អន្តរជាតិ
ចិនបើកសាកល្បងនាវាដឹកយន្តហោះចម្បាំងទី៣ នៅសមុទ្រលើកដំបូង
01, May 2024 , 9:59 pm        
រូបភាព
នាវាដឹកយន្តហោះចម្បាំងទី៣ របស់ចិន Fujian
នាវាដឹកយន្តហោះចម្បាំងទី៣ របស់ចិន Fujian
ចិន នៅថ្ងៃទី១ ខែឧសភា បានបើកសាកល្បងនាវាដឹកយន្តហោះចម្បាំងទី៣របស់ខ្លួនលើកដំបូងនៅក្នុងសមុទ្រ។ នាវាទម្ងន់១០ម៉ឺនតោននេះ ត្រូវបានបង្ហាញចាប់តាំងពីឆ្នាំ២០២២មក។​



បើកចេញកន្លែងសាងសង់ និងជួសជុលនាវា Shanghai Jiangnan Shipyard ប្រមាណម៉ោង ៨ព្រឹក នៅថ្ងៃទី១ ខែឧសភា នាវាដឹកយន្តហោះចម្បាំង Fujian ត្រូវបានបើកសាកល្បងនៅលើផ្ទៃសមុទ្រលើកដំបូង ដើម្បីពិនិត្យលើសមត្ថភាព និងស្ថិរភាពរបស់នាវា ពាក់ព័ន្ធនឹងប្រព័ន្ធអគ្គិសនី និងម៉ាស៊ីន។ 
 
ជានាវាដឹកយន្តហោះចម្បាំងទីបីរបស់ចិន កន្លងមក Fujian ត្រូវបានសាកល្បងការចូលចត និងការរៀបចំ និងបំពាក់សម្ភារលើនាវាជាដើម។ ទន្ទឹមនេះ នាវាទម្ងន់១០ម៉ឺនតោនរបស់ចិន ក៏ត្រូវនឹងលក្ខខណ្ឌបច្ចេកទេសផងដែរ។ 
 
នាវាមួយគ្រឿងនេះ ត្រូវបានដាក់ឈ្មោះតាមខេត្តមួយរបស់ចិន ដែលនៅទល់មុននឹងកោះតៃវ៉ាន់។ នាវាដឹកយន្តហោះចម្បាំងពីរគ្រឿងមុនៗ ក៏ដាក់ឈ្មោះតាមខេត្តរបស់ចិនផងដែរ។ 

លក្ខណៈពិសេសរបស់នាវាមួយគ្រឿងនេះ គឺប្រើប្រាស់ប្រព័ន្ធរុញយន្តហោះឡើយ (catapult) ដែលជួយឱ្យយន្តហោះឡើងបានកាន់តែលឿន។ បច្ចេកវិទ្យាបែបនេះ មិនមានបំពាក់លើនាវា Liaoning និងនាវា Shandong របសចិនឡើយ។
 
នាវា Fujian ជានាវាដឹកយន្តហោះចម្បាំង ដែលធំជាងនាវាចម្បាំងរបស់ចិនចំនួនពីរមុន ហើយថែមទាំងអាចផ្ទុកយន្តហោះចម្បាំងច្រើនជាងមុន ដោយវាត្រូវបានរចនា និងអភិវឌ្ឍនៅក្នុងស្រុកទាំងស្រុង។ បើមិនគិតពី Fujian បច្ចុប្បន្ន ចិនមាននាវាដឹកយន្តហោះចម្បាំងចំនួនពីរគ្រឿង។ នាវាទីមួយឈ្មោះ Liaoning ជានាវាផលិតដោយសហភាពសូវៀត និងនាវាទី២ Shandong រចនាដោយផ្អែកតាមនាវា Liaoning៕
 

Tag:
 ចិន
  នាវាដឹកយន្តហោះចម្បាំង
© រក្សាសិទ្ធិដោយ thmeythmey.com