ជាតិ
បោះឆ្នោត
ឃោសនាបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៤ នឹងចាប់ផ្ដើមពីថ្ងៃទី១៧ដល់២៤ឧសភា
13, May 2024 , 5:11 pm        
រូបភាព
បក្សចំនួន៥ បានចុះបញ្ជីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា។
បក្សចំនួន៥ បានចុះបញ្ជីចូលរួមការបោះឆ្នោតក្រុមប្រឹក្សា។
​ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ឧសភានេះ។ នេះបើតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

 
ដំណើរការឃោសនាបោះឆ្នោត មានគោលដៅឱ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ផ្សព្វផ្សាយនូវគោលនយោបាយនិងកម្មវិធីនយោបាយរបស់ពួកគេទៅកាន់អង្គបោះឆ្នោត។
 
នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គ.ជ.ប បានអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវតែគោរពតាម បទប្បញ្ញត្តិ គោលការណ៍ ច្បាប់ស្ដីពីការបោះឆ្នោត និង ក្រមសីលធម៌ ដើម្បីឱ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព។
 
ជាមួយគ្នាដែរ គ.ជ.ប បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយនីមួយៗអាចអនុវត្តកម្មវិធី និងការហែក្បួនឃោសនាបោះឆ្នោត របស់បក្សនីមួយៗ ប្រព្រឹត្តទៅដោយស្មើភាពគ្នា។
 
ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងរៀបចំឡើងនៅថ្ងៃទី២៦ឧសភា​។ ដំណើរការបោះឆ្នោតនេះ មានបក្សទាំង៥បានចូលរួមប្រកួតប្រជែង មានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សខ្មែររួបរួមជាតិ។ ចំណែក អង្គបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕ 
 

Tag:
 ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com