់​បាន​យល់​ថា​ ការ​តែងតាំង​លោក​ Belousov ​បង្ហាញ​ថា​ លោក ​Putin ​កំពុង​រៀបចំ​ប្រទេស​សម្រាប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​ប្រឆាំង​នឹង​អ៊ុយក្រែន។​
 
លោក ​Richard Weitz ​ដែល​ជាអ្នកស្រាវជ្រាវ​ជាន់ខ្ពស់ ​និង​ជា​នាយក​មជ្ឈមណ្ឌល​វិភាគ​នយោបាយ-យោធា​នៅ​វិទ្យាស្ថាន ​Hudson ​បាន​កត់​សម្គាល់​ថា​ មាន​ការ​រំពឹង​ទុក​មួយ​រយៈ​ហើយ​ថា​ លោក ​Shoigu ​ដែល​បាន​បម្រើការ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អស់​រយៈ​ពេល ១២ ​ឆ្នាំ​មកហើយ​នេះ​ ត្រូវ​បាន​គ្រោង​ដក​ចេញ​ពីមុខ​តំណែង​នេះ។
 
លោក Weitz បាន​ប្រាប់ ​VOA​ ថា៖ ​«មាន​ការ​ព្រួយ​បារម្ភ​ខ្លះៗ​អំពី​ល្បឿន​នៃ​កំណែ​ទម្រង់​យោធា​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​ ហើយ​បន្ទាប់​មាន​ប្រតិបត្តិការ​យោធា​រុស្ស៊ី​ដ៏​អន់​ក្នុង​ពេល​ប៉ុន្មាន​ខែ​ដំបូង​នៃ​សង្គ្រាម​នៅ​អ៊ុយក្រែន​ ហើយ​នឹង​ការ​បះបោរ​កាលពី​ឆ្នាំ​មុន​ដោយ​លោក​ Yevgeny Prigozhin ​ហើយ​ក្រុម​ទាហាន​ Wagner ​ត្រូវ​បាន​ដឹកនាំ​ជា​ចម្បង​ដោយ​លោក​ Shoigu ​និង Valery Gerasimov ​ដែល​ជា​ប្រមុខ​មន្ត្រី​យោធា»។​
 
លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ លោក​ Putin ​បាន​សម្រេច​ចិត្ត​ដូច្នេះ នៅ​ដំណាក់កាល​នេះ​នៃ​ជម្លោះ​នេះ​ ហើយ​ឥឡូវ​នេះ​ជា​ពេល​ដែល​យោធា​រុស្ស៊ី​កំពុង​ប្រតិបត្តិការ​បាន​ល្អ។​ ប៉ុន្តែ​វា​ច្បាស់​ណាស់​ថា​ សង្រ្គាម​នឹង​មាន​រយៈ​ពេល​ជាច្រើន​ឆ្នាំ។​ ជាក់​ស្តែង​គាត់​ចង់​តែងតាំង​អ្នក​ដែល​ដឹង​ច្រើន​ជាង​អំពី​សេដ្ឋកិច្ច។ ​វា​សម​ហេតុផល- ប្រសិន​បើ​វា​នឹងទៅ​ជាសង្រ្គាម​ដ៏​យូរ​ អ្នក​នឹង​ត្រូវ​ប្រមូល​ធនធាន​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​វា»។
 
លោក Mykola Sunhurovskyi នាយក​កម្មវិធី​យោធា​នៅ​មជ្ឈមណ្ឌល​ Razumkov ​ដែល​ជា​ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ​Kyiv ​ប្រទេស​អ៊ុយក្រែន​ បាន​និយាយ​ថា​ រឿង​អាស្រូវ​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​អនុ​ប្រធាន​របស់​ លោក​ Shogiu ​គឺ​លោក ​Timur Ivanov ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ទទួល​សំណូក​ចំនួន​១២​ លាន​ដុល្លារ​នោះ ប្រហែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ដក​តំណែង​លោក​ Shoigu។ ​ប៉ុន្តែ​លោក​បាន​យល់​ស្រប​ថា ការ​ផ្លាស់ប្តូរ​នេះ​ទាក់ទង​ជា​ចម្បង​ទៅ​នឹង​ការ​ព្យាករ​របស់​លោក Putin ​ដែល​ថា​ សង្រ្គាម​ជាមួយ​អ៊ុយក្រែន​នឹង​មាន​រយៈ​ពេល​យូរ ហើយ​នឹង​ការ​អំពាវនាវ​ស្រប​គ្នា​របស់​លោក​ថា ​សង្គ្រាម​រុស្ស៊ី​ពឹង​លើ​សេដ្ឋកិច្ច។​
 
លោក ​Sungursky ​បាន​ប្រាប់ ​VOA​ ថា៖ ​«ជាទូទៅ​លោក​ Shoigu ​មិន​អាច​មាន​សមត្ថភាពបែប​នេះ​ទេ។​ គាត់​មិនមែន​ជា​ទាហាន​ទេ។ ​គាត់​មិនមែន​ជា​សេដ្ឋវិទូ​ទេ។ ​គាត់​មិន​មែន​ជា​អ្នក​ឧស្សាហកម្ម​ទេ។ ​ប៉ុន្តែ​លោក​ Belousov​ គឺ​ជា​បុរស​ម្នាក់​ដែល​បាន​ធ្វើការ​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្លុក​សេដ្ឋកិច្ច​នៃ​ប្រទេស​រុស្ស៊ី។​ គាត់​មាន​ឫស​គល់​នៅ​ក្នុង​វិទ្យាស្ថាន​សេដ្ឋកិច្ច ​និង​គណិតវិទ្យា​មជ្ឈិម​ ដែល​ធ្លាប់ជា​ស្ថាប័ន​ឈានមុខ​គេ​ដែល​បង្កើត​ស្តង់ដារ​ថ្មី​សម្រាប់​សេដ្ឋកិច្ច​រុស្ស៊ី​ ចាប់តាំង​ពី​ពាក់​កណ្ដាល​ទស​វត្សរ៍​១៩៧០។ ​គាត់​បាន​ធ្វើ​ការ​នៅ​ទី​នោះ​នៅ​អំឡុង​ពាក់​កណ្តាល​ទសវត្សរ៍​១៩៨០​មាន​មុខ​តំណែង​ជាន់​ខ្ពស់ ... ​[ហើយ] ​ម្តង​នោះ​លោក​ជា​ជំនួយការ​របស់​លោក ​Putin »។​
 
ដូច​គ្នា​នេះ​ដែរ​ អ្នក​វិភាគ​យោធា​អ៊ុយក្រែន ​លោក ​Alexei Getman​ បាន​ប្រាប់ ​VOA​ ថា​ ការ​ផ្លាស់ប្តូរលោក ​Shoigu គឺ​ដោយ​សារ​តែ​ប្រទេស​រុស្ស៊ី​«កំពុង​រៀបចំ​សម្រាប់​សង្រ្គាម​ដ៏​យូរ​មួយ»​ ហើយ​ដូច្នេះ​ត្រូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​ដែល​អាច​រៀបចំ​សេដ្ឋកិច្ច​របស់​ប្រទេស​ស្រប​តាម​សភាព​ការណ៍។​
 
ទោះ​យ៉ាង​ណា ​លោក​ Getman​ បាន​និយាយ​ថា​ ការ​ដក​លោក​ Shoigu​ មិន​គួរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​ទម្លាក់​តំណែង​ ឬ​ការ​ដាក់​ទណ្ឌកម្ម​ទេ។​
 
លោក​បាន​និយាយ​ថា៖ «និយាយ​រួមគាត់​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​សម្រាក​សមរម្យ​ ឬ​ជាប់គុក​ ដូច​ករណី​ជា​ញឹកញាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​នោះ​ទេ។​ គាត់​បាន​ក្លាយ​ជា​លេខាធិការ​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​សហព័ន្ធ​រុស្ស៊ី​ជំនួស​លោក​ Patrushev»។

© រក្សាសិទ្ធិដោយ thmeythmey.com