ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ផ្ដល់ភាគលាភដល់ភាគហ៊ុនិកសាធារណៈ ៧% លើសពីចំនួនដែលបានសន្យាមុនពេលក្រុមហ៊ុនចូល IPO គឺត្រឹមតែ ៦%
30, Apr 2024 , 6:00 pm        
រូបភាព
នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ លើកទី១ ក្រោមអធិបតីភាពក្រុមប្រឹក្សាភិបាលដែលមាន លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ, លោក គួច ផល អភិបាលប្រតិបត្តិ, លោក គួច អាឡិច អភិបាលប្រតិបត្តិ, លោកស្រី អ៊ឹង លីហុង អភិបាលប្រតិបត្តិ, លោកគង់ វ៉ារ៉ា អភិបាលឯករាជ្យ, តំណាងនិយ័តករមូលបត្រកម្ពុជា, តំណាងផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក៏ដូចជាភាគហ៊ុនិក សាធារណជន និងអ្នកព័ត៌មានជាតិ អន្ដរជាតិ ជាច្រើនរូប។
 
នៅក្នុងពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិជាផ្លូការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានប្ដេជ្ញាចិត្តធានាជូនការផ្ដល់ភាគលាភយ៉ាងតិច៦%ក្នុងមួយឆ្នាំ រយៈពេល២ឆ្នាំ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានសម្រេច និងស្នើទៅកាន់ភាគហ៊ុនិក ដើម្បីអនុម័តលើការបែងចែកភាគលាភនៃប្រាក់ចំណេញឆ្នាំ២០២៣ ទៅកាន់ភាគហ៊ុនិកជាសាធារណជន ដែលភាគលាភត្រូវបែងចែកជាសាច់ប្រាក់ និងផ្ទេរទឹកប្រាក់ដែលនៅសល់ចូលក្នុងប្រាក់ចំណេញដើម្បីរក្សាទុក។
 


ក្នុងឆ្នាំ២០២៣ ចំណូលរបស់ក្រុមហ៊ុន​ ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានកើនឡើងគួរឱ្យកត់សម្គាល់ចំនួន៤៥.៧៧០.៤១៥ពាន់រៀល ពី១០៣.៨៣៥.៦០២ពាន់រៀលដល់១៤៩.៦០៦.០១៧​ពាន់រៀល ដែលស្មើនឹងអត្រាកំណើន៤៤%។ ប្រាក់ចំណេញដុលរបស់យើងបានកើនឡើងយ៉ាងខ្លាំងចំនួន២៩.៦០៨.៥០០ពាន់រៀល ពីចំនួន៦៦.២៧៩.៦៤០ពាន់រៀលទៅចំនួន៩៥.៨៨៨.១៤០ពាន់រៀល ដែលស្មើនឹង៤៥%។ ប្រាក់ចំណេញសុទ្ធរបស់យើងក៏បានកើនឡើងចំនួន៩.៦៣៨.០៦០ពាន់រៀលដែរ ដែលស្មើនឹងអត្រាកំណើន១០២% ពីចំនួន៩.៤៤២.៦៣៥ពាន់រៀលមកចំនួន១៩.០៨០.៦៩៥ពាន់រៀល។
 


សម្រាប់លទ្ធផលអាជីវកម្មវិញ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានសម្ពោធសាខាថ្មីនៃ សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ​ អាយ (Aii) ចំនួន៥សាខា មានជាអាទិ៍ សាខាតាកែវ (១សាខា) សាខាសែនសុខ (២សាខា) សាខាច្បារអំពៅ (២សាខា) ដែលធ្វើឱ្យចំនួនសាខាសរុបបានកើនឡើងដល់២០ ពីចំនួន១៥សាខាក្នុងឆ្នាំ២០២២។ យើងក៏បានប្រារព្ធពិធីបុកគ្រឹះសាងសង់អគារថ្មីនៃសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាចោមចៅ នៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២៣ផងដែរ។
 


ផែនការសម្រាប់ការពង្រីកសាខា និងនវានុវត្តន៍នៅក្នុងការអប់រំ​កំពុងដំណើរការយ៉ាងរលូន ដោយសាខាថ្មីៗនិងការផ្ដួចផ្ដើមគំនិតឌីជីថលថ្មីត្រូវបានបង្កើតឡើង​ដើម្បីពង្រឹងគុណភាពអប់រំរបស់យើង។ គម្រោងសាងសង់នឹងចាប់ផ្ដើមសម្រាប់សាខា ៤ បន្ថែមទៀត​នៅដើមឆ្នាំ២០២៤ ដែលជាសាខាទី២២និងទី២៤ សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ (Aii) និងសាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ដែលមានទីតាំងនៅចំការដូង (២សាខា) និងទួលសង្កែ (២សាខា)។
 


ព័ត៌មានលម្អិតនៃការបែងចែកភាគលាភ៖
 
១- ប្រភេទភាគលាភដែលត្រូវបែងចែក : សាច់ប្រាក់
២- ប្រភពនៃភាគលាភ : ប្រាក់ចំណេញប្រចាំឆ្នាំ២០២៣
៣- រយៈពេលនៃភាគលាភ : ប្រចាំឆ្នាំ
៤- អនុបាតនៃការបែងចែកភាគលាភ : ៧,៦០%
៥- ភាគលាភសរុបដែលត្រូវបែងចែក : ១.៤៥១.០៦៨.០៩១,២០រៀល
៦- ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : ១៤៥,៦០រៀល
៧- កាលបរិច្ឆេទអិចឌីវិដឹនដ៍ : ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤
៨- កាលបរិច្ឆេទកំណត់ទុកនៃការបែងចែកភាគលាភ : ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤
៩- កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ : ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤
 


ភាគហ៊ុនិកស្ថាបនិកនឹងមិនទទួលយកភាគលាភនេះទេ ដោយផ្អែកលើកិច្ចព្រមព្រៀងភាគហ៊ុនិកនិងសំណើរបស់ក្រុមប្រឹក្សាភិបាល ដើម្បីរក្សាភាគលាភសម្រាប់ការអភិវឌ្ឍរបស់ក្រុមហ៊ុន ចំណែកភាគហ៊ុនិកសាធារណៈនឹងទទួលបានភាគលាភ ៧% នៃតម្លៃភាគហ៊ុន២,០៨០រៀល (១% លើសពីចំនួនដែលបានសន្យាមុនពេលក្រុមហ៊ុនចូល IPO)។
ភាគហ៊ុនិកបានអនុម័តលើការចែកចាយភាគលាភជាសាច់ប្រាក់នៃប្រាក់ចំណេញឆ្នាំ២០២៣ ដែលត្រូវប្រគល់ជូនភាគហ៊ុនិករបស់ក្រុមហ៊ុនចំនួន១.៤៥១.០៦៨.០៩១,២០រៀល ក្នុងតម្លៃ១៤៥.៦០រៀលក្នុងមួយហ៊ុន និងផ្ទេរសមតុល្យដែលនៅសល់នៃប្រាក់ចំណេញឆ្នាំ២០២៣ សម្រាប់រយៈពេលដែលត្រូវប្រគល់ឱ្យក្រុមហ៊ុនដើម្បី​រក្សា​ទុកប្រាក់​ចំណូល​៕





 
 

© រក្សាសិទ្ធិដោយ thmeythmey.com