កីឡាអន្តរជាតិ
វីដេអូ
អន្តរជាតិ
អ្នកគុននិយមជាង ១០០នាក់ មកពីជាង២០ប្រទេស នឹងមកប្រជែងគុនចម្រុះ នៅកម្ពុជា
01, May 2024 , 8:19 pm        
រូបភាព
អ្នកហាត់គុនជាង ១០០នាក់ មកពីជាង២០ប្រទេស នឹងប្រមូលផ្តុំគ្នាក្នុងប្រទេសកម្ពុជា ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី ២។ នេះបើតាមការអះអាងរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក NOCC ក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកកាសែត ក្រោយបិទបញ្ចប់វគ្គសិក្សាគម្រោងសាមគ្គីអូឡាំពិក ថ្ងៃទី២៩ ខែមេសា។




កម្ពុជាធ្វើ ទទួលសិទ្ធិរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។ កីឡាករកម្ពុជា ២០រូប ក្នុងនោះរួមមានកីឡាករ ចាន់ រតនា, កីឡាករ ឈឿន ល្វៃ ក៏ដូចជាកីឡាការិនី សំ ថារ័ត្ន ដែលមានជំនាញលើការប្រកួតគុនចម្រុះ រួមមានទាំងផ្នែកកីឡាល្បុក្កតោ និងគុនខ្មែរ ក៏នឹងបង្ហាញខ្លួនតំណាងកម្ពុជា។
 
អគ្គលេខាធិការ NOCC ថាកម្ពុជានឹងត្រៀមរៀបចំខ្លួនឱ្យបានល្អសម្រាប់ការប្រកួត ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចល្អ ដូចដែលកម្ពុជាធ្លាប់មានបទពិសោធន៍ រៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡានានា ដើម្បីធ្វើឱ្យអ្នកគុននិយមទាំងអស់កាន់តែមានភាពកក់ក្តៅពីការទទួលដិតដល់របស់ម្ចាស់ផ្ទះ។
 
លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៖«យើងនឹងធ្វើឱ្យការរៀបចំនេះកាន់តែមានភាពកក់ក្តៅ ទៅដល់ប្រទេសទាំងអស់ជាង ២០ប្រទេសតំបន់អាស៊ី ដែលមានអ្នកគុននិយមជាង១០០នាក់ មកចូលរួម។ យើងសង្ឃឹមថាយើងនឹងបានឃើញអ្នកគុននិយមដ៏ច្រើនមកប្រមូលផ្តុំគ្នាក្នុងប្រទេសកម្ពុជាក្នុងពេលខាងមុខ»។


​ការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ក្នុងប្រទេសកម្ពុជា គឺជាការប្រកួតជម្រុះដើម្បីស្វែករកកីឡាករជាប់ចំណាត់ថ្នាក់ ដើម្បីឆ្ពោះទៅកាន់ការប្រកួតលក្ខណៈព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះ (Asian Indoor and Mix Martial Art 2024) នៅប្រទេសថៃ ក្នុងខែវិច្ឆិកា បន្ថែមទៀត។ ​
 
បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន កីឡាករជាប់ចំណាត់ថ្នាក់ពីលេខ ១ រហូតដល់ចំណាត់ថ្នាក់លេខ ១០ នឹងត្រូវឡើងទៅការប្រកួតបន្តនៅប្រទេសថៃ។ ចំណាត់ថ្នាក់លេខ ១ ដល់លេខ ១០ នេះគឺគិតរាល់គ្រប់ប្រភេទទម្ងន់ទាំងអស់ដែលត្រូវបានដាក់ប្រកួតជម្រុះ ​នៅប្រទេសកម្ពុជា។
 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយនឹងប្រធានចលនាអូឡាំពិកអន្តរជាតិ និងអូឡាំពិកអាស៊ី នឹងមានវត្តមានក្នុងពិធីបើកកម្មវិធីប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ីលើកទី២ ផងដែរ៕

Tag:
 វ៉ាត់ ចំរើន
  គុនចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com