ជាតិ
ព្រែកជីកហ្វូណនតេជោ ជួយកម្ពុជាចេញពីគំនាបពាណិជ្ជកម្មរបស់វៀតណាម លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា
× នៅពេលដែលកម្ពុជាសម្រេចបានជោគជ័យ នូវគម្រោងព្រែកជីកហ្វូណនតេជោ ពេលនោះសេដ្ឋកិច្ចយើងនឹងរត់ក្នុងល្បឿនគុណនឹងពីរ ឬបីដងក៏ថាបាន។ ពោល គឺក្នុងល្បឿនលឿនជាងល្បឿននាពេលបច្ចុប្បន្ន ហើយប្រជាកសិករកម្ពុជាលែងពឹងទាំងស្រុងក្នុងការលក់ផលិតផលកសិកម្មទៅអោយឈ្មួញវៀតណាមដែលតែងតែធ្វើព្យុះភ្លៀង ជាញឹកញាប់ បន្ថោកកសិផលកសិករកម្ពុជា។ បានសេចក្ដីថា ពេលនោះប្រជាកសិករយើងនឹងមានជម្រើសច្រើនជាងមុន ក្នុងវិធាននៃការលក់ផលិតផលកសិកម្មរបស់ខ្លួនក្នុងតំលៃសមរម្យ និងទទួលយកបាន។ បន្ទាប់មក សេដ្ឋកិច្ចកម្ពុជានឹងឈរត្រដែតនៅលើផែនទីពិភពលោក ជាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំង និរន្តរភាព និងមានភាពធន់ មួយនៅលើពិភពលោក។
នេះគឺជាច្រកចេញដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ចេញពីគំនាបសេដ្ឋកិច្ចដែលតែងតែរងនូវការប្រមាថពីឈ្មួញ និងអាជ្ញាធរវៀតណាម ក្នុងក្របខណ្ឌនៃការធ្វើពាណិជ្ជកម្ម ដឹកជញ្ជូនផលិតផលកម្ពុជា ឆ្លងកាត់តាមកំពង់ផែ វៀតណាមទៅកាន់ទិសដៅបណ្តាប្រទេសនានា ដែលជាដៃគូពាណិជ្ជកម្មកម្ពុជាទៀតហើយ។
ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ទោះបីក្នុងតម្លៃណាក៏ដោយ ត្រូវពន្លឿនការកសាង និងស្តារឡើងវិញ នូវព្រែកជីកហ្វូណនបុរាណ ដែលមានទីតាំងភូមិសាស្ត្រនៅក្នុងទឹកដីរបស់កម្ពុជា ដែលជាប្រយោជន៍ដល់សេដ្ឋកិច្ចក្នុងរយៈពេលវែង ដើម្បីអោយកម្ពុជា អាចពន្លឿនសម្រេចបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ និងជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។
ដូចគ្នានេះដែរ វៀតណាមគួរបញ្ឈប់ជាបន្ទាន់ នូវការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ វៀតណាម ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមវៀតណាម-កម្ពុជា ឆ្នាំ១៩៩៩, ២០០៥, ២០០៩, ២០១១, ២០១៤, ២០១៦, ២០១៧, ២០១៩, ២០២១ និង២០២២ ដែលក្នុងនោះបានចែងអំពីការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងដោះស្រាយរាល់បញ្ហាដែលកើតឡើង រវាងប្រទេសទាំងពីរដោយសន្តិវិធី៕
(អត្ថបទដោយ៖ លោក ឆាយ បូរ៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្ត្រ BowerGroupAsia (BGA) នៅកម្ពុជា។ លោក និងក្រុមការងារជួយក្រុមហ៊ុនចម្រុះជាតិសាសន៍នានាក្នុងការគ្រប់គ្រងហានិភ័យ និងចាប់យកឱកាសអាជីវកម្មនៅក្នុងប្រទេសកម្ពុជា។)
© រក្សាសិទ្ធិដោយ thmeythmey.com