សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ទីក្រុង​ Shenzhen ​មាន​ស្ថានីយ​សាក​ថ្មរថយន្តអគ្គិសនី ​ច្រើន​ជាង​ស្ថានីយ​ប្រេងសាំង
10, May 2024 , 9:09 am        
រូបភាព
ស្ថានីយសាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅទីក្រុង Shenzhen ។​ រូបភាព ៖ Xinhua
ស្ថានីយសាកថ្មរថយន្តអគ្គិសនីមួយកន្លែងនៅទីក្រុង Shenzhen ។​ រូបភាព ៖ Xinhua
ទីក្រុង Shenzhen មានស្ថានីយសាកថ្មរថយន្តអគ្គិសនីសរុបចំនួន ៣៦២កន្លែង គិតត្រឹមថ្ងៃទី៣០ ខែមេសា ដែលចំនួននេះច្រើនជាងចំនួនស្ថានីយប្រេងឥន្ធនៈនៅក្នុងទីក្រុង។ នេះបើតាមសារព័ត៌មានចិន China Daily។​

 
ចំនួនស្ថានីយសាកថ្ម និងប្រអប់បញ្ចូលភ្លើងរថយន្តអគ្គិសនី មានចំនួនលើសពីស្ថានីយប្រេងឥន្ធនៈនៅទីក្រុង Shenzhen។ ចំនួននេះបានឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមានក្នុងការអភិវឌ្ឍទីផ្សាររថយន្តថាមពលថ្មី (New Energy Vehicles - NEV) ក៏ដូចជា ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដែលដំណើរការប្រព័ន្ធសាកថ្មនៅទីក្រុងមួយក្នុងខេត្តក្វាងទុង។
 
នៅចិន រថយន្តថាមពលថ្មី (NEV) សំដៅលើរថយន្តដែលប្រើប្រាស់អគ្គិសនីទាំងស្រុង ឬភាគច្រើនសំដៅលើរថយន្តអគ្គិសនីកូនកាត់ ឬរថយន្តប្រើថ្មសាកអគ្គិសនី។ រដ្ឋាភិបាលចិនបានចាប់ផ្តើមអនុវត្តកម្មវិធី NEV ក្នុងឆ្នាំ ២០០៩ ដើម្បីជំរុញការអភិវឌ្ឍ និងប្រើប្រាស់រថយន្តថាមពលថ្មី ហើយអ្នកទិញរថយន្តអគ្គិសនីមានសិទ្ធិទទួលបានការឧបត្ថម្ភធនសាធារណៈ។
 
ស្ថិតិពីការិយាល័យផ្គត់ផ្គង់អគ្គិសនី Shenzhen នៃប្រតិបត្តិករបណ្តាញអគ្គិសនី China Southern Power Grid បង្ហាញថា ក្នុងត្រីមាសទី១ បរិមាណអគ្គិសនីសម្រាប់រថយន្តអគ្គិសនីបានកើនឡើងដល់ ៦៧០លានគីឡូវ៉ាត់ម៉ោង ដែលកើន ១០,៩ភាគរយក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
 
សម្រាប់រថយន្តអគ្គិសនីធម្មតា វានឹងចំណាយពេលប្រហែល ៧-៨ម៉ោង ដើម្បីសាកពេញជាមួយកម្រិតស្តង់ដារ ឬត្រឹមតែ ១-២ម៉ោង សម្រាប់មុខងារបញ្ចូលថ្មលឿន។ ជាមួយនឹងឆ្នាំងសាកលឿន ថ្មអាចឡើងដល់ ៨០ភាគរយ ឬច្រើនជាងនេះ ក្នុងរយៈពេលត្រឹមតែ១០ នាទី ឬតិចជាងនេះ។ 
 
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ទីក្រុង Shenzhen បានបើកដំណើរការស្ថានីយសាកថ្មលឿនដំបូងបំផុតដែលត្រូវបានគេដាក់ឈ្មោះថា ទីក្រុងនៃស្ថានីយសាកថ្មលឿន។ នាពេលនេះ ប្រព័ន្ធសេវាសាកថ្មលឿនត្រូវបានដំឡើងនៅទូទាំងទីក្រុង Shenzhen ដោយភាគច្រើននៅស្ថានីយសាកថ្មដែលមានស្រាប់ និងនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ស្ថានីយរថយន្តក្រុង សួនឧស្សាហកម្ម និងទីតាំងសំខាន់ៗផ្សេងទៀត។
 
នៅចុងឆ្នាំ ២០២៣ ចំនួនរថយន្ត NEV នៅទីក្រុង Shenzhen មានលើសពី ៩៧០ពាន់គ្រឿង ហើយមានចំនួនច្រើនជាង ៦០ភាគរយនៃការលក់រថយន្តថ្មី។ នៅចុងឆ្នាំ ២០២៥ ចំនួនរថយន្ត NEV នៅក្នុងទីក្រុងនេះ ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងដល់ ១,៣លានគ្រឿង៕ 

Tag:
 ចិន
  រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com