ជាតិ
បោះឆ្នោត
ឃោសនាបោះឆ្នោត៖ អាជ្ញាធរស្នើឱ្យបញ្ចៀសចរាចរណ៍បណ្ដោះអាសន្នលើផ្លូវម៉ៃដា ២០០៤
16, May 2024 , 11:19 am        
រូបភាព
រូបភាពពី គណះកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប
រូបភាពពី គណះកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នឹងរៀបចំធ្វើមេទ្ទិង បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ នៅថ្ងៃទី១៧ឧសភា ដែលចាប់ផ្ដើមនៅម៉ោង៦ព្រឹក នៅផ្លូវធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ។ ហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យពលរដ្ឋមានការយោគយល់ និងបញ្ចៀសចរាចរបណ្ដោះអាសន្នអំឡុងពេលហែបក្ស។

 
តាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅម៉ោង៦ព្រឹក អ្នកគាំទ្រ រួមទាំងសមាជិកបក្សប្រជាជនទាំងអស់ នឹងជួបជុំនៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស
ប្រជាជនកម្ពុជារាជធានីភ្នំពេញ ស្ថិតនៅដីឡូត៍លេខ២៧៧០ លើផ្លូវម៉ៃដា(លេខ២០០៤) ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការជួបជុំនេះ មានគ្នាប្រមាណ១ម៉ឺននាក់ មកពីតាមបណ្តាខណ្ឌនានា ក្នុងរាជធានីភ្នំពេញ។ 
 
បន្ទាប់ពីជួបជុំហើយ បក្សប្រជាជនកម្ពុជា នឹងដង្ហែក្បួនចេញទៅ តាមផ្លូវសំខាន់ៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ដូចនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដូច្នេះ៖ «ក្នុងអំឡុងពេល នៃការជួបជុំធ្វើមីខ្ទីងបើកយុទ្ធនាការឃោសនានៅទីតាំងខាងលើ អាចមានចរាចរមមាញឹកខ្លាំងដោយសារមធ្យោបាយធ្វើដំណើររបស់សមាជិក-សមាជិកាគណបក្ស ដែលអញ្ជើញចូលរួម។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលពុំមានការងារចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់តំបន់ប្រារព្ធពិធីឡើយ ចៀសវាងការកកស្ទះចរាចរណ៍កើតឡើង»។ 
 
ជាមួយគ្នាដែរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំឱ្យមហាជន យោគយល់ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធមេទ្ទិង និងតាមដងផ្លូវហែក្បួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ 
 
សូមជម្រាបថា ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ មានយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤ឧសភា។ ការបោះឆ្នោតនេះ នឹងរៀបចំឡើងនៅថ្ងៃទី២៦ឧសភា​។ ដំណើរការបោះឆ្នោត មានបក្សទាំង៥បានចូលរួមប្រកួតប្រជែង មានបក្សប្រជាជនកម្ពុជា បក្សឆន្ទៈខ្មែរ បក្សកម្លាំងជាតិ បក្សហ្វ៊ុនស៊ិនប៉ិច និងបក្សខ្មែររួបរួមជាតិ។ ចំណែក អង្គបោះឆ្នោត មានសរុប១១ ៦២២នាក់ និងការិយាល័យបោះឆ្នោត ចំនួន២០៩ នៅទូទាំង២៥រាជធានី-ខេត្ត៕ 

Tag:
 ឃោសនាបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com